• ថ្ងៃនេះ កម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីម្នាក់ និងអ្នកព្យាបាលជាសះស្បើយ២នាក់

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ដែលជាអ្នកដំណើរមកពីប្រទេសនេប៉ាល់ និងព្យាបាលជាសះស្បើយអ្នកជំងឺ២នាក់។

    ក្រសួងបញ្ជាក់ថា អ្នកឆ្លងជំងកូវីដ១៩ថ្មីនេះ ជាបុរសជនជាតិនេប៉ាល់ អាយុ៣៧ឆ្នាម ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនេប៉ាល់ ទៅដូហា និងបន្តជើងយន្តហោះ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

    នៅថ្ងៃដែលមកដល់កម្ពុជា បុរសនេប៉ាល់រូបនេះ បានធ្វើតេស្តដោយទទួលបានលទ្ធផល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ អវិជ្ជមានវីរុសកូវីដ១៩ ហើយត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដោយគាត់ជាបុគ្គលិកអង្គការអន្តរជាតិមួយនៅភ្នំពេញ។ លទ្ធផលនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក របស់គាត់ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ១៩ ហើយអ្នកជំងឺនេះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

    ដោយឡែកសម្រាប់ករណីជាសះស្បើយវិញ អ្នកជាសះស្បើយទាំង២នាក់រួមមាន៖ បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មានអាសយដ្ឋាននៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវី១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងបុរសជនជាតិអាមេរិកាំង អាយុ៦៩ឆ្នាំ ស្នាក់នៅ Apartment មួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣០៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន២៩៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនយន៩នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ