• Update៖ ឃាតករ​កាប់​ចិញ្ច្រាំ​សុះ​ផ្ទៃមុខ​ស្ត្រី​ម្នាក់ ស្លាប់​នៅក្បែរ​ស្ពាន​រាគ​អាចម៍ ខាងជើង​ក្រុង​សិរីសោភ័ណ​

    បន្ទាយមានជ័យ​៖ ស្ត្រី​រងគ្រោះ​នៃ​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​កាប់​ចិញ្ច្រាំ​សុះ​ផ្ទៃមុខ​ត្រូវបាន​គេ​ប្រទះឃើញស្លាប់​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ទីលាន​ចាក់សំរាម ក្បែរ​ស្ពាន​រាគ​អាចម៍​ស្ថិត​ក្នុងភូមិ​ម្កាក់ សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ ករណី​ឃាត​កម្មនេះ តែ​នៅ​មិនទាន់​ដឹងថា​ជា​ករណី​គំនំ ប្លន់​យក​ទ្រព្យសម្បតិ្ត ឬ​ជា​ករណី​ស្នេហា​ត្រីកោណ​នោះឡើយ​។​

    ​លោក​វរសេនីយ៍ ស៉ី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា សព​ស្ត្រី​រងគ្រោះ​មាន ឈ្មោះ ទិ​ត្យ ស្រី​សួង អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​មានជ័យ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី មក​ធ្វើការ​នៅ​កន្លែង​ផលិត​ទឹក​សុទ្ធ​មួយកន្លែង​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។ លោក​បាន​បន្តថា យោងតាម​ម្តាយ និង​សាច់ញាតិ គឺ​ជនរងគ្រោះ​បាន​ចំណាកស្រុក​មក​រស់នៅ និង​ធ្វើការ​នៅ​ក្រុង​សិរីសោភ័ណ​ច្រើន​ឆ្នាំ​មកហើយ ក្នុងនោះ​ធ្លាប់​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ តែមាន​បញ្ហា​លួច​របស់គេ ក៏ត្រូវ​ដេញចេញ ហើយ​បាន​ទៅធ្វើ​ការ​នៅ​កន្លែង​ផលិត​ទឹក​សុទ្ធ​នេះ​។

    ​នៅ​ទីនោះ នាង​មាន​ទំនាក់​ទំនាក់​ស្នេហា និង​រស់នៅ​ដូច​ប្តី​ប្រពន្ធ​ជាមួយ​បុរស​ពោះម៉ាយ​ម្នាក់ ដែលជា​កម្មករ​ធ្វើការ​ជាមួយគ្នា ប៉ុន្តែ​គូស្នេហ៍​ដែល​យកប្តី ប្រពន្ធ​ចិត្ត​ឯង​នេះ មិន​ចុះសម្រុង​នឹង​គ្នា​នោះឡើយ​។ សមត្ថកិច្ច​បាន​បន្តថា ពីមុន​និង​ក្រោយ​ឃាតកម្មមកទល់ពេលនេះ បុរស​នោះបាន​បាត់​ខ្លួន​។

    ​សូម​រំលឹកថា នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ សព​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ទឹក​វាលស្រែ ចំណុច​ខាងត្បូង​ស្ពាន​ភ្នំ​តុ​ប ហៅ​ស្ពាន​រាគ​អាចម៍ ចម្ងាយ​១៥០​ម៉ែត្រ ខាងកើត​ផ្លូវជាតិ​លេខ​៥៦A ប្រហែល​១០​ម៉ែត្រ ខាងជើង​ផ្លូវលំ​ស្ថិត ក្នុងភូមិ​ក្បាលស្ពាន​សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

    ​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នោះ​មាន​ពលរដ្ឋ​ម្នាក់​ឈ្មោះ អាង សួ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅ​មើល​ស្រែ​នៅ​ចំណុច​ខាងលើ​។ពេលនោះ​ឃើញ​មែកឈើ​សង្កត់​ដើមស្រូវ ក៏​យកដៃ​ទៅ​ចាប់ទាញ ស្រាប់តែ​ឃើញ​ដៃ​សព​ជនរងគ្រោះ​ផុស​ចេញមក ហើយក៏រ​ត់ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ម្កាក់​ទៅពិនិត្យ​មើល​។

    ​ក្រោយមកទៀត​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កម្លាំង​នគរបាល​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ ធ្វើការ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​យកចិត្តទុកដាក់​។ នៅលើ​ខ្លួន​សព​មាន​ស្នាម​ចាក់​ដោយ​វត្ថុ​រឹង​ចុង​ស្រួច ត្រូវ​ចុងដង្ហើម​១​កន្លែង ដើម​ក​ខាងស្តាំ​១​កន្លែង និង​ស្នាម​ឆូត​លើ​ផ្ទៃ​ជាច្រើន​កន្លែង​។

    ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា សព​ពាក់​អាវយឺត​ពណ៌​ក្រហម​ដៃ​វែង ខោ​ពណ៌​ជើងវែង​កីឡា​។ ក្នុងនោះ សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ បាន​រកឃើញ​វ៉ែនតា​នៅជាប់​នឹង​ខ្លួន​១ និង​កូនកាំបិត​ចុង​ស្រួច​។

    ​បើតាម​ការសន្និដ្ឋានរ​បស់​មន្ត្រី​ជំនាញ គឺជា​ករណី​ឃាតកម្ម​ទុកជាមុន តែ​នៅ​មិនទាន់​ដឹងថា​ជា​ករណី​គំនំ ប្លន់​យក​ទ្រព្យសម្បតិ្ត ឬ​ជា​ករណី​ស្នេហា​ត្រីកោណ​នោះឡើយ​។ នៅពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​វែកមុខ​ឃាតក ដែល​សម្លាប់​ស្ត្រី​យ៉ាង​ឃោរឃៅ​នេះ យកមក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ឲ្យ​ទាល់តែ​បាន​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ