• គណៈកម្មការរៀបចំព្រឹត្តិការណ៍ Tokyo Olympic អាចនឹងជ្រើសរើសប្រធានថ្មី នៅសប្តាហ៍នេះ

    (តូក្យូ)៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡា Tokyo Olympic អាចនឹងជ្រើសរើសប្រធានថ្មីរបស់ពួកគេនៅក្នុងសប្តាហ៍នេះ។ នេះបើតាមរបាយ ការណ៍មួយបានឲ្យដឹងនៅថ្ងៃចន្ទ បន្ទាប់ពីអតីតប្រធានចាស់ លោក Yoshiro Mori បានលាលែងពីតំណែង ដោយសារតែការថ្លែងសន្ទរកថាប្រើពាក្យអសុរស ដែលធ្វើឲ្យមានការតវ៉ាជាសកល នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

    ករណីនេះ គឺស្ថិតក្នុងភាព «បន្ទាន់» ក្នុងការជ្រើសរើសប្រធានថ្មី ខណៈនៅសល់ត្រឹមតែ៥ខែទៀតប៉ុណ្ណោះ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡានេះ ចំពេលដែលមានការរីករាលដាលនៃវីរ៉ុស COVID-19 មិនទាន់ធូរស្បើយ និងកំពុងបង្កើតគណៈកម្មាធិការជ្រើសរើសមួយដែលមានចំនួនបុរស និងស្ត្រីស្មើគ្នា នេះបើតាមសំដីលោក Toshiro Muto នាយកប្រតិបត្តិនៃក្រុមអ្នករៀបចំព្រឹត្តិការណ៍បានឲ្យដឹងកាលពីសប្តាហ៍មុន។

    គណៈកម្មាធិការជ្រើសរើសនឹងរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួន ដោយនឹងចាប់ផ្តើមនៅសប្តាហ៍នេះតែម្តង នេះបើតាមប្រភពមិនបញ្ចេញឈ្មោះមួយ។ សមាជិកគណៈកម្មាធិការនឹងបញ្ជូនឈ្មោះបេក្ខជន បន្ទាប់មកនឹងអាចជ្រើសរើសប្រធានថ្មី នៅក្នុងសប្តាហ៍នេះឲ្យបានកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន។

    គួររំលឹកថា ព្រឹត្តិការណ៍កីឡា Tokyo Olympic ដែលត្រូវបានផ្អាកកាលពីឆ្នាំមុន ដោយសារការរីករាលដាលនៃវីរ៉ុស COVID-19 នោះ គ្រោងនឹងរៀបចំឡើងវិញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ