លោកប្រធានាធិបតីទី៤៥ អាមេរិក ដូណាល់ ត្រាំ ត្រូវបានសភាជាន់ទាបសហរដ្ឋអាមេរិកធ្វើការបោះឆ្នោតដកតំណែងរបស់លោកជាលើកទី២ កាលពីយប់ថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក)។
លើកទី២នេះ លោកត្រាំត្រូវបានដកសេចក្ដីទុកចិត្តជាមួយនឹងសំឡេងឆ្នោត ២៣២ ទល់នឹង ១៩៧ (១០សំឡេងមកពីគណបក្សលោកត្រាំបោះឆ្នោតគាំទ្រឲ្យដក) ក្រោមមូលហេតុញុះញង់ឲ្យមានការបះបោរ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ចូលលុកលុយវិមានសភាអាមេរិកកំឡុងការប្រកាសពីសមាជិកភាពព្រឹទ្ធសភាអាមេរិកនៃរដ្ឋចចចារ និងការប្រកាសទទួលស្គាល់ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
នីតិវិធីនេះនឹងត្រូវរៀបចំបញ្ជូនទៅកាន់ព្រឹទ្ធសភាអាមេរិក ដើម្បីធ្វើការបោះឆ្នោតមួយសារទៀត ប៉ុន្តែការប្រជុំលើរឿងនេះនឹងត្រូវធ្វើឡើងនៅពេលលោក ចូ បៃឌិន ឡើងកាន់តំណែងឯណោះ ដោយសារតែប្រធានព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋលោក Mitch McConnell មិនព្រមប្រជុំមុនពេលកំណត់ (ពេលនេះព្រឹទ្ធសភាកំពុងនៅវិស្សមកាល)។
ទោះបីជាត្រាំចប់អាណត្តិមែន ការដកតំណែងនៅក្នុងព្រឹទ្ធសភាអាមេរិកលើកនេះ អាចនឹងដាក់បម្រាមមិនឲ្យត្រាំឈរឈ្មោះនៅការិយាល័យសាធារណៈណាមួយ ហើយព្រមទាំងដកគោរមងារ ក៏ដូចជាការពារក្រោមច្បាប់សហរដ្ឋអាមេរិក នេះបើតាមរដ្ឋធម្មនុញ្ញអាមេរិកាំង។ មិនដែលមានប្រធានាធិបតីណាមួយជួបរឿងបែបនេះឡើយ ដោយធ្លាប់តែមានចៅក្រមសហព័ន្ធ ៣រូបប៉ុណ្ណោះ ធ្លាប់ទទួលបានបម្រាមដូចខាងលើ។
សូមជម្រាបផងដែរថា លោកត្រាំត្រូវបានសភាជាន់ទាបអាមេរិករៀបចំដកតំណែងម្ដងរួចហើយ កាលពីដើមឆ្នាំ២០២០ ក្រោមបទល្មើស “រំលោភអំណាច និងរារាំងដំណើរការយុត្តិធម៌” ដែលពាក់ព័ន្ធនឹងរឿងពឹងពាក់អ៊ុយក្រែន ឲ្យស៊ើបអង្កេតរឿងពុករលួយកូនប្រុសរបស់លោកចូ បៃឌិន (កូនលោកបៃឌិនមានក្រុមហ៊ុនថាមពលនៅអ៊ុយក្រែន)៕