• សម្ដេចតេជោ ទូរស័ព្ទអបអរសាទរលោក ង្វៀន ហ្វ៊ូចុង ដែលជាប់ឆ្នោតសារជាថ្មីជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម

    (ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទូរស័ព្ទទៅលោក ង្វៀន ហ្វ៊ូចុង ដោយបានសម្ដែងនូវអំណរសាទរ យ៉ាងកក់ក្តៅ ដែលលោកត្រូវបានបោះឆ្នោតជ្រើសតាំងសារជាថ្មី ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី១៣។

    នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

    នៅក្នុងជំនួបតាមទូរស័ព្ទនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើជូននូវអំណរសាទរចំពោះសមាជិកបក្សកុម្មុយនិស្តវៀតណាមទាំងអស់ ក្នុងឱកាសខួបលើកទី៩១ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម និងការរៀបចំមហាសន្និបាតបក្សលើកទី១៣ ប្រកបដោយជោគជ័យ។

    ប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា ក្រោមទស្សនវិស័យដ៏ត្រឹមត្រូវរបស់បក្ស កុម្មុយនិស្តវៀតណាម សម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយជោគជ័យ និងការរក្សាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព។ សម្តេចតេជោ បានកោតសរសើរវៀតណាម ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍
    នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១ ប្រកបដោយជោគជ័យ។

    សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ស្ថិតនៅក្រោមភាពជារដ្ឋបុរស និងការដឹកនាំដ៏ឈ្លាសវៃរបស់លោក ង្វៀន ហ្វ៊ូចុង បក្សកុម្មុយនិស្តវៀតណាមនឹងអនុវត្តនូវរាល់គោលមាគ៌ានយោបាយ និងសេចក្តីសម្រេច ដែលត្រូវបានអនុម័តនៅក្នុងមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ ដោយជោគជ័យ ដើម្បីប្រែក្លាយវៀតណាមទៅជាប្រជាជាតិដ៏ខ្លាំងមួយ ប្រកបដោយសមធម៌ ប្រជាធិបតេយ្យ និងអារ្យធម៌។

    លោក ង្វៀន ហ្វ៊ូចុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានទូរស័ព្ទមកអបអរសាទរ ក្នុងឱកាសខួបលើកទី៩១ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម និងការរៀបចំមហាសន្និបាតបក្សលើកទី១៣ ដែលបានបញ្ចប់ដោយជោគជ័យ ព្រមទាំងការបោះឆ្នោតជ្រើសតាំងលោកសាជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម អាណត្តិទី១៣។

    លោក ង្វៀន ហ្វ៊ូចុង ក៏បានថ្លែងនូវអំណរគុណជូនចំពោះគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ស្ថាប័ន និងអង្គភាពពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅដល់សមភាគីវៀតណាម ដែលនេះជាការឆ្លុះបញ្ចាំងនូវចំណងមិត្តភាពដ៏ស្និទ្ធស្នាលជាប្រពៃណី ភាពជាអ្នកជិតខាងល្អព្រមទាំងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព និងយូរអង្វែងរវាងកម្ពុជា និងវៀតណាម។

    អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានជម្រាបជូនប្រធានគណបក្សប្រជាជនកម្ពុជា អំពីលទ្ធផលប្រកបដោយជោគជ័យនៃមហាសន្និបាតបក្សលើកទី១៣ និងបានអះអាងសាជាថ្មីថា សមិទ្ធផលនេះជាត្រីវិស័យតម្រង់ទិសយ៉ាងច្បាស់សម្រាប់គោលដៅអភិវឌ្ឍរបស់បក្សកុម្មុយនិស្ត និងប្រជាជាតិវៀតណាមក្នុងទសវត្សរ៍ខាងមុខ។ អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ក៏បានកោតសរសើរកម្ពុជា ចំពោះសមិទ្ធផលដ៏ធំធេងដែលសម្រេចបាន នៅក្រោមរជ្ជកាលរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងនៅក្រោមការដឹកនាំប្រកបដោយទស្សនវិស័យ និងភាពរឹងមាំរបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

    លោក ង្វៀន ហ្វ៊ូចុង ក៏បានប្រសិទ្ធពរជូនប្រជាជនកម្ពុជាឲ្យជម្នះបាននូវរាល់បញ្ហាប្រឈមដែលបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ-១៩ និងសម្រេចបាននូវការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងភាពសម្បូររុងរឿងយូរអង្វែង ដែលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

    ប្រធានគណបក្សប្រជាជនកម្ពុជា និងអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង និងបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំង ចំពោះការរីកចម្រើនកាន់តែរឹងមាំនៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណបក្សកំពុងដឹកនាំក៏ដូចជារវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមកកាន់តែច្រើនថែមទៀតជូនប្រជាជនកម្ពុជា និងវៀតណាម។ ថ្នាក់ដឹកនាំទាំងពីរ បានរំលឹកឡើងវិញដោយការដឹងគុណដ៏ជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកនៅក្នុងអំឡុងពេលនៃការរំដោះជាតិ និងដំណើរការកសាងជាតិ។

    ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពូនជ្រំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ តាមរយៈការអនុវត្តរាល់កិច្ចព្រមព្រៀងទាំងអស់ឲ្យមានប្រសិទ្ធភាព និងឲ្យបានទាន់ពេលវេលា ក្នុងគោលបំណងលើកតម្កើងទំនាក់ទំនងទ្វេភាគីឲ្យបានខ្ពស់មួយកម្រិតទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងពិភពលោក។

    នៅចុងបញ្ចប់នៃកិច្ចសន្ទនាតាមទូរស័ព្ទ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោក ង្វៀន ហ្វ៊ូចុង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ទន្ទឹមនេះលោក ង្វៀន ហ្វ៊ូចុង ក៏បានអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម នៅពេលវេលាសមស្របផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ