• គ្រោះរញ្ជួយដី ៦.៣រ៉ិចទ័រវាយប្រហារក្រូអាត បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ និង២៦នាក់រងរបួស

    (ក្រូអាត)៖ មនុស្សយ៉ាងហោចណាស់ ០៧នាក់បានស្លាប់ និងអគារជាច្រើនត្រូវបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នៅភាគនិរតីរដ្ឋធានីនៃប្រទេសក្រូអាត ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៣រ៉ិចទ័រ បានវាយប្រហារប្រទេសអឺរ៉ុបមួយនេះ កាលពីថ្ងៃអង្គារ ខណៈក្រុមសង្គ្រោះបន្ទាន់កំពុងបន្ត ស្វែងរកអ្នកបាត់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។

    មជ្ឈមណ្ឌលសិក្សាគ្រោះរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានឲ្យដឹងថា រញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័របានវាយប្រហារ លើតំបន់ភាគអាគ្នេយ៍ប្រទេសក្រូអាត ដែលមានចម្ងាយប្រមាណជា ៤៥គីឡូម៉ែត្រពីរដ្ឋធានី ហ្សាកាប (Zagarb) កាលពីវេលាម៉ោង ១២៖២០នាទីថ្ងៃត្រង់ (ម៉ោងនៅក្នុងស្រុក)។ ទីក្រុងផេទ្រីនចា (Petrinja) គឺជាតំបន់ដែលរងការបំផ្លាញខ្លាំងជាងគេ ក្រោយទើបរងការវាយប្រហារ ដោយគ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ នៅរយៈពេលមួយថ្ងៃ មុនការវាយប្រហារនេះទៀត។

    ក្រុមមន្រ្តីបានបញ្ជាក់ថា ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់បានស្លាប់នៅទីក្រុង Petrinja ដែលមានប្រជាជនរស់នៅប្រហែលជា ២៥,០០០នាក់។ ទូរទស្សន៍រដ្ឋក្រូអាត HRT បានរាយការណ៍ថា មនុស្ស ០៦នាក់ផ្សេងទៀត បានស្លាប់នៅក្នុងតំបន់ក្បែរនោះ។ បន្ថែមពីនេះ មនុស្សរងរបួសយ៉ាងហោចណាស់ ២៦នាក់ ក្នុងនោះ ០៦នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

    គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះក្រូអាត ក៏បានរកឃើញស្ត្រីម្នាក់ បន្ទាប់ពីជាប់នៅក្នុងគំនរផ្ទះបាក់បែក អស់ប្រហែលជា ៤ម៉ោងផងដែរ។ ប្រតិបត្តិការស្វែងរក អ្នកនៅរស់រានមានជីវិតផ្សេងៗទៀតកំពុងបន្ត ខណៈសមាជិកគ្រួសារមួយចំនួន មើលទៅហាក់ដូចជាអស់សង្ឃឹមទៅហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ