• សម្ដេច​តេ​ជោ ហ៊ុន សែន អនុញ្ញាតឱ្យ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ចាត់ការលើជនខិលខូច រំលោភបំពាន ធ្វើ​ប្លង់​កម្មសិទ្ធិ​លើដី​ចម្ការ​ស្រល់​ក្នុង​ខេត្តមណ្ឌលគិរី​

    ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពី​មានការ ស្នើសុំ​របស់ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទៅឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា ឱ្យមាន​ការដកហូត​ម​ក​វិញ នូវ​ដីចម្ការ​ស្រល់ ក្នុងស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ឥឡូវនេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឯកភាព​រួចហើយ ។

    ​លិខិត​ស្នើសុំ​របស់ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ ហើយ​ជាមួយនឹង​ចំណារ​ឯកភាព​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែលទទួលបាន​នៅ​ព្រឹក ថ្ងៃទី​២០ ខែមករា ឆ្នាំ ២០២១ នេះ មាន​ខ្លឹមសារ​ថា ផ្ទៃដី​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ ក្រុមហ៊ុន វូ​ជី​សាន និង​ក្រុមហ៊ុន ហួរ លីង វិនិយោគ​ដាំ​ដើម​ស្រល់ ស្ថិតនៅក្នុង ស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នោះ ត្រូវបាន​រំលោភ​កាន់កាប់​ខុសច្បាប់​ជា​ហូរហែ​យ៉ាង​អនាធិបតេយ្យ​អស់​ជាច្រើន​ពាន់​ហិកតា ពី​សំណាក់​បុគ្គល​អាក្រក់ៗ ខិលខូច តាមរយៈ​ការរៀបចំ​ឈុត​ឆាក ធ្វើជា​ឲ្យ​ប្រជាពលរដ្ឋ (​កសិករ​) ទៅ​នៅ​ជុំគ្នា​យូរ​ឆ្នាំ ដោយ​គ្រាន់តែ​សង់ផ្ទះ​ហោះ រ​កឹ​ត​រកូត​តែប៉ុណ្ណោះ ហើយ​ស្នើសុំ​រាជរដ្ឋាភិបាល កាត់​ឆ្វៀល​ផ្ដ​លើ​ជូន​ពួកគេ​ស្របច្បាប់ និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ( ប្លង់រឹង ) ។​

    ​បុគ្គល​មាន​តួនាទី អំណាច មៅ​មូល​ដ្ឋា​ខ្លះទៀត រំលោភ​ទន្ទ្រាន​យក​កាន់កាប់​ពី​ជន​មួយក្រុម​តូច បំពាន​សិទ្ធិ​ស្របច្បាប់ ដោយ​គ្មាន​ខ្លាចរអែង​ច្បាប់ និង​ក្រុមហ៊ុន​វិនិយោគ ។ ដី​ដែល​គេ​រំលោភ​កាន់កាប់​នេះ ទីតាំង​ខ្លះ​មានការ​បញ្ជាក់ ទិញ​-​លក់​ដី ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន កន្លែង​ខ្លះទៀត មាន​ទាំង​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ទៀតផង​។ ជាមួយគ្នានេះ ផ្ទៃ​ដីព្រៃ​ធម្មជាតិ ដែល​បាន​រក្សាទុក ការពារ តាម​ជ្រលង ដងអូរ ក្នុង​តំបន់​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ ក៏ត្រូវ​ទទួលរង​ការកាប់​រាន ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​ផងដែរ ។

    ​លោក វ៉េង សាខុន បាន​រៀបរាប់​ជូន​សម្តេច​តេ​ជោ ទៀតថា ក្រៅពី​ព្រៃ​ស្រល់ និង​ព្រៃ​ធម្មជាតិ នៅក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងពីរ​ខាងលើ ( ក្រុមហ៊ុន វូ​ជី​សាន និង​ក្រុមហ៊ុន ហួរ លីង ) ក៏មាន​ការកាប់​រាន ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ វាត​យក​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​នូវ​ដីចម្ការ​ឈើ​ស្រល់​របស់​រដ្ឋ និង​ដីចម្ការ​ឈើ​ស្រល់ ដែល​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ដាំ​ក្នុង​ពិធី​រុក្ខទិវា​ជាតិ ឆ្នាំ​២០០៥ នោះ​ផងដែរ ។​

    ​ការស្នើសុំ​របស់ លោក វេ​ង សាខុន មាន ៤​ចំណុច រួមមាន​៖

    ១- រដ្ឋបាលខេត្ត​ត្រូវ​ចេញ​លិខិតនិរាករណ៍​ទៅលើ​លិខិត​ទាំងឡាយណា ដែល​ចេញ​ដោយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត ។

    ២- រដ្ឋបាលខេត្ត ត្រូវ​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពិនិត្យ​លើ​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ឯកសារ​ក្លែងក្លាយ ។

    ៣- រដ្ឋបាលខេត្ត​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​បើក​យុទ្ធនាការ​បោសសំអាត​ទ្រង់ទ្រាយ​ធំ លើ​ការរំលោភ​ទន្ទ្រាន ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​ខុសច្បាប់​តាម​គ្រប់​រូបភាព ដោយមាន​កិច្ចសហការ​គាំទ្រ​ចូលរួម​ពី​កម្លាំងចម្រុះ​ថ្នាក់ជាតិ​។​

    ៤- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ពិនិត្យ​លទ្ធភាព​អាច​ស្នើ​ធ្វើ​និយ័តកម្ម ឬ​ប្តឹងទៅ​តុលាការ​មោឃភាព ចំពោះ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ដែល​មិនបាន​បំពេញ​នីតិវិធី​ពេញលេញ​នៅ​ជា​ធរមាន ៕

           

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ