• កម្ពុជា​ បន្ត​នាំចេញ​ផលិតផល ទៅ​អង់គ្លេស​ដោយ​រួច​ពន្ធគយ ទោះបី​អង់​គ្លេ​ច​បាន​ចាក​ចេញពី​សហគមន៍​អឺរ៉ុប​ក៏ដោយ​

    សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ឲ្យ​ដឹងថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​អង់គ្លេស​បន្ត​រួច​ពន្ធគយ ដែលមាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃទី ១ ខែមករា ឆ្នាំ​២០២១ តទៅ បើទោះបី​អង់​គ្លេ​ច​បាន​ចាក​ចេញពី​សហគមន៍​អ៊ឺរ៉ុប​ក៏ដោយ​។​

    ​យោងតាម​សេចក្តីជូនដំណឹង​របស់ GMAC នៅ​ថ្ងៃទី ១៩ វិច្ឆិកា​នេះ ស្តីពី កម្ពុជា និង​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) របស់​អង់គ្លេស អង់គ្លេស​មាន GSP ដូច សហភាព​អឺរ៉ុប (EU) ដែរ​ផ្តល់​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ហើយ​អង់គ្លេស​នឹង​អនុវត្ត GSP ផ្ទាល់ខ្លួន​នេះ ចាប់ពី​ខែមករា​ឆ្នាំ ២០២១ ទៅ​ដោយសារតែ​ប្រទេសមួយ​នេះ បាន​ចាកចេញ​ជា​ផ្លូវការ​ពី សហគមន៍​អឺរ៉ុប ហើយ​កម្ពុជា​ក៏​ស្ថិតក្នុង​ចំណោម​ប្រទេស​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ពី​អង់គ្លេស​នេះដែរ​។​

    ​អង់គ្លេស​គឺជា​ទីផ្សារ​សំខាន់​មួយ​របស់​កម្ពុជា​ក្នុងចំណោម​ទីផ្សារ​អឺរ៉ុប ដែល​ការនាំចេញ​ទំនិញ​សំខាន់​ទៅ​អង់គ្លេស​មាន​ចំណែក​ទីផ្សារ​ជិត ៣០ ភាគរយ​នៃ​ការនាំចេញ​សរុបទៅ​អឺរ៉ុប​ទាំងមូល​។ ដោយឡែក ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់​ទៅកាន់​ទីផ្សារ​អ៊ឺរ៉ុប​មាន​ទឹកប្រាក់​ជាង ២,៥​ពាន់​លាន​ដុល្លារ ហើយ​ក្នុងនោះ​ទឹកប្រាក់​នាំចេញ​ទៅកាន់​អង់គ្លេស​មាន​រហូតដល់ ៥៨៤​លាន​ដុល្លារ ឬ​ស្មើនឹង​២៥ ភាគរយ​នៃ​ការនាំចេញ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់​ស​រុ​ប​ទៅកាន់​ទីផ្សារ​សហ​គម​ន៍​អឺរ៉ុប​។​

    ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចក្រភព​អង់គ្លេស​ជាមួយ​កម្ពុជា កើន​ដល់ ១,០៥ ពាន់​លាន​ដុល្លារ​។ ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ចក្រភព​អង់គ្លេស​មាន​ទំហំ​ទឹកប្រាក់ ៩៧៨​លាន​ដុល្លារ ហើយ​ភាគច្រើន​ទំនិញ​សំខាន់ៗ​របស់​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​អង់គ្លេស​មានដូចជា ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ