• កម្ពុជានឹងក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ សម្រាប់ទីផ្សារពិភពលោក

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនូវ គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដោយមានការអញ្ញើញចូលរួម ពីតំណាងក្រសួងស្ថាប័នក្នុងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដែលធ្វើការពាក់ព័ន្ធនឹងវិស័យនេះនៅក្នុងប្រទេសកម្ពុជា។ គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ នេះ នឹងធ្វើឱ្យកម្ពុជាក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។

    ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា គោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ ត្រូវបានណែនាំឱ្យបង្កើតឡើងនៅក្នុងឯកសារគម្រោងកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញពីកម្ពុជាដំណាក់កាលទីពីរ ផ្នែកដំឡូងមី (CEDEP II) និងមានចែងនៅក្នុងផែនការសកម្មភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៤-២០១៨ ហើយគោលនយោបាយ ជាតិនេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាអន្តរក្រសួង និងជួយគាំទ្រពីដៃគូអភិវឌ្ឍន៍ ហើយបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

    ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា គោលនយោបាយជាតិនេះ មានគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ប្រកបដោយភាពជឿទុកចិត្តសម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក និងមានគោលដៅសំខាន់ចំនួន៣ គឺ (ទី១) ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម(ទី២) ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ(ទី៣) ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។

    ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជា់ថា តាមរយៈការវិភាគ ដំណាំដំឡូងមីត្រូវបានគេរកឃើញថាបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហេតុនេះដើម្បីទាញយកសក្តានុពលនេះ កម្ពុជាគួរតែធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃរបស់ខ្លួនដោយពង្រឹងសមត្ថភាព ដែលមានស្រាប់និងបង្កើតសមត្ថភាពថ្មីដើម្បីចាប់យកកាលានុវត្តភាពទីផ្សារ ដែលកំពុងរីកចម្រើនសម្រាប់កំណើនសេដ្ឋកិច្ចរួមនិងពង្រីកសេដ្ឋកិច្ចរបស់ខ្លួន ក្នុងការចូលរួមដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៣០ និង២០៥០ ជាក់ស្ដែងនៅក្នុងឆ្នាំនេះ ការប្រមូលផល និងការផ្គត់ផ្គង់មើមដំឡូងមីស្រស់ ចូលទីផ្សារពិភពលោក មានចំនួនរហូតទៅដល់១២លានតោន ដែលជាពិសេសគឺស្ថិតនៅក្នុងតំបន់អាស៊ីខាងកើត ដែលក្នុងចំណែកនៃការផ្គត់ផ្គង់ទីផ្សារទាំងនេះ កម្ពុជាជាប្រទេសផលិតដំឡូងមីដ៏ធំ ដែលស្ថិតនៅលំដាប់ទី៤ នៅក្នុងតំបន់អាស៊ី និងលំដាប់ទី១០នៅក្នុងពិភពលោក។

    ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា គោលនយោបាយជាតិនេះគឺជាការចាប់ផ្តើមនៃដំណើរថ្មីមួយសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម ដែលនឹងនាំមកនូវកំណើនសេដ្ឋកិច្ចបន្ថែមប្រកបដោយបរិយាបន្នដល់កម្ពុជាក្នុងបរិបទប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងគាំទ្រដល់ផែនការរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅពេលខាងមុខ។

    សូមជម្រាបជូនថាដំឡូូងមី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតាមទីជនបទ និងបង្កើតការងារថ្មី ក៏ដូចជាអភិវឌ្ឍន៍វិជ្ជាជីវៈនៅក្នុងការដាំដុះ ការប្រមូលផល ការកែច្នៃ សម្រាប់ការនាំចេញ ជាពិសេសវាជាដំណាំកសិ-ពាណិជ្ជកម្មសម្រាប់ការនាំចេញ និងមិនមែនជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាឡើយ ប៉ុន្តែវាជាដំណាំសំខាន់បំផុតបន្ទាប់ពីស្រូវ ពោត និងស្រូវសាលី ហើយត្រូវបានដាំដុះដោយប្រជាកសិករនៅតាមទីជនបទ និងបានក្លាយទៅជាដំណាំសក្តានុពល ដោយសារតំបន់ដាំដុះ និងបរិមាណនៃផលិតផល មានការពង្រីកច្រើនឡើងៗ យ៉ាងឆាប់រហ័ស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ