• កំពង់ស្ពឺ​៖ កសិករ​ដាំ​ផ្លែស្វាយ​កែវ​រមៀត លើកឡើង​ពី​ការធ្លាក់​ថ្លៃ និង​ត្អូញត្អែរ​ពី​កង្វះ​ទីផ្សារ​លក់

    កំពង់ស្ពឺ​៖ ស្រុក​ភ្នំស្រួច នៃ​ខេត្តកំពង់ស្ពឺ ជា​ទឹកដី​ដែលមាន​ប្រជាកសិករ​ជាច្រើន និយម​ដាំ​ដំណាំ​ផ្លែ​ស្វាយកែវ​រមៀត ព្រោះ​ដី​មាន​ជីវជាតិ ធ្វើឱ្យ​ស្វាយបាន​ផល​ល្អ ផ្លែ​ធំ និង​មាន​រស់ជាតិ​ឆ្ងាញ់​។ ទីផ្សារ​ប្រទេស​កូរ៉េ និង​ចិន ទទួលស្គាល់ថា ផ្លែស្វាយ​ដែល​ដាំ​នៅ​តំបន់​នេះ ពិត​ជាមាន​រស់ជាតិ​ឆ្ងាញ់​។ នៅ​ឆ្នាំ​កន្លងទៅ ផ្លែស្វាយ​កែវ​រមៀត​នេះ បាន​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​កូរ៉េ និង​ចិន តាមរយៈ​ផ្លែស្វាយ​ដែលមាន​គុណភាព ស្តង់ដា និង ឆ្លងកាត់​ការត្រួតពិនិត្យ តាម​ភូតគាម​អនាម័យ មុន​និង​នាំចេញ​។

    ​ប៉ុន្តែ​ទន្ទឹម​និង​នេះ បច្ចុប្បន្ន ប្រជាកសិករ​ដែល​ដាំ​ស្វាយកែវ​រមៀត​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​នេះ បានលើកឡើង​ពី​ការធ្លាក់​ថ្លៃ និង​ត្អូញត្អែរថា ពួកគេ​កំពុង​ខ្វះ​ទីផ្សារ​លក់ ខណៈ​កំពុង​ដល់​រដូវ​ប្រមូល​ផល​ផង​។ កសិករ​ដាំ​ស្វាយកែវ​រមៀត ឈ្មោះ ស៊ីថា អាយុ ៥៨​ឆ្នាំ រស់នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំ​ពត់​ស្ពឺ បានឱ្យដឹងថា ឆ្នាំនេះ​ស្វាយកែវ​រមៀត​លក់ ១​គីឡូ​តម្លៃ​ត្រឹមតែ ៥០០​រៀល នេះ​សម្រាប់​ស្វាយ​លេខ​១ រីឯ​ស្វាយ​ក្រោយ​ជ្រើស​រួច​មាន​តំលៃ​ត្រឹមតែ​២០០ ទៅ ៣០០​រៀល​ប៉ុណ្ណោះ​។

    ​តំលៃ​នេះ​បានកើត​មាន​ពីរ​ឆ្នាំ​ជាប់​គ្នា​មកហើយ និង​បានធ្វើឱ្យ​កសិករ​ដាំ​ស្វាយ​ខ្លះ​ត្រូវ​ប្រឈម​និង​បំណុល​ធនាគារ​ដោះ​មិន​រួច​។​
    ​កសិករ​រូបនេះ បានស្នើ​សុំឱ្យ​ស្វាយកែវ​រមៀត មាន​តម្លៃនៅលើទីផ្សារ​ចាប់ពី ១.៥០០​រៀល ទៅ ២.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ នៅពេល​តម្លៃ​ធ្លាក់​ថ្លៃ​ខ្លាំងពេក មិនអាច​ទប់​ថ្លៃដើម ដែល​បាន​ទិញ​ថ្នាំ​មក​ប្រើ​បានឡើយ ហើយក៏​អត់​មាន​ថវិកា​សម្រាប់ធ្វើ​បន្ត​ទៅមុខទៀត​ដែរ​។ លោក បន្តថា កាលពី​ឆ្នាំមុនៗ ផល​ស្វាយកែវ​រមៀត​មានតម្លៃ​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ ៤០០០​រៀល ទៅ​៤៥០០​រៀល​ឯណោះ​។

    ​ជាមួយគ្នានេះ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ លោក ញ៉ឹល សំបូរ បានឱ្យដឹងថា ការលើកឡើង​របស់​ប្រជាពលរដ្ឋ​មិនមែនជា​ការពិត​នោះទេ តាមពិត​ឆ្នាំនេះ ស្វាយកែវ​រមៀត​មាន​ទីផ្សារ​ល្អ និង​មានតម្លៃ​ខ្ពស់ជាង​ឆ្នាំមុន លើកលែងតែ​ស្វាយ​ដែល​មិន​អនុលោម​ទៅតាម​ស្តង់ដារ​ទីផ្សារ​ទើប​ធ្វើឱ្យ​ស្វាយ​នោះ​មានតម្លៃ​ទាប​។​

    ​សូមជម្រាបថា បច្ចុប្បន្ន​ផល​ស្វាយ​ភាគច្រើន ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ដែល​តម្លៃ​គឺ​ស្រេច​តែ​លើ​មាត់​ឈ្មួញ​ថា​តែប៉ុណ្ណោះ​។ ប្រជាកសិករ លើកឡើងថា ការធ្លាក់​ថ្លៃ​បែបនេះ ធ្វើឱ្យ​កសិករ​ខាតបង់​ច្រើន ពិបាក​រក​ដើមទុន និង​សម្រាប់​បង្កើត​ស្វាយ​នៅ​ឆ្នាំក្រោយ​ទៀត​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ