• ផ្សារបោះដុំបង្គារនៅក្នុងខេត្តសាមុតសាខន ដែលជាចំណុចផ្ទុះកូវីដ១៩ នឹងបើកដំណើរការឡើងវិញនៅចុងខែនេះ

    ថៃ៖ ផ្សារលក់បង្គារនៅក្នុងខេត្តសាមុតសាខនដែលជាកន្លែងផ្តើមផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃនោះ ត្រូវបានសារព័ត៌មាន The Thaiger រាយការណ៍ថា គ្រោងនឹងត្រូវគេបើកឲ្យដំណើរការជាធម្មតាឡើងវិញហើយនៅចុងខែមករានេះ។ បើតាមរដ្ឋបាលខេត្តសាមុតសាខនបានឲ្យដឹងថា មុនសម្រេចអនុញ្ញាតឲ្យបើកដំណើរការផ្សារឡើងវិញនេះក្រុមបុគ្គលិកសុខាភិបាលបានសម្អាតមេរោគទ្រង់ទ្រាយធំទាំងនៅក្នុងផ្សារនិងបរិវេណជុំវិញផ្សារជាច្រើនដងរួចហើយ ខណៈក្រុមអ្នកលក់ដូរនៅក្នុងផ្សារទាំងអស់សុទ្ធតែត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ និងត្រូវធ្វើតេស្តអវិជ្ជមានមេរោគជាច្រើនផងដែរ មុននឹងអនុញ្ញាតឲ្យពួកគេត្រលប់មកបើកអាជីវកម្មលក់ដូររបស់ពួកគេវិញ។

    ជាងនេះទៅទៀតសូម្បីតែពលរដ្ឋរស់នៅជុំវិញផ្សារមួយនេះប្រមាណជា ១ ២០០ នាក់ក៏សុទ្ធតែតម្រូវឲ្យទៅធ្វើតេស្តរកជំងឺកូវីដ ១៩ ផងដែរ ដើម្បីឲ្យប្រាកដថា ផ្សារមួយនេះមានសុវត្ថិភាពគ្រប់គ្រាន់ពីមេរោគជំងឺកូវីដ ១៩។ ការអនុញ្ញាតឲ្យបើកផ្សារឡើងវិញនេះនឹងជួយសង្គ្រោះសេដ្ឋកិច្ចខេត្តមួយនេះបានមួយផ្នែក ព្រោះតែវាមានផ្តល់ឱកាសការងារជាច្រើនកន្លែងទាំងសម្រាប់ពលរដ្ឋថៃ និងក្រុមពលករចំណាកស្រុកមកពីបណ្តាប្រទេសជាច្រើនផងដែរ។ សូមបញ្ជាក់ថា ផ្សារមួយនេះត្រូវបានបិទតាំងពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០ ម្លេះ ខណៈគិតមកទល់នឹងពេលនេះជំងឺកូវីដ ១៩ ដែលបានផ្ទុះចេញពីខេត្តសាមុតសាខនបានបន្តរាតត្បាតដល់ខេត្ត-ក្រុងចំនួន ៦៣ នៅទូទាំងប្រទេសថៃ និងបានចម្លងទៅកាន់មនុស្សជិត ៥ ពាន់ករណីផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ