• ប្រដាល់សកល ចាប់ផ្ដើមប្រកួតជើងឯកជាតិ ចម្រាញ់រកអ្នកខ្លាំងត្រៀមស៊ីហ្គេម នៅវៀតណាម

    (ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានចាប់ផ្ដើមដំណើរការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ហើយ បន្ទាប់ពីពន្យារពេលចំនួន ២លើកដោយសារបញ្ហាកូវីដ-១៩ ដើម្បីស្វែងរកអ្នកខ្លាំង ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមនាចុងឆ្នាំ២០២១ នេះ។

    លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កលកម្ពុជាបានឲ្យដឹងថា ការប្រកួតឆ្នាំនេះ នឹងធ្វើឡើងរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១៨-២១ ខែមករា នៅពហុកីឡដ្ឋានជាតិ ដោយមានកីឡាករ-កីឡាការិនី ៥៧នាក់មកពី ១០សមាគម/ក្លិបចូលរួមប្រកួតលើវិញ្ញាសាបុរស ៦ប្រភេទទម្ងន់ (៤៩, ៥២, ៥៤, ៥៦, ៦៩ និង ៧៥គីឡូក្រាម) និងនារី ១ប្រភេទទម្ងន់ គឺទម្ងន់ ៥៤គីឡូក្រាម។

    លោកបន្ដថា «ការប្រកួតនេះពិតជាសំខាន់សម្រាប់និតីវិធីក្នុងការរើសកីឡាករ-កីឡាការិនីជម្រើសជាតិ សម្រាប់ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម ដែលគ្រោងប្រកួតនាខែធ្នូ ឆ្នាំ២០២១ ពិសេសក៏ដើម្បីសម្រួចផែនការយុទ្ធសាស្ដ្រ ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាផងដែរ»។

    អគ្គលេខាធិការសហព័ន្ធខាងលើបន្ដថា បន្ទាប់ពីចម្រាញ់បានកីឡាករ-កីឡាការិនីឆ្នើមហើយនោះ សហព័ន្ធនឹងមានផែនការស្វែងរកគ្រូបង្វឹកបរទេសកម្រិតខ្ពស់មកបង្ហាត់ និងដុះខាត់សមត្ថភាពពួកគេឲ្យកាន់តែមុតស្រួច សម្រាប់ត្រៀមស៊ីហ្គេម ដោយប្ដូរយុទ្ធសាស្ដ្រពីការបញ្ជូនអត្តពលិកទៅហ្វឹកហាត់ក្រៅស្រុក មកពង្រឹងការហ្វឹកហាត់ក្នុងស្រុកវិញ ដោយសារតែបញ្ហាកូវីដ-១៩។

    សូមបញ្ជាក់ថា សម្រាប់សមាគម/ក្លិប ដែលបានបញ្ជូនកីឡាករ-កីឡាការិនី មកប្រកួតកីឡាប្រដាល់សកលជើងឯកថ្នាក់ជាតិឆ្នាំនេះ រួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តកំពត ខេត្តកណ្តាល ខេត្តរតនគីរី ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តមណ្ឌលគិរី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ