• ឥណ្ឌូណេស៊ីបន្តការស្វែងរកប្រអប់ខ្មៅទី២ នៃយន្តហោះ Boeing 737-500 ដែលបានធ្លាក់ចូលសមុទ្រជ្វា កាលពីចុងសប្តាហ៍មុន

    (ហ្សាការតា)៖ ក្រុមអ្នកមុជទឹកឥណ្ឌូណេស៉ីនៅថ្ងៃព្រហស្បតិ៍នេះ បានបន្តប្រតិបត្តិការឡើងវិញ ដើម្បីស្វែងរកប្រអប់ខ្មៅចុងក្រោយនៃយន្តហោះអាកាសចរណ៍ ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រជ្វា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។

    ការបន្តប្រតិបត្តិការឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារជាតិរុករក និងជួយសង្រ្គោះរបស់ឥណ្ឌូណេស៉ី កាលពីថ្ងៃពុធម្សិលមិញ បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវកិច្ចប្រឹងប្រែងស្វែងរកប្រអប់ខ្មៅទី ២ របស់យន្តហោះអាកាសចរណ៍ Sriwijaya ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនល្អ ហើយមានរលកធំៗពេកនៅលើផ្ទៃសមុទ្រ។

    យន្តហោះប្រភេទ Boeing 737-500 ខាងលើនេះ បានបាត់ដំណឹងកាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍មុន ក្រោយហោះហើរបានប៉ុន្មានទីប៉ុណ្ណោះចេញពីរដ្ឋធានីហ្សាការតា ជាមួយមនុស្ស ៦២នាក់ជិះនៅលើនោះ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រអប់ខ្មៅទី ១ ដែលផ្ទុកទិន្នន័យហោះហើរត្រូវរកឃើញ និងស្រង់យកបាន ខណៈប្រអប់ខ្មៅទី ២ ដែលផ្ទុកសំឡេងសន្ទនា កំពុងស្ថិតក្រោមការស្វែងរក។

    នាថ្ងៃព្រហស្បតិ៍នេះ ទីតាំងសម្រាប់ធ្វើប្រតិបត្តិការរុករកពីលើផ្ទៃអាកាស ក៏កំពុងត្រូវពង្រីកបន្ថែមឲ្យធំជាងមុនផងដែរ។ អាជ្ញាធរឥណ្ឌូណេស៉ី បានដាក់ពង្រាយក្រុមអ្នកមុជទឹកយ៉ាងហោច ២៦៨នាក់ រីឯភ្នាក់ងារជួយសង្រ្គោះបានកើនដល់ ៤,១០០នាក់ ដែលគាំទ្រដោយឧទ្ធម្ភាគចក្រចំនួន ១៣គ្រឿង, នាវា ៥៥គ្រឿង និងកាណូត ១៨គ្រឿង។

    គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ីបានបញ្ជូន ថង់ច្រកសាកសពសរុប ១៤១កញ្ចប់ ដែលផ្ទុកទៅដោយបំណែកសាកសពជនរងគ្រោះ ទៅកាន់អាជ្ញាធរជំនាញដើម្បីកំណត់អត្តសញ្ញាណ ហើយបំណែកយន្តហោះជាច្រើនទៀត ត្រូវបានរកឃើញ និងស្រង់ចេញពីទឹកសមុទ្រ។ ដោយឡែក កាលពីថ្ងៃពុធម្សិលមិញនេះ សហរដ្ឋអាមេរិកក៏បានប្រកាស ពីការបញ្ជូនក្រុមជំនាញរបស់ខ្លួន មកកាន់ឥណ្ឌូណេស៊ីផងដែរ ដើម្បីជួយកំណត់រកមូលហេតុធ្លាក់យន្តហោះ Boeing 737-500 ខាងលើនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ