ការថតរូបពីលើអាកាសជាទំនោរដ៏ពេញនិយមមួយរបស់ពិភពលោក ក្រោយជំនាន់សង្គ្រាមលោកលើកទី១។ តំបន់អាណានិគមឥណ្ឌូចិនបារាំង ក៏មិនខុសពីគេដែរ ដោយរដ្ឋការអាណានិគមប្រើប្រាស់បច្ចេកទេសនេះ ដើម្បីសម្រួលដល់ការគូរផែនទី ជំរឿនអចលនទ្រព្យ ក្នុងគោលបំណងរៀបចំប្រព័ន្ធបង់ពន្ធឲ្យបានសុក្រឹត។
ក្រៅពីនេះបច្ចេកទេសថតរូបពីលើអាកាស បានបន្សល់ទុកនូវរូបថតឯកសារដ៏មានតម្លៃមួយទៅអ្នកជំនាន់ក្រោយ។ ជាក់ស្ដែង កងទ័ពអាកាសបារាំងលោក Francois-Xavier Moussus បានផ្ដិតយកទិដ្ឋភាពរាជធានីភ្នំពេញ និងប្រាសាទអង្គរវត្ត ក៏ដូចជាទីក្រុងព្រៃនគរ (រដ្ឋធានីសៃហ្គន) កាលពីឆ្នាំ១៩៥៣ ប៉ុន្មានខែប៉ុណ្ណោះមុនពេលកម្ពុជាទទួលបានឯករាជ្យ៕