• អាហ្សង់ទីន ឡើងឈរកំពូលតារាងជម្រុះ World Cup 2022 បើទោះបីលេងស្មើនឹងប៉ារ៉ាហ្គាយក្តី

    (ក្រុងអាយរេស)៖ ក្រុមជម្រើសជាតិពពកស អាហ្សង់ទីន បានហក់ឡើងទៅឈរនៅកំពូលតារាងនៃវគ្គជម្រុះ FIFA World Cup 2022 ប្រចាំតំបន់អាមេរិកឡាទីន ក្រោយបញ្ចប់លទ្ធផលស្មើគ្នា ១-១ ទល់នឹងប៉ារ៉ាហ្គាយនៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកានេះ។

    ក្រុមដែលមានកីឡាករល្បីលំដាប់ពិភពលោក Lionel Messi និងដឹកនាំដោយគ្រូបង្វឹក Lionel Scaloni ផងនោះ រក្សាប្រវត្តិលេងមិនចាញ់ក្នុងចំណោម ៣ប្រកួតនៃវគ្គជម្រុះជើងទី១ ក្រៅពីឈ្នះ ២ដង និងស្មើ ១ដង រកបាន ៧ពិន្ទុឈរនៅកំពូលជាបណ្តោះអាសន្នក្នុងចំណោម ១០ប្រទេសនៅអាមេរិកខាងត្បូង (ឡាទីន) រុញប្រេស៊ីលដែលមាន ៦ពិន្ទុធ្លាក់មកឈរលេខ២ វិញ។

    ការប្រកួតលើកទី២ ក្នុងដីនៃវគ្គចម្រុះនេះដែរ ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិបអាជីព FC Barcelona ក៏រកបាន ១គ្រាប់ផងដែរនៅនាទី៥៨ តែត្រូវបានប្រព័ន្ធ VAR បដិសេធទៅវិញ ដោយសារតែបាល់នោះមានកំហុស ក្រោយពេល Nicolas Gonzalez រកគ្រាប់តាមស្មើ ១-១ ឲ្យអាហ្សង់ទីននៅនាទី៤១ បន្ទាប់ពី Angel Romero ស៊ុតប៉េណាល់ទីនាំមុខឲ្យក្រុមភ្ញៀវប៉ារ៉ាហ្គាយតាំងពីនាទី២២ មក។

    តាមរយៈលទ្ធផលស្មើគ្នានេះដែរ ប៉ារ៉ាហ្គាយក៏ជាក្រុមមួយដែលលេង ៣ប្រកួតមិនទាន់ចាញ់ដូចគ្នា ក្រៅពីឈ្នះ១ និងស្មើ២ដង រកបាន ៥ពិន្ទុឈរនៅលេខ៤ បន្តដេញតាមពីក្រោយក្រុមលេខ៣ អេក្វាទ័រ និងលេខ២ ប្រេស៊ីលត្រឹម ១ពិន្ទុប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ