• Duterte៖ «យើងនឹងមិនអង្វរសុំវ៉ាក់សាំងនោះទេ, យើងនឹងទិញវា, យើងនឹងបង្កើតកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល»

    (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូតឺតេ (Rodrigo Duterte ) នៅថ្ងៃអង្គារនេះបានប្រកាសឲ្យដឹងថា លោកចង់បានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលសម្រាប់ការទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដើម្បីកាត់បន្ថយហានិភ័យនៃអំពើពុករលួយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។

    ប្រទេសហ្វីលីពីនមានប្រជាជនសរុបច្រើនជាង ១០៨លាននាក់ កំពុងស្ថិតក្នុងចំណោមប្រទេសដែលមានករណីឆ្លងជំងឺ COVID-19 ខ្ពស់បំផុតនៅតំបន់អាស៊ី ត្រូវបានគេចាត់ទុកជាទីផ្សារដ៏ធំមួយ សម្រាប់ក្រុមហ៊ុនផលិតវ៉ាក់សាំង និងទីតាំងសមស្រប សម្រាប់ការសាកល្បងវ៉ាក់សាំងផងដែរ។

    នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍លោក Duterte បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំប្រាប់ពលរដ្ឋទាំងអស់គ្នាថា យើងនឹងមិនអង្វរសុំវ៉ាក់សាំងនោះទេ… យើងនឹងទិញវា។ បុរសខ្លាំងរូបនេះបានបន្តទៀតថា «ជូនដល់រដ្ឋាភិបាលចិន… អ្នកមិនចាំបាច់ស្វែងរកដៃគូណាទេ… យើងអាចបង្កើតកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលបាន»។ មេដឹកនាំហ្វីលីពីនរូបនេះបានបន្ថែមទៀតថា ប្រទេសចិន និងរុស្ស៊ីហាក់ដូចជាឈានមុខគេ នៅក្នុងអភិវឌ្ឍវ៉ាក់សាំង ប៉ុន្តែប្រទេសណាមួយ ដែលបានដាក់សំណើមកយើងល្អបំផុត នោះអាចត្រូវបានជ្រើសរើស។

    ក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ (Sinovac) គ្រោងនឹងចាប់ផ្តើមការធ្វើតេស្តសាកល្បងវ៉ាក់សាំង ដំណាក់កាលចុងក្រោយរបស់ខ្លួន នៅក្នុងប្រទេសហ្វីលីពីននៅដើមខែវិច្ឆកា ខណៈដែលក្រុមហ៊ុននេះកំពុងបន្តវាយតម្លៃ លើផែនការរបស់ខ្លួន។ ទន្ទឹងគ្នានេះដែរ អាជ្ញាធរហ្វីលីពីនក៏កំពុងវាយតម្លៃលើវ៉ាក់សាំង របស់វិទ្យាស្ថានស្រាវជ្រាវ ហ្គាម៉ាឡេយ៉ាង (Gamaleya) របស់ប្រទេសរុស្ស៊ី, ក្រុមហ៊ុន ចនសុន អ៊ែន ចនសុន (Johnson & Johnson), ក្រុមហ៊ុន ភីហ្វីហ្សឺ (Pfizer) ព្រមទាំងក្រុមហ៊ុន ម៉ូឌែណា (Moderna) ពីលទ្ធភាពក្លាយជាអ្នកផ្គត់ផ្គង់វ៉ាក់សាំង ប្រកបដោយសក្តានុពលផងដែរ។ បន្ថែមពីលើនេះ ក្រុមហ៊ុន វ៉ាក់ស៊ីន ភីធី (Vaxine Pty) របស់អូស្រ្តាលី ក៏បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការសាកល្បងវ៉ាក់សាំងរបស់ខ្លួន នៅក្នុងប្រទេសហ្វីលីពីនផងដែរ។

    គួរបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនបានត្រៀមថិវិកាចំនួន ៤០០លានដុល្លារដើម្បីទិញវ៉ាក់សាំងចំនួន ៤០លានដូស សម្រាប់ប្រជាជនហ្វីលីពីនចំនួន ២០លាននាក់ ដែលជាផ្នែកមួយនៃផែនការរបស់លោក Duterte ដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋហ្វីលីពីនទាំងអស់។ រហូតមកទល់ពេលនេះ ប្រទេសហ្វីលីពីនបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៣៧១,៦៣០ករណីក្នុងនោះមនុស្ស ៧,០៣៩បានស្លាប់ ដែលធ្វើឲ្យប្រទេសហ្វីលីពីនមានអត្រាឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនបំផុតលំដាប់ទី ២ នៅតំបន់អាស៊ីអាគ្នេយ៍ឈរពីក្រោយប្រទេសឥណ្ឌូណេស៊ី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ