• សម្តេចតេជោ បញ្ជាក់ប្រាប់ថា «គ្មានការដាក់ប្រទេសក្នុងគ្រាអាសន្ន ឬបិទប្រទេស បិទរាជធានីនោះឡើយ»

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា មិនមានការទូលថ្វាយព្រះមហាក្សត្រសូមព្រះរាជានុញ្ញាតដាក់ប្រទេសក្នុងគ្រាមានអាសន្ន ហើយមិនមានការចេញបញ្ជាឱ្យបិទរាជធានីភ្នំពេញនោះឡើយ។

    ការចេញមកបញ្ជាក់ទាំងយប់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានការចែកចាយពាក្យចចាមអារ៉ាមថា មានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន និងការបិទរាជធានីភ្នំពេញជាដើម។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែធ្នូ យ៉ាងដូច្នេះថា «ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថា នឹងមានការបិទប្រទេសឬបិទរាជធានីភ្នំពេញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថា នឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជាឱ្យបិទរាជធានីភ្នំពេញ ដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ»។

    សម្តេចតេជោ ក៏បានអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

    សូមបញ្ជាក់ថា​ ពាក្យចចាមអារ៉ាមទាំងនេះ កើតមានឡើងបន្ទាប់ពីសម្តេចតេជោ ក្នុងសារសំឡេងនៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០ បានបង្ហាញពីការត្រៀមបម្រុងទុកនូវលិខិតនានា ដើម្បីសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ តែក្នុងសារសំឡេងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់រួចហើយថា សម្តេចមិនចង់ឈានទៅចំណុចនេះឡើយ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន ហើយសម្តេចស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ