• សម្តេចតេជោ ផ្តល់អំណោយម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើលិខិតជូនលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋសាធារណរដ្ឋសភាពមីយ៉ាន់ម៉ា ដោយសម្តេចតេជោ សម្រេចផ្តល់នូវអំណោយម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។

    នេះបើយោងតាមលិខិតផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកស្រី អោង សានស៊ូជី ដែលបណ្តាញព័ត៌មានទើបទទួលបានមុននេះបន្តិច។

    សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាំយកអំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

    ក្នុងលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ លោកជំទាវ [អោង សានស៊ូជី] ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២ ០០០ ០០០ (ពីរលាន) និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។ ទន្ទឹមនេះ ខ្ញុំចាត់តាំងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមយន្តហោះពិសេស។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបាននូវជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា»។

    ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀត បានចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះលោកស្រី អោង សានស៊ូជី ចំពោះជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោងសកលនៅមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ។

    សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបបានផ្តល់នូវអំណោយរួមមានម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យ សរុបចំនួន១២មុខជូនរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ