• សហរដ្ឋអាមេរិក៖ មនុស្សជាង ២៣ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣,២៧៧នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃ!

    (វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៣០,៩៨២នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ៣,២៧៧នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។

    ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៧,៦២៦,៧៧០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣១៧,៩២៨នាក់ និងជាសះស្បើយឡើងសរុបចំនួន ១០,២៩១,០៥៧នាក់។ ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកល (COVID-19) នឹងបន្តកើនឡើងខ្លាំងបន្ថែមទៀត។

    គួរបញ្ជាក់ថា រដ្ឋបាលឱសថ និងចំណីអាហារនៃសហរដ្ឋអាមេរិក (FDA) បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech នៅក្នុងករណីបន្ទាន់ នៅទូទាំងសហរដ្ឋអាមេរិក ហើយការចាក់វ៉ាក់សាំង ក៏កំពុងប្រព្រឹត្តទៅផងដែរ ដោយផ្តល់អាទិភាពដល់ បុគ្គលិកសុខាភិបាលជួរមុខ។ ចំណែកឯវ៉ាក់សាំងទី ២ របស់ក្រុមហ៊ុនអាមេរិក Moderna ក៏ត្រូវបានគេរំពឹងខ្ពស់ថា នឹងត្រូវរដ្ឋបាល FDA អនុម័តឲ្យប្រើប្រាស់នៅក្នុងករណីបន្ទាន់ នៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ