• SpaceX ចាប់ផ្តើមការធ្វើតេស្តជាសាធារណៈលើបណ្តាញផ្កាយរណបអ៉ីនធើណិត Starlink

    (អាមេរិក)៖ ក្រុមហ៊ុនអវកាសអាមេរិក SpaceX ទើបតែបានជូនដំណឹងដល់មនុស្សមួយចំនួនឲ្យចូលរួម ក្នុងការធ្វើតេស្តបណ្តាញអ៉ីនធើណិត Starlink របស់ខ្លួន ដែលមានគោលដៅផ្តល់ការគ្របដណ្តប់អ៉ីនធើណិតជុំវិញពិភពលោកពីទីអវកាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។

    ក្រុមហ៊ុន SpaceX បានផ្ញើសារអ៉ីម៉ែលទៅកាន់អ្នកទាំងឡាយ ដែលបានចុះឈ្មោះលើវែបសាយ Starlink របស់ក្រុមហ៊ុន ដើម្បីទទួលបានដំណឹងថ្មីៗ អំពីកម្មវិធីបណ្តាញផ្កាយរណបអ៉ីនធើណិតនេះ។ ក្នុងសារអ៉ីម៉ែលនោះមានការរៀបរាប់នូវ អ្វីដែលអ្នកចូលរួមធ្វើតេស្តនឹងទទួលបានពីបណ្តាញ Starlink ក្នុងដំណាក់កាលដំបូងនេះ ដូចជាល្បឿនទិន្នន័យចន្លោះ៥០Mb/s-១៥០Mb/s និងកម្រិត latency ពី២០ms-៤០ms ហើយក៏អាចមានពេលខ្លះមិនមាន connectivity តែម្តងផងដែរ។

    ប៉ុន្តែ SpaceX បានបញ្ជាក់ថា កំឡុងការធ្វើតេស្ត ខ្លួននឹងប្រឹងប្រែងធ្វើឲ្យបណ្តាញ Starlink កាន់តែប្រសើរ។ ក្រុមហ៊ុន SpaceX មានគោលដៅយកផ្កាយរណបសរុបជិត ១២,០០០គ្រឿង ទៅកាន់គន្លងអវកាសផែនដី ដើម្បីបាញ់បញ្ជូនសេវាអ៉ីនធើណិតបានមកលើគ្រប់ទីកន្លែងទាំងអស់នៅផ្ទៃផែនដី។ មកទល់ពេលនេះ ផ្កាយរណប Starlink សរុបជិត៩០០គ្រឿង ត្រូវបានបង្ហោះឡើងទៅទីអវកាស។

    គួរជម្រាបថា ដើម្បីចូលរួមក្នុងការធ្វើតេស្តបណ្តាញ Starlink របស់ SpaceX ហៅថា Better Than Nothing Beta អ្នកប្រើប្រាស់ត្រូវបង់ថ្លៃសេវា ៩៩ដុល្លារក្នុងមួយខែ និងត្រូវទិញសម្ភារៈមួយចំនួនសម្រាប់ការតភ្ជាប់ ដែលមានតម្លៃសរុប៤៩៩ដុល្លារថែមទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ