វៀតណាម៖ ការសាក់រូបដែលមានអត្ថន័យបង្ហាញនូវសេចក្តីស្រលាញ់ចំពោះអ្នកណាម្នាក់ ឬជាអនុស្សាវរីយ៍នៃសេចក្តីស្នេហាដ៏ជ្រាលជ្រៅមួយនោះបានក្លាយជារឿងពេញនិយមមួយនៅក្នុងចំណោមយុវវ័យនាពេលបច្ចុប្បន្ននេះ។ យ៉ាងណាក្តី ពេលខ្លះក្រុមយុវជនទាំងនោះក៏ត្រូវប្រញាប់រត់ទៅលុបសាក់ទាំងនោះចោលវិញភ្លាមផងដែរ បន្ទាប់ពីស្នេហារបស់ពួកគេបានឈានដល់ទីបញ្ចប់។ ជាក់ស្តែងសារព័ត៌មាន World of Buzz បានចុះផ្សាយនូររឿងដ៏ហួសចិត្តមួយគឺ មានយុវជនវៀតណាមម្នាក់បានរត់ទៅលុបសាកដែលជាឈ្មោះមិត្តស្រីរបស់គេទាំងទឹកមុខក្រៀមក្រំ បន្ទាប់ពីការចាក់សាក់បានត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។
ប្រភពខាងលើបានបន្តថា យុវជនវៀតណាមរូបនេះមានអាយុ ១៦ ឆ្នាំ ហើយកាលពីពេលថ្មីៗនេះរូបគេបានផ្តើមបង្កើតទំនាក់ទំនងស្នេហាជាមួយយុវតីម្នាក់ដែលមានអាយុស្រករគ្នា ដែលជាស្នេហាដំបូងរបស់គេផងដែរ។
ការជួបគ្នាលើកទីមួយភាគីខាងប្រុសបានសួរឈ្មោះខាងស្រីយ៉ាងច្បាស់និងសម្រេចសាកឈ្មោះនោះនៅលើដៃរបស់គេតែម្តង ដើម្បីបញ្ជាក់ពីសេចក្តីស្រលាញ់របស់គេ។ មុនពេលចាក់សាក់ទាំងមិត្តភក្តិនិងខាងវិចិត្រករសាក់រូបបានឃាត់ថា កុំទាន់អាលចាក់ឈ្មោះដូចនេះអី ចាំស្នេហាច្បាស់លាស់សិនទៅចាំចាក់ទើបជារឿងល្អ តែរូបគេមិនស្ដាប់តាមឡើយនិងជំនះចាក់ឈ្មោះនោះទាល់តែបាន។ មួយសប្តាហ៍ក្រោយមកយុវជនវៀតណាមរូបនេះក៏បានត្រលប់ទៅកន្លែងចាក់សាក់វិញ និងសុំលុបសាក់នោះចេញពីដៃ ព្រោះតែរូបគេបានបែកគ្នាជាមួយនិងមិត្តស្រី ហើយគេក៏មិនចង់ឃើញឈ្មោះនេះទៀតដែរ។ សូមបញ្ជាក់ថា ការលុបសាក់មានតម្លៃខ្ពស់ជាងចាក់សាក់ទៅទៀតព្រោះវាលំបាកជាង ហើយចំពោះការឈឺចាប់វិញក៏ខ្លាំងជាងពេលចាក់ដែរ៕