• ក្រុមហ៊ុន Pfizer ចេញបកស្រាយជុំវិញករណីស្លាប់របស់ពលរដ្ឋន័រវេស បន្ទាប់ពីចាក់វ៉ាក់សាំងខ្លួន

    ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ​របស់អាមេរិក Pfizer បានឆ្លើយតបទៅនឹងករណីមានពលរដ្ឋន័រវេសបានស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំងរបស់ខ្លួនថា ករណីស្លាប់នោះមិនមែនជារឿងត្រូវប្រកាសអាសន្នពីប្រសិទ្ធភាពរបស់វ៉ាក់សាំងឡើយ ដោយសារតែពលរដ្ឋន័រវេសទាំងនោះមានសុខភាពទ្រុឌទ្រោមខ្លាំងនិងមានហានិភ័យសុខភាពខ្ពស់ស្រាប់ទៅហើយ។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុននេះរបាយការណ៍របស់អាជ្ញាធរសុខាភិបាលនៃប្រទេសន័រវេសបានបង្ហាញថា មានពលរដ្ឋខ្លួនរហូតដល់ទៅ ២៩ នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានចាក់វ៉ាក់សាំង Pfizer រួច ហើយក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងនោះមានជនរងគ្រោះចំនួន ១៣ នាក់ បានកើតមានអាការៈដូចជា ក្តៅខ្លួនខ្លាំង ក្អួតចង្អោរ មុននឹងស្លាប់ ដែលអាការៈទាំងនោះគឺជាភស្តុតាងបង្ហាញថា ពួកគេបានប្រតិកម្មទៅនឹងវ៉ាក់សាំង។

    យ៉ាងណាក្តី បើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត Jerome Kim ជាអគ្គនាយកវិទ្យាស្ថានវ៉ាក់សាំងអន្តរជាតិ ដែលត្រូវបានគេយកទៅចុះផ្សាយតាមបណ្តាញសារព័ត៌មានធំៗដូចជា South China Moring Post និង Yahoo News នោះបានឲ្យដឹងថា ពលរដ្ឋន័រវេសដែលបានស្លាប់ទាំងអស់នោះគឺសុទ្ធតែជាមនុស្សចាស់ជរា មានអាយុយ៉ាងតិច ៨០ ឆ្នាំ មានជំងឺរ៉ាំរ៉ៃប្រចាំកាយ និងជាក្រុមមនុស្សដែលត្រូវសម្រាកព្យាបាលជំងឺតែនៅលើគ្រែមិនអាចដើររួចនោះទេ ដូចនេះមានមានន័យថា សុខភាពរបស់ពួកគេចុះខ្សោយខ្លាំងនិងមានហាភិភ័យក្នុងការស្លាប់ខ្ពស់រួចទៅហើយ។

    លោកបានបន្តថា បើយោងតាមរបាយការណ៍ចុះផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្រ្តអង់គ្លេស (British Medical Journal) បានបង្ហាញថា ជាមធ្យមមានពលរដ្ឋន័រវែសចាស់ជរាប្រមាណជា ៤០០ នាក់បានស្លាប់រៀងរាល់សប្តាហ៍ តាំងពីមុនពេលប្រទេសន័រវេសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនម្លេះ។ ក្រោយកើតមានករណីស្លាប់ខាងលើនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសន័រវេសបានសម្រេចផ្លាស់ប្តូរការណែនាំក្នុងការចាក់វ៉ាក់សាំងផងដែរ ដោយន័រវេសនឹងមិនចាក់វ៉ាក់សាំងជូនពលរដ្ឋណាដែលមានជំងឺប្រចាំកាយនោះទេ តែសម្រាប់ពលរដ្ឋដែលមានសុខភាពល្អធម្មតានៅតែត្រូវបានចាក់វ៉ាក់សាំងជូនដដែល ហើយពួកគេគ្មានកើតមានបញ្ហាប្រតិកម្មអ្វីនោះទេ។

    យោងតាមហេតុផលខាងលើនេះហើយទើបក្រុមហ៊ុនផលិតឱសថ Pfizer ចេញមកបញ្ជាក់ថា ការស្លាប់របស់ពលរដ្ឋន័រវេសមិនមែនជារឿងត្រូវប្រកាសអាសន្នអំពីគុណភាពរបស់វ៉ាក់សាំងឡើយ ហើយអាជ្ញាធរសុខាភិបាលនៃប្រទេសនីមួយៗត្រូវតែចេះពិនិត្យសុខភាពលរដ្ឋខ្លួនឲ្យបានច្បាស់លាស់មុននឹងចាក់វ៉ាក់សាំងជូនពួកគេ ដើម្បីឲ្យប្រាកដថា ពួកគេមានសុខភាពល្អគ្រប់គ្រាន់សម្រាប់ទទួលយកគុណប្រយោជន៍ពីវ៉ាក់សាំង។

    ​សូមបញ្ជាក់ជូនថា គិតមកទល់នឹងនេះវ៉ាក់សាំង Pfizer ត្រូវបានប្រទេសជាច្រើនបញ្ជាទិញយកទៅចាក់ជូនពលរដ្ឋខ្លួនដូចជា សហរដ្ឋអាមេរិក​ បណ្តាប្រទេសធំៗនៅតំបន់អឺរ៉ុប ប្រទេសជប៉ុន ហើយប្រទេសន័រវេសដែលជាកន្លែងកំពុងមានរឿងចម្រូងចម្រាសអំពីវ៉ាក់សាំង Pfizer ផ្ទាល់ក៏កំពុងបន្តចាក់វ៉ាក់សាំងនេះជូនពលរដ្ឋខ្លួនជាធម្មតាផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ