• សម្តេចតេជោ ត្រៀមទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូសដំបូង សម្រាប់មនុស្ស ៥០ម៉ឺននាក់​​ ដែលធ្វើការនៅកន្លែងមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើទំព័រ Facebook ផ្លូវការថា សម្តេចបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូង ដែលបញ្ជាទិញចំនួន១លានដូស ដែលអាចចាក់អោយមនុស្ស ៥0ម៉ឺននាក់។ សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា វ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូសដំបូង សម្រាប់មនុស្ស ៥០ម៉ឺននាក់ ដែលសម្តេចតេជោត្រៀមទិញ គឺសម្រាប់ចាក់ជូន “អ្នកធ្វើការនៅកន្លែងមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ”។

    សម្តេចបានបញ្ជាក់ដែរថា៖ “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។ ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?។

    ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមាន ហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។ ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។ យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕”

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ