• លោក ចូ បៃដិន៖ «អាមេរិកត្រៀមខ្លួនរួចរាល់ ដើម្បីដឹកនាំពិភពលោកឡើងវិញ, យើងប្តេជ្ញាធ្វើការងារជាមួយសម្ព័ន្ធមិត្ត»

    (វែលមីងតុន)៖ ប្រធានាធិបតីជាប់ឆ្នោតនៅអាមេរិក លោក ចូ បៃដិន បានថ្លែងថា សហរដ្ឋអាមេរិកនឹងត្រៀមឲ្យរួចរាល់ ក្នុងការដឹកនាំពិភពលោកម្តងទៀត ដោយបិទទំព័រនយោបាយ ឯកតោភាគីនិយមទាំងឡាយរបស់លោក ដូណាល់ ត្រាំ ហើយប្តេជ្ញាធ្វើការងារ ជាមួយបណ្តាសម្ព័ន្ធមិត្តអាមេរិកឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

    នៅក្នុង ឱកាសនៃការធ្វើបទបង្ហាញជាបណ្តើរៗ ចំពោះអ្វីដែលនឹងត្រូវធ្វើ នៅក្នុងរដ្ឋាភិបាលថ្មី និងមន្ត្រីសំខាន់ៗរូបណាខ្លះនឹងត្រូវតែងតាំង បន្ទាប់ពីការស្បថឡើងកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នោះ លោក ចូ បៃដិន ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា នឹងអូសសហរដ្ឋអាមេរិក ចេញពីគោលនយោបាយ America First បែបជាតិនិយមជ្រុលរបស់លោក ដូណាល់ ត្រាំ។

    លោក ចូ បៃដិន ដែលកន្លងមកតែងតែរិះគន់លោក ត្រាំ ចំពោះភាពស្និទ្ធស្នាលជាមួយមេដឹកនាំផ្តាច់ការ ជាពិសេសជាមួយលោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងនោះ បានលើកឡើងយ៉ាងដូច្នេះថា «អាមេរិកត្រឡប់មកវិញហើយ និងត្រៀមខ្លួនរួចជាសម្រេច ដើម្បីដឹកនាំពិភពលោក ដោយមិនដកថយម្តងទៀតឡើយ។ អាមេរិកនឹងអង្គុយនៅក្បាលតុ ហើយត្រៀមខ្លួនប្រឈមមុខនឹងសត្រូវរបស់យើង និងមិនបោះបង់សម្ព័ន្ធមិត្តរបស់យើងឡើយ។ យើងត្រៀមខ្លួនក្រោកឈរ ដើម្បីគុណតម្លៃរបស់យើង»។

    គួរបញ្ជាក់ថា សម្ព័ន្ធមិត្តអាមេរិកជាច្រើននៅលើពិភពលោក ទាំងនៅទ្វីបអឺរ៉ុប អាមេរិក និងអាស៊ីផងដែរ មិនសូវពេញចិត្ត ឬខ្លះបង្ហាញការមិនពេញចិត្តតែម្តង ចំពោះគោលនយោបាយរបស់លោក ត្រាំ ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម និងសន្តិសុខសកល ឧទាហរណ៍ការបង្ខំឲ្យសម្ព័ន្ធមិត្តអឺរ៉ុប បង់ថ្លែការពារបន្ថែមលើអង្គការ NATO និងការប្រកាសដំឡើងពន្ធលើទំនិញ នាំចូលពីបណ្តា ប្រទេសអឺរ៉ុប និងអាមេរិកខាងជើងជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ