• មាន​ករណី​ផ្ទុះ​កូវីដសាជាថ្មី និង​ធំ​ជាង​មុន នៅប្រទេស​កូរ៉េខាងត្បូង ចាប់តាំងពី​ខែមីនា​

    ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ចំនួន ៥៨៣ ករណី កាលពី​ថ្ងៃ​ព្រហស្បតិ៍ (២៦ វិច្ឆិកា​) ដែលជា​អត្រា​ខ្ពស់បំផុត​ចាប់តាំងពី​ខែមីនា​មក ខណៈពេលដែល​ប្រទេស​នេះ​ទទួលរង​នូវ​រលក​ទី​៣ នៃ​ការឆ្លង​កូ​វីដ​១៩ ដែល​ហាក់បីដូចជា​អាក្រក់​ទៅ ៗ ទោះបី​មាន​វិធានការណ៍​អំពី គម្លាត​សង្គម​ត្រូវបាន​អនុវត្ត​យ៉ាងណាក្តី​។​

    ​រដ្ឋាភិបាល​បានដាក់​ចេញ​វិធានការ​គម្លាត​សង្គម​យ៉ាង​តឹងរ៉ឹង​លើ​ទីក្រុង​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ​ទីក្រុង​នេះ​នៅ​សប្តាហ៍​នេះ មួយខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ទីក្រុង​ទាំងអស់នេះ ត្រូវបាន​បន្ធូរបន្ថយ​បន្ទាប់ពី​មាន​រលក​នៃ​ការឆ្លង​កូ​វីដ​១៩​ទី​២​។​
    ​ឥឡូវនេះ​អ្នកជំនាញ​មួយចំនួន​និយាយថា រដ្ឋាភិបាល​បាន​ចាត់វិធានការ​លឿន​ពេក​ក្នុងការ​បន្ធូរបន្ថយ​ច្បាប់​ទាំងនោះ ពីព្រោះ​ករណី​ផ្លូវការ​ប្រចាំថ្ងៃ​លើសពី ៥០០ ដែលជា​លើកដំបូង​ចាប់តាំងពី​ថ្ងៃទី ៦ ខែមីនា​។​

    ​លោក Kim Woo-joo សាស្ត្រាចារ្យ​ជំងឺឆ្លង​នៃ​មន្ទីរពេទ្យ​នៅ​សាកលវិទ្យាល័យ University of Guro ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា ការបន្ធូរបន្ថយ​ត្រូវបាន​ធ្វើឡើង ដោយសារតែ​ការព្រួយបារម្ភ​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​វា​ឆាប់​ពេក​ហើយ​ចំពោះ​ការបន្ធូរបន្ថយ​នេះ​។​
    ​រលក​នៃ​ការឆ្លង​កូ​វីដ​១៩ លើកដំបូង​របស់​កូរ៉េខាងត្បូង​បាន​លេចចេញ​នៅ​ចុងខែ​កុម្ភៈ ក្នុងការ​ប្រជុំ​របស់​និកាយ​សាសនា ប៉ុន្តែ​ករណី​ចុងក្រោយ​ត្រូវបាន​បែក​រីក​រាលដាល​ពាសពេញ​ទីក្រុង​សេ​អ៊ូ​ល​ដែល​ធ្វើឱ្យ​ពួកគេ​ពិបាក​តាមដាន​និង​ទប់ទល់​។​
    ​កម្លាំងប្រដាប់អាវុធ​បាន​បញ្ជា ឲ្យ ឈប់​ធ្វើការ​រយៈពេល ១០ ថ្ងៃ​បន្ទាប់ពី​មានការ​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​នៅតាម​មូលដ្ឋាន​យោធា​។ ចង្កោម​ផ្សេងទៀត​ត្រូវបាន​គេ​រកឃើញ​នៅ ហាង​ម៉ាស្សា សូ​ណា វិទ្យាល័យ ព្រះវិហារ ហាង​កាហ្វេ សួន​កុមារ​និង​ការជួបជុំ​មិត្តភក្តិ​។​
    ​ ​
    ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល Park Neung-hoo បាន​ថ្លែងប្រាប់​មន្ត្រី​សុខាភិបាល ក្នុង​កិច្ចប្រជុំ​តាម​កញ្ចក់​ទូរទស្សន៍​ថា “​កូ​វីដ​១៩​បាន​មកដល់​ក្បែរ​អ្នក​និង​ក្រុមគ្រួសារ​របស់​អ្នក​” ។ ជាពិសេស​ការរីក​រាល​ដាល​នៃ​ការឆ្លង​ក្នុងចំណោម​ក្មេងៗ​ជំនាន់​ក្រោយ​ពិតជា​មិន​សាមញ្ញ​ទេ​។​
    ​ការឆ្លង​ក្នុងចំនោម​យុវជន​ដែល​ភាគច្រើន​មិនមាន​រោគសញ្ញា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​និស្សិត​ឈប់​ចូលរៀន​នៅ​សាលា​ចង្អៀត​និង​សាលា​ឯកជន មុនពេល​ប្រលង​ចូល​មហាវិទ្យាល័យ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ៣ ធ្នូ​។​

    ​រដ្ឋមន្ត្រីក្រសួង​អប់រំ​លោក Yoo Eun-hae បាន​ថ្លែងប្រាប់​សន្និសីទកាសែត​មួយ​ថា​“ ការឆ្លង​នានា​កំពុង​កើតឡើង​ដំណាលគ្នា​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង រួមមាន​ការជួបជុំ​ក្រុមគ្រួសារ​និង​ការជួបជុំ​ក្រៅផ្លូវការ ដែល​បង្ក​ការលំបាក​ដល់​រដ្ឋាភិបាល​ក្នុងការ​ចាត់វិធានការ​ជាមុន​” ។​
    ​មន្ត្រី​សុខាភិបាល​មិនបាន​ឆ្លើយតប​ដោយផ្ទាល់​ចំពោះ​ការរិះគន់​ដែលថា រដ្ឋាភិបាល​បាន​រួញរា​ក្នុងការ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​បន្ទាប់ពី​មានការ​កើនឡើង នៃ​ការឆ្លង​កាលពី​ខែសីហា​។ ពួកគេ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ផលប៉ះពាល់​ខាង​សេដ្ឋកិច្ច នៃ​វិធានការណ៍​ចុងក្រោយ​ដែល​កើតឡើង​បន្ទាប់ពី​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បួន​របស់​អាស៊ី បាន​វិលត្រឡប់​ទៅរក​កំណើន​នៅក្នុង​ត្រីមាស​ទី ៣ ។​

    ​ទីផ្សារ​របស់​ប្រទេស​កូរ៉េខាងត្បូង​មានការ​ចាប់អារម្មណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ធនាគារកណ្តាល​បាន​រក្សា​អត្រា​ការប្រាក់​គោល​របស់ខ្លួន​ឱ្យនៅ​ថេរ​និង​បាន​បង្កើន​ទស្សនវិស័យ​កំណើន​របស់ខ្លួន​សម្រាប់​ឆ្នាំនេះ​និង​ឆ្នាំក្រោយ​។​
    ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េ (KCDC) បាន​និយាយថា ក្នុងចំណោម​ករណី​ចុងក្រោយបង្អស់​មាន ៥៥៣ នាក់​គឺជា​ករណី​ឆ្លង​ក្នុង​មូលដ្ឋាន​ហើយ​ជិត ៧៣ ភាគរយ​នៃ​ករណី​ទាំងនោះ​គឺ​ស្ថិតនៅក្នុង​តំបន់​សេ​អ៊ូ​ល​។ ការឆ្លង​រោគ​សរុប​នៅក្នុង​ប្រទេស​កូរ៉េ​មាន​ចំនួន ៣២.៣១៨ នាក់​ដោយមាន​អ្នកស្លាប់​ចំនួន ៥១៥ នាក់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ