• តុលាការព្រហ្មទណ្ឌថៃដាក់ទោសស្ត្រីម្នាក់ឱ្យជាប់គុក ៨៧ឆ្នាំ ពីបទប្រមាថដល់ព្រះមហាក្សត្រថៃ

    តុលាការព្រហ្មទណ្ឌនៃប្រទេសថៃ បានផ្តន្ទាទោសស្ត្រីម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៨៧ឆ្នាំ ពីបទចែករំលែកឃ្លីបវីដេអូ ដែលត្រូវបានគេចាត់ទុកថាជាការប្រមាថដល់ព្រះមហាក្សត្រ ដែលនេះជាកំណត់ត្រាថ្មីមួយក្នុងច្បាប់ Lèse-majesté ។ យ៉ាងណាដោយសារតែស្ដ្រីរូបនោះបានសារភាពទោសក្នុងពេលជំនុំជម្រះក្ដី ដូច្នេះតុលាការបានកាត់បន្ថយទោសនៅត្រឹម ៤៣ឆ្នាំ និង ៦ ខែវិញ។ មុននេះគាត់ក៏បានជាប់ពន្ធនាគារ ៣ឆ្នាំ និង ៩ខែ ផងដែរ នៅមុនពេលដែលគាត់ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំក្នុងឆ្នាំ២០១៨ ។

    ច្បាប់ប្រមាថព្រះមហាក្សត្រ (Lèse-majesté) សម្រាប់អ្នកមានទោសធ្ងន់ធ្ងរបំផុតពីមុនគឺ ៧០ឆ្នាំ ដែលត្រូវបានតុលាការយោធាសម្រេចដាក់ទោសលើបុរសម្នាក់ ពីបទបង្ហោះសារ និងរូបភាពចំនួន ១០លើក កាលពីឆ្នាំ២០១៥ ។ បុរសល្មើសរូបនោះបានសារភាពទោស ដូច្នេះទោសរបស់គាត់ត្រូវបានសម្រាលពាក់កណ្ដាល។

    ប្រភពបាននិយាយថា ស្ត្រីរូបនោះត្រូវបានគេចាប់ខ្លួនកាលពីឆ្នាំ២០១៥ ដោយការបង្ហោះឃ្លីបរហូតដល់ទៅ ២៦ដង នៅក្នុង YouTube និង ៣ដង ក្នុងបណ្ដាញ Facebook អំឡុងឆ្នាំ២០១៤-១៥ ហើយគាត់ក៏ជាប់ទោសពីបទរំលោភបំពានលើប្រព័ន្ធកុំព្យូទ័រផងដែរ។ ឃ្លីបទាំងនោះគឺជាឃ្លីបសំឡេងរបស់លោក Banpodj ដែលជាបុគ្គលដែលរិះគន់ព្រះរាជវង្សថៃខ្លាំងបំផុត ហើយមានភាពសកម្មនៅក្នុង YouTube និងបណ្ដាញចែកចាយវីដេអូដទៃទៀត។ ក្រោយមកលោក Banpodj ផ្ទាល់ ក៏ត្រូវបានចាប់ខ្លួនៅឆ្នាំ២០១៤ អំឡុងពេលមានរដ្ឋប្រហារយោធាដូចគ្នា។

    ស្ត្រីរូបនោះត្រូវបានគេហៅឈ្មោះក្រៅថា Anchan គាត់មានអាយុ ៦០ឆ្នាំ ហើយកាលពីពេលកន្លងទៅ គាត់ក៏បានបដិសេធរាល់កំហុសដែលគាត់បានធ្វើទាំងអស់ ប៉ុន្តែបានសារភាពកំហុសវិញនៅពេលដែលបានផ្លាស់ប្ដូរចេញពីតុលាការយោធា តាមបង្គាប់របស់ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់។ រឿងក្ដីរបស់គាត់ត្រូវបានបើកកាយម្ដងទៀតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយគាត់ក៏បានប្តឹងឧទ្ធរណ៍ភ្លាមៗ ប៉ុន្តែយ៉ាងណាគាត់មិនអាចគេចផុតច្បាប់ Lèse-majesté ដែលជាច្បាប់តឹងរឹងបំផុតនៅក្នុងប្រទេសថៃនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ