• លោក ដូណាល់ ត្រាំ បង្ខំឱ្យមន្ត្រីក្នុងរដ្ឋ Georgia បន្ថែមសន្លឹកឆ្នោតឱ្យលោក ដើម្បីកែប្រែលទ្ធផលបោះឆ្នោត

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់សម្ពាធបង្ខំឱ្យមន្ត្រីកំពូលម្នាក់ ក្នុងរដ្ឋ Georgia កែប្រែលទ្ធផលបោះឆ្នោត តាមរយៈការលួចបន្ថែមសន្លឹកឆ្នោត ដើម្បីឱ្យលោកឈ្នះលោក ចូ បៃដិន នៅក្នុងរដ្ឋភាគខាងត្បូងមួយនេះ ដែលមានចំនួនអង្គបោះឆ្នោត ១៦រូប។ នេះបើតាមខ្សែអាត់សំឡេងមួយ ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។

    ខ្សែអាត់សំឡេងនៃកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ រវាងលោក ដូណាល់ ត្រាំ និងលេខាធិការនៃរដ្ឋ Georgia លោក Brad Raffensperger ត្រូវបានចេញ ផ្សាយមុនគេដោយកាសែតអាមេរិក Washington Post កាលពីថ្ងៃអាទិត្យម្សិលមិញ (ពេលវេលានៅអាមេរិក)។ លោក ត្រាំ នៅក្នុងខ្សែអាត់សំឡេងនេះ បានដាក់សម្ពាធម្ដងហើយ ម្ដងទៀត ឱ្យលោក Raffensperger ប្រកាសជាថ្មីថារូបលោក គឺជាអ្នកឈ្នះដោយទទួលបានសន្លឹកឆ្នោតច្រើនជាងលោក បៃដិន នៅក្នុងរដ្ឋ Georgia។ លោក ត្រាំ បានលើកឡើង ដូច្នេះថា៖ «អ្វីដែលខ្ញុំចង់បាន នោះគឺរកសន្លឹកឆ្នោតឱ្យបាន ១១,៧៨០សំឡេង ពោលគឺច្រើនជាងសំឡេងឆ្នោតដែលយើងកំពុងមាន។ អ្នកដឹងហើយថា វាមិនខុសអ្វីនោះទេ ដោយ គ្រាន់តែនិយាយថា អ្នកបានរាប់សន្លឹកឆ្នោតឡើងវិញ»។

    តែទោះបែបនេះក្ដី លោក Raffensperger បានប្រឆាំងនឹងបំណងរបស់លោក ត្រាំ បើទោះជាប្រធានាធិបតីអាមេរិករូបនេះ ព្រមានថាលោកអាចនឹងប្រឈមមុខនឹងការចោទប្រកាន់ ពីបទល្មើស បើសិនជាហ៊ានបដិសេធ ក៏ដោយ។

    គួរបញ្ជាក់ថា រដ្ឋ Georgia បានដឹកនាំការរាប់សន្លឹកឆ្នោតឡើងវិញបីលើករួចមកហើយ ដោយលទ្ធផលចុងក្រោយបានបង្ហាញថាលោក បៃដិន គឺជាអ្នកឈ្នះដោយទទួលបានសំឡេង ឆ្នោត ១១,៧៧៩ ច្រើនជាងលោក ត្រាំ ក្នុងចំណោមសំឡេងឆ្នោតសរុបជិត ៥លានសំឡេង នៅក្នុងរដ្ឋមួយនេះ។ នៅក្នុងខ្សែអាត់សំឡេងខាងលើ លោក ត្រាំ បានដាក់សម្ពាធ បង្ខំឱ្យលោក Raffensperger កែប្រែលទ្ធផលបោះឆ្នោតតាមរយៈការបន្ថែមសន្លឹកឆ្នោត ១១,៧៨០សំឡេង ដើម្បីឱ្យលោកទទួលបានសំឡេងឆ្នោតសរុប ២,៤៧៣,៦៣៤ ពោលគឺ តែមួយសំឡេងប៉ុណ្ណោះ ច្រើនជាងលោក បៃដិន ដែលទទួលបាន ២,៤៧៣,៦៣៣ សំឡេង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ