ខេត្តព្រះសីហនុ ៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអំពើចោរកម្ម (លួចកាច់បំបែកសោកម៉ូតូ) នៅចំណុចផ្លូវបេតុងចូលទៅភូមិថ្មី ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៣និង០០នាទី ទៀបភ្លឺ។
បន្ទាប់ពីទទួលដំណឹងភ្លាម កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍ ឃើញជនសង្ស័យ០១នាក់ កំពុងលើកម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ដាក់ចូលក្នុងរថយន្តបំរ៉ុងបើកចេញ គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចយើងភ្លាម ជនសង្ស័យបានរត់ថ្មើរជើងចូលទៅក្នុងព្រៃគេចខ្លួនបាត់ ដោយបន្សល់ទុក រថយន្ត ០១គ្រឿង ម៉ាកLEXUS RX300 ពណ៌ប្រផេះ ពាក់ផ្លាកលេខៈ ភ្នំពេញ 2AS-2624 ដែលជនសង្ស័យជិះធ្វើសកម្មភាព និងមានម៉ូតូ០១គ្រឿងដែលជនសង្ស័យលួចបាន ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខៈ ព្រះសីហនុ 1T-5150 នៅក្នុងរថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាព ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យនៅក្នុងរថយន្ត រកឃើញកាបូបលុយរបស់ជនសង្ស័យ ហើយនៅក្នុងកាបូបនោះមានអត្តសញ្ញាណប័ណ្ណរបស់ជនសង្ស័យ ០១សន្លឹក លេខៈ ០៨០៣៦០២១០ មានឈ្មោះ ជា ដារ៉ា ភេទប្រុស ថ្ងៃខែឆ្នាំកំណើតៈ ០៦-១០-១៩៩២ អាសយដ្ឋានបច្ចុប្បន្នៈ ខណ្ឌដូនពេញ សង្កាត់ផ្សាថ្មីបី ទីក្រុងភ្នំពេញ ព្រមទាំងកាតធនាគារ ABA ០១សន្លឹក ៕