• សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យបើកក្លិបហាត់ប្រាណ លេងកីឡា តែត្រូវអនុវត្តជាជំហានៗ ក្នុងការធានាសុវត្ថិភាព

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឯកភាព និងអនុញ្ញាតឲ្យបើកអាជីវកម្មក្លិបហាត់ប្រាណ និងការលេងកីឡាដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិឡើងវិញហើយ តែត្រូវអនុវត្តជាជំហានៗ ក្នុងការធានាសុវត្ថិភាព និងការពារជំងឺកូវីដ-១៩។

    ការឯកភាពរបស់ប្រមុខរាជរដ្ឋាភិបាលខាងលើ គឺឆ្លើយតបទៅនឹងសំណើរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានស្នើសុំគោលការណ៍អនុញ្ញាតពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដើម្បីបើកដំណើរការឡើងវិញ នូវអាជីវកម្មក្លិបហាត់ប្រាណ និងការលេងកីឡាដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិជាជំហានៗឡើងវិញ បន្ទាប់ពីសម្ដេចបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា កាលពីថ្ងៃទី២៩ ខែធ្នូកន្លងទៅ។

    ក្រសួងអប់រំ បានបញ្ជាក់ថា ការស្នើសុំនេះ គឺដើម្បីលើកកម្ពស់សុខភាព និងការហាត់ហ្វឹកហ្វឺនពង្រឹងបច្ចេកទេស និងគុណផលរបស់កីឡាករ-កីឡាការិនី សម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ប៉ុន្ដែក្នុងការបើកដំណើរការឡើងវិញនេះ ក្រសួងនឹងបន្ដណែនាំ និងគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់បំផុត ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩។

    គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២០ សកម្មភាពកីឡាទាំងអស់ ត្រូវបានផ្អាកចំនួន ៣លើក ដោយសារបញ្ហាកូវីដ-១៩ ក្នុងនោះលើកទី១ មានការផ្អាករយៈពេលយូរ ក្រោយផ្ទុះជំងឺដ៏កាចសាហាវនេះដំបូង ចាប់ពីចុងខែមីនា រហូតដល់ដើមខែកក្កដា។ ចំណែកលើកទី២ និងលើកទី៣ គឺបានផ្អាក ក្រោយផ្ទុះនូវព្រឹត្តិការណ៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ តែយ៉ាងណាក្ដី រាជរដ្ឋាភិបាល បានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង និងបិទបញ្ចប់ដោយជោគជ័យ ដើម្បីអាចបើកនូវសកម្មភាពកីឡាជាជំហានៗឡើងវិញពេលនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ