• ចំណេះដឹងទូទៅ៖ តើទីក្រុងណាដែលត្រជាក់ជាងគេបំផុតលើលោក?

    (ពិភពលោក)៖ រដូវត្រជាក់ត្រូវបានកំណត់ជាទូទៅថាមានរយៈពេល ៣ ខែ គឺនៅក្នុងខែធ្នូ ខែមករា និងខែកុម្ភៈ ប៉ុន្តែវាមិនមានគោលការណ៍ច្បាស់លាស់នោះទេ ដោយសារតំបន់ខ្លះមានរយៈពេលរដូវខុសៗគ្នា អាស្រ័យទៅតាមទីតាំងដែលវាស្ថិតនៅ។ យោងតាមអង្គភាព Guinness World Records បានបង្ហាញថា មានទីក្រុងចំនួន ៧ ដែលមានសីតុណ្ហភាពត្រជាក់ជាងគេបំផុតលើពិភពលោកយើងនេះ។

    តើអ្នកដឹងទេថាទីក្រុងមួយណាដែលត្រជាក់ជាងគេបំផុត?

    របាយការណ៍ដែលស្រាវជ្រាវជាច្រើននោះបញ្ជាក់ថា ទីក្រុងយ៉ាឃួត (Yakutsk) របស់សហព័ន្ធរុស្ស៉ី ជាទីក្រុងដែលត្រជាក់ជាងគេបំផុតក្នុងចំណោមទីក្រុងទាំង ៧ ដែលជាប់កំណត់ត្រាពិភពលោក។ ទីក្រុងដែលជារដ្ឋធានីរបស់សាធារណរដ្ឋសាខា (Sakha) ដែលជារដ្ឋមួយរបស់សហព័ន្ធរុស្ស៉ីនេះ មានទីតាំងស្ថិតនៅប្រមាណ ៤៥០ គីឡូម៉ែត្រពីភាគខាងត្បូងនៃតំបន់អាក់ទិក។

    ទីក្រុងយ៉ាឃួតមានសីតុណ្ហភាពជាមធ្យមនៅខែមករា -៤០ អង្សាសេ។ ចំណែកឯនៅរដូវក្តៅវិញ គឺខែកក្កដា ទីក្រុងមួយនេះមានសីតុណ្ហភាពជាមធ្យម ១៩.៥ អង្សាសេ។ ចំពោះសីតុណ្ហភាបទាបបំផុត ដែលគេធ្លាប់កត់ត្រានៅទីក្រុងនេះគឺ -៦៤.៤អង្សាសេ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៨៩១។

    ទីក្រុង ៦ ទៀតដែលមានសីតុណ្ហភាពត្រជាក់ខ្លាំងបំផុតតាមលំដាប់លំដោយ រួមមាន៖

    * ទីក្រុងអាស្ថាណា (Astana) ប្រទេសកាហ្សាក់ស្ថាន មានសីតុណ្ហភាពនៅខែមករា ជាមធ្យម -១៤.២ អង្សាសេ។ សីតុណ្ហភាពដែលត្រជាក់បំផុត ធ្លាប់ត្រូវបានគេកត់ត្រាគឺ -៥១.៥ អង្សាសេ។

    * ទីក្រុងអ៉ីនធើណេសស្សិនណល ហ្វល (International Falls) ក្នុងរដ្ឋមីនីសូតា (Minnesota) សហរដ្ឋអាមេរិក មានសីតុណ្ហភាពនៅខែមករា ជាមធ្យម -១៥ អង្សាសេ។ សីតុណ្ហភាពដែលត្រជាក់បំផុត ធ្លាប់ត្រូវបានគេកត់ត្រាគឺ -៥៥ អង្សាសេ។

    * ទីក្រុងយូឡាអាន់បាអាតារ (Ulaanbaatar) រដ្ឋធានីនៃប្រទេសម៉ុងហ្គោលី មានសីតុណ្ហភាពនៅខែមករា ជាមធ្យម -២៤.៦ អង្សាសេ។ សីតុណ្ហភាពដែលត្រជាក់បំផុត ធ្លាប់ត្រូវបានគេកត់ត្រាគឺ -៤២ អង្សាសេ។

    * ទីក្រុងបារ៉ូ (Barrow ) ក្នុងរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក មានសីតុណ្ហភាពនៅខែមករា ជាមធ្យម -២៥ អង្សាសេ។ សីតុណ្ហភាពដែលត្រជាក់បំផុត ធ្លាប់ត្រូវគេកត់ត្រាគឺ -៤៩ អង្សាសេ។

    * ទីក្រុងយ៉េឡូណៃត៍ (Yellowknife) ប្រទេសកាណាដា មានសីតុណ្ហភាពនៅខែមករា ជាមធ្យម -២៧.៩ អង្សាសេ។ សីតុណ្ហភាពដែលត្រជាក់បំផុត ធ្លាប់ត្រូវបានគេកត់ត្រាគឺ -៥១ អង្សាសេ។

    * ទីក្រុងណូរីល (Norilsk) របស់សហព័ន្ធរុស្ស៉ី មានសីតុណ្ហភាពនៅខែមករា ជាមធ្យម -៣០ អង្សាសេ។ សីតុណ្ហភាពដែលត្រជាក់បំផុត ធ្លាប់ត្រូវបានគេកត់ត្រាគឺ -៥៣ អង្សាសេ។

    សូមបញ្ជាក់ថា រដូវកាលរបស់ពិភពលោក ចែកចេញជា ៤ រួមមាន៖

    * សិសិររដូវ ឬរដូវត្រជាក់ (Winter) មានរយៈពេល ៣ ខែ ចាប់ពីខែធ្នូដល់ខែកុម្ភៈ។
    * រដូវផ្ការីក (Spring) មានរយៈពេល ៣ ខែ ចាប់ពីខែមីនាដល់ខែឧសភា
    * និទាឃរដូវ ឬរដូវក្តៅ (Summer) មានរយៈពេល ៣ ខែ ចាប់ពីខែមិថុនាដល់ខែសីហា
    * សរទរដូវ ឬរដូវស្លឹកឈើជ្រុះ (Autumn) មានរយៈពេល ៣ ខែ ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ