• ប្លែកៗ! គ្រួសារចិនមួយ លួចគាស់យកសពកូនស្រីចេញពីផ្នូរយកទៅធ្វើជាកូនក្រមុំខ្មោច លក់ក្នុងតម្លៃជាង១ម៉ឺនដុល្លារ

    ចិន៖ សាកសពរបស់ស្រ្តីម្នាក់ត្រូវបានក្រុមគ្រួសាររបស់នាងលួចគាស់យកចេញពីកន្លែងបញ្ចុះសពដើម្បីយកទៅលក់ឲ្យគេសម្រាប់រៀបចំពិធីរៀបការខ្មោច។ ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងនៅក្នុងភូមិ Huanghua ក្រុង Cangzhou ខេត្ត Hebei ប្រទេសចិន ជាទីកន្លែងដែលមានប្រពៃណីរៀបការឲ្យសាកសពរាប់ពាន់ឆ្នាំមកហើយ តែកន្លងមកគេមិនសូវបានដឹងរឿងរ៉ាវចម្លែកនេះទេព្រោះតែពិធីរៀបការខ្មោចភាគច្រើនត្រូវបានរៀបចំឡើងស្ងាត់ៗនៅតែក្នុងរង្វង់គ្រួសារប៉ុណ្ណោះ។ ពិធីរៀបការឲ្យខ្នោចត្រូវបានរៀបចំឡើងដោយប្រជាពលរដ្ឋមានជំនឿថា ដើម្បីឲ្យព្រលឹងខ្មោចមានគ្នានៅជាមួយនិងមិនក្លាយជាខ្មោចឯកាតែម្នាក់ឯង។

    យ៉ាងណាក្តី ករណីខាងលើនេះបានក្លាយជារឿងចម្រូងសម្រាសមួយដែលមានការប្ដឹងផ្តល់ដល់ប៉ូលិសនិងមានការចុះផ្សាយពេញបណ្តាញសារព័ត៌មានទៀតផង ព្រោះតែវាការករណីលួចសាកសពយកទៅយកលក់មិនមែនជាសកម្មភាពរៀបការឲ្យខ្មោចតាមប្រពៃណីដោយមានការយល់ព្រមគ្នានោះទេ។ សាកសពរបស់ស្រ្តីដែលគេបានលួចគាស់ទៅយកនោះគឺជាស្រ្តីមានឈ្មោះថា Kang Cuicui បានស្លាប់កាលពី ១២ ឆ្នាំមុន ដោយការធ្វើអត្តឃាតបន្ទាប់ពីនាងខឹងនឹងប្តីរបស់នាងខ្លាំងពេកខណៈពេលស្លាប់នោះនាងមិនទាន់មានកូននោះទេ ហើយសាកសពមនុស្សស្រីប្រភេទនេះមានទីផ្សារខ្ពស់ណាស់សម្រាប់ប្រើប្រាស់ក្នុងពិធីរៀបការខ្មោច។ កាលពី ១២ ឆ្នាំមុននោះ ពិធីបុណ្យសពរបស់នាង Kang Cuicui គឺជាការទទួលខុសត្រូវទាំងស្រុងរបស់លោក Li Zhong ដែលជាប្តីនាងហើយពេលនោះគាត់បានចំណាយប្រាក់ប្រមាណជា ១០០ ០០០ យន់ (ជិត ១៣ ០០០ ដុល្លារអាមេរិក) ដូចនេះក្នុងភាពត្រឹមត្រូវគឺលោក Li Zhong ជាម្ចាស់កម្មសិទ្ធសាកសពមួយនេះ។

    បើទោះជាយ៉ាងក្តី ស្រាប់តែខាងឪពុកម្តាយបង្កើតរបស់សាកសពបានទៅគាស់យកសាកសពនាងទៅលក់ឲ្យក្នុងតម្លៃ ៨០ ០០០ យន់ (១២ ២៣៦ ដុល្លារអាមេរិក) ដោយពុំបានប្រាប់លោក Li Zhong នោះទេ ទើបអតីតប្តីសាកសពរូបនេះសម្រេចប្តឹងប៉ូលិសរហូតធ្វើឲ្យរឿងនេះផ្ទុះកាន់តែធំឡើងតែម្តង។ ខាងគ្រួសារសាកសពគិតថា ចង់ឲ្យព្រលឹងកូនខ្លួនបានជួបជាមួយមនុស្សល្អមិនអភ័ព្វដូចកាលនៅរស់ទៀតទើបមិនប្រាប់ខាងកូនប្រសារប្រុសឲ្យដឹង ខណៈខាងកូនប្រសារប្រុសគិតថា គាត់ជាម្ចាស់កម្មសិទ្ធសាកសពមួយនេះហើយគ្មានអ្នកណាម្នាក់ត្រូវមកយកសាកសពនេះចេញពីផ្នូរក្រៅពីគាត់ឡើយ។ រហូតមកទល់នឹងពេលនេះខាងប៉ូលិសបានត្រឹមតែសម្រុះសម្រួលឲ្យភាគីទាំងសងខាងយោគយល់អាធ្រាស្រ័យគ្នា​ ព្រោះករណីនេះប៉ូលិសមិនអាចដោះស្រាយតាមផ្លូវច្បាប់បាននោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ