• ដូណាល់ ត្រាំ ចុះហត្ថលេខាហាមឃាត់ App របស់ក្រុមហ៊ុនចិនធំៗចំនួន ៨ រួមមាន Alipay

    (អាមេរិក)៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយទៀត ដោយហាមធ្វើប្រតិបត្តិការ ជាមួយក្រុមហ៊ុនចិនធំៗចំនួន ៨ ក្នុងនោះមានក្រុមហ៊ុន Ant Group របស់លោក Jack Ma ផងដែរ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។

    សេតវិមានបាននិយាយថា លោក ដូណាល់ ត្រាំ ចេញបទបញ្ជាពិសេសថ្មីមួយ ដោយក្នុងនោះហាមការធ្វើប្រតិបត្តិការ ឬរកស៊ី ជាមួយ ក្រុមហ៊ុនចិនចំនួន ៨ ដែលកំពុងតែដំណើរការ App នៅលើទឹកដីសហរដ្ឋអាមេរិក រួមមាន Alipay ផងដែរ ដែលការចេញបទបញ្ជាថ្មី នេះ ត្រូវបានធ្វើឡើង នៅពេលលោកចាកចេញពីតំណែង ហើយក៏ប្រហែលជាការដាក់សម្ពាធចុងក្រោយទៅលើ ក្រុមហ៊ុនចិន និងរដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។

    តាមការចេញផ្សាយរបស់ Reuters បានឱ្យដឹងថា App របស់ចិន ដែលោកដូណាល់ ត្រាំ ធ្វើការហាមឃាត់នោះរួមមាន QQ, QQ Wallet , WeChat Pay, CamScanner, SHAREit, VMate , WPS Office និង Alipay។ នៅក្នុងបទបញ្ជា លោកត្រាំ បានបញ្ជាក់ថា App ទាំងនេះអាចបង្កជាហានិភ័យដល់សន្តិសុខជាតិ ជាពិសេសវាត្រូវបានគ្រប់គ្រង់ ឬកាន់កាប់ដោយរដ្ឋាភិបាលចិន ដូច្នេះអាមេរិក ត្រូវតែ មាន វិធានការទប់ស្កាត់ ខណៈដែល App ទាំងនេះកំពុងតែពេញនិយមនៅក្នុងសហរដ្ឋអាមេរិក។

    លោកដូណាល់ ត្រាំ បានទុកពេល ៤៥ថ្ងៃ ឱ្យក្រសួងពាណិជ្ជកម្មធ្វើការដកចេញ App ទាំងនេះចេញពីទឹកដីសហរដ្ឋអាមេរិក ខណៈដែល លោកនឹងត្រូវចាកចេញនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។

    គួរបញ្ជាក់ផងដែរថា លោកត្រាំ បានហាមការធ្វើប្រតិបត្តិការជាមួយនឹងកម្មវិធី WeChat និងបានស្នើឱ្យតុលាការដកកម្មវិធី TikTok ចេញ ពី App Store និង Play Store នៅសហរដ្ឋអាមេរិក ប៉ុន្តែមកដល់ពេលនេះ TikTok នៅតែអាចដំណើរការបាន ខណៈដែល តុលាការ បាន លើកពេលក្នុងការកាត់ក្ដីហាមឃាត់កម្មវិធី TikTok រហូត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ