• ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីអត្ថន័យ «លុយខ្មៅ» និង «លុយកខ្វក់»

  (ភ្នំពេញ)៖ នៅចុងឆ្នាំ២០២០ បន្ទាប់ពីអង្គការតម្លាភាពអន្តរជាតិផ្សាយរបាយការណ៍មួយ ដោយអះអាងថា សហរដ្ឋអាមេរិក គឺជាទីកន្លែងលាងលុយកខ្វក់ច្រើនជាងគេ ធ្វើឲ្យមានការលេចឡើងនូវពាក្យចំនួន ២ គឺ «លុយខ្មៅ» និង «លុយកខ្វក់» ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងភ្លូកទឹកភ្លូកដី។ តាមពិតទៅលុយទាំងពីរប្រភេទនេះ ជាប្រភេទលុយខុសច្បាប់ដូចគ្នា។ មានប្រជាពលរដ្ឋខ្លះយល់ច្រឡំថា លុយខ្មៅ និងលុយកខ្វក់ មានអត្ថន័យដូចគ្នា ប៉ុន្តែវាមិនពិតនោះទេ។ តើអត្ថន័យនៃពាក្យ «លុយខ្មៅ» និង «លុយកខ្វក់» នេះខុសគ្នាយ៉ាងដូចម្តេច?

  ចង់ជ្រាបច្បាស់ សូមអានអត្ថបទខាងក្រោមនេះ៖

  * លុយខ្មៅ (Black Money)
  នៅពេលដែលលុយមានប្រភពច្បាស់លាស់ អាចកំណត់បាន និងមានការបង់ពន្ធត្រឹមត្រូវ គេហៅថា លុយបរិសុទ្ធ (White Money) ដែលមានន័យថា លុយនោះត្រូវបានរាប់បញ្ចូលក្នុងប្រព័ន្ធសេដ្ឋកិច្ច។ កាលណាប្រទេសមួយពោរពេញដោយលុយបរិសុទ្ធ គេចាត់ទុកថាប្រទេសនោះមានប្រព័ន្ធសេដ្ឋកិច្ចបរិសុទ្ធ ដែលភាសាបច្ចេកទេសគេហៅថា Mainstream Economy ឬ White Economy។

  នៅពេលដែលលុយមិនមានប្រភពច្បាស់លាស់ មិនអាចកំណត់បាន និងមិនមានការបង់ពន្ធត្រឹមត្រូវ គេហៅថា លុយខ្មៅ (Black Money) ដែលមានន័យថា លុយនោះមិនត្រូវបានរាប់បញ្ចូលក្នុងប្រព័ន្ធសេដ្ឋកិច្ច។ កាលណាប្រទេសមួយមានលុយខ្មៅច្រើនពេក គេចាត់ទុកប្រទេសនោះថាមានប្រព័ន្ធសេដ្ឋកិច្ចខ្មៅ ដែលភាសាបច្ចេកទេសគេហៅថា Parallel Economy ឬ Black Economy ។

  ការពិតទៅលុយខ្មៅនេះ នៅប្រទេសណាក៏មានដែរ គ្រាន់តែវាមានតិច ឬច្រើនតែប៉ុណ្ណោះ។ ចំពោះបញ្ហាលុយខ្មៅនេះដែរ ត្រូវបានគេរាយការណ៍ថា មានច្រើនណាស់នៅក្នុងប្រទេសឥណ្ឌា។

  កាលណាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនមួយ ឬធ្វើការនៅក្នុងស្ថាប័នស្របច្បាប់ណាមួយ ប្រាក់ខែរបស់អ្នកនឹងត្រូវបង់ពន្ធជូនរដ្ឋ ឬមានការដឹងឮពីភ្នាក់ងាររដ្ឋ ដែលវាត្រូវតែរាប់បញ្ចូលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច។ ជាលទ្ធផល ប្រាក់ខែរបស់អ្នកមានប្រភពច្បាស់លាស់ និងស្របច្បាប់ គេចាត់ទុកថាជាលុយបរិសុទ្ធ។

  នៅពេលដែលអ្នកមិនដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូល មានន័យថា អ្នកកំពុងបង្កើនឲ្យមានសេដ្ឋកិច្ចខ្មៅកាន់តែច្រើន។ នៅពេលដែលអ្នកទិញ ឬលក់ទំនិញ/សេវាកម្ម ដោយគ្មានវិក្កយបត្រ មានន័យថា អ្នកកំពុងតែបង្កើនឲ្យមានសេដ្ឋកិច្ចខ្មៅ។

  សូមចាំថា ការទទួលបានលុយខ្មៅ មិនមែនកើតឡើងដោយសកម្មភាពខុសច្បាប់នោះទេ។ គ្រាន់តែថា ប្រភពដែលបានលុយទាំងនោះ មានការលាក់បាំងពីរដ្ឋាភិបាល។

  លុយខ្មៅ មានន័យសង្កត់ខ្លាំងថាជាលុយមិនមានប្រភពច្បាស់លាស់ មិនអាចកំណត់បាន និងមិនមានការបង់ពន្ធត្រឹមត្រូវ។ ដូច្នេះតើសកម្មភាពងាយៗណាខ្លះ ដែលគេចាត់ទុកថាបង្កើតជាលុយខ្មៅ? ឧទាហរណ៍ថា នៅពេលដែលអ្នកដាំបន្លែបង្ការ ដើម្បីទុកទទួលទានខ្លួនឯង ស្រាប់តែអ្នកជិតខាងឃើញ ហើយសុំទិញ អ្នកក៏លក់ឲ្យ តើសកម្មភាពនេះ បង្កើតជាលុយខ្មៅដែរឬទេ?

  ចម្លើយគឺសកម្មភាពនេះពិតជាបង្កើតលុយខ្មៅមែន ព្រោះអ្នកមិនបានយកចំណូលនោះទៅបង់ពន្ធជូនរដ្ឋនោះទេ ហើយការមិនបង់ពន្ធជូនរដ្ឋ ជាផ្នែកមួយនៃការបង្កើតឲ្យមានលុយខ្មៅ។ ហេតុនេះហើយបានជានៅក្នុងហាងទំនើបៗ ការទិញ/លក់ទំនិញ ឬសេវាកម្ម គេតែងតែចេញវិក្កយបត្រ ឬបង្កាន់ដៃ ដើម្បីរួមចំណែកកាត់បន្ថយលុយខ្មៅ។

  យោងតាមអត្ថន័យខាងលើ សូម្បីតែប្តីលាក់លុយមិនឲ្យប្រពន្ធដឹង ឬប្រពន្ធលាក់លុយមិនឲ្យប្តីដឹង ក៏គេហៅថាជាការបង្កើតលុយខ្មៅនៅក្នុងគ្រួសារដែរ (Black Money in the family)។

  សរុបមក លុយខ្មៅខុសពីលុយស្របច្បាប់ត្រង់ថាវាជាលុយដែលបានមកដោយមិនមានប្រភពត្រឹមត្រូវ ដែលមិនអនុញ្ញាតឲ្យមានការតាមដានបាននោះទេ និងរឹតតែមិនបានកាត់ពន្ធជូនរដ្ឋថែមទៀត ពោលវាជាប្រភេទលុយដែលមានការលាក់បាំងពីរដ្ឋ។

  * លុយកខ្វក់ (Dirty Money)
  លុយដែលរកបានតាមរយៈសកម្មភាពឧក្រិដ្ឋ ដូចជាការជួញដូរគ្រឿងញៀន ការរត់ពន្ធគយ ការជួញដូរមនុស្ស និងអំពើពុករលួយ ត្រូវបានគេចាត់ទុកថាជាលុយកខ្វក់។ លុយកខ្វក់មានកម្រិតអាក្រក់ខ្លាំងជាងលុយខ្មៅ។

  តើសូម្បីតែអំពើពុករលួយ ត្រូវបានគេកំណត់ថាជាលុយកខ្វក់មែនទេ? លុយកខ្វក់ធ្វើឲ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ច និងសុខុមាលភាពប្រជាជន ដោយមិនអាចស្មានបាន ប្រសិនបើមិនមានការត្រួតពិនិត្យ។

  នៅពេលដែលយើងលាក់បាំងប្រាក់ចំណូលពីរដ្ឋ វាជារឿងមិនល្អទេ ហើយគេហៅថា លុយខ្មៅ។ ហើយបើសិនជាយើងក្លាយជាផ្នែកមួយនៃសកម្មភាពឧក្រិដ្ឋមួយចំនួន ដើម្បីរកប្រាក់ចំណូល វានឹងក្លាយជាលុយកខ្វក់។ ដូច្នេះមានន័យថា ថ្វីដ្បិតតែលុយខ្មៅមានអត្ថន័យខុសច្បាប់ស្រាលជាងលុយកខ្វក់ ក៏លុយខ្មៅ ស្ថិតនៅក្នុងផ្នែកនៃលុយកខ្វក់ដែរ។ សរុបមក គេអាចនិយាយបានថា លុយខ្មៅ និងលុយឧក្រិដ្ឋកម្ម គឺជាលុយកខ្វក់។

  ដើម្បីចាយលុយកខ្វក់បាន ពួកឧក្រិដ្ឋជនយកលុយនោះ ទៅបម្លែងឱ្យស្របច្បាប់សិន ដែលសកម្មភាពនេះគេហៅថា ការលាងលុយកខ្វក់ (Money Laundering)៕

  ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

  ព័ត៌មានទាក់ទង៖

 • ព័ត៌មានថ្មីៗ