• ព្រឹកនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី០១នាក់ លើបុរសជនជាតិ…

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់លើបុរសជនជាតិប៉ូឡូញ ដែលទើបធ្វើដំណើរចូលមកកម្ពុជា និងមិនមានករណីជាសះស្បើយនោះឡើយ។

    បុរសជនជាតិប៉ូឡូញអាយុ៤៧ឆ្នាំ ដែលរកឃើញមានជំងឺកូវីដ១៩នេះ មានអាសយដ្ឋានស្នាក់នៅបណ្ដោះអាសន្ន នៅសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសប៉ូឡូញ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

    លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើសរុបមានចំនួន ៥៤នាក់ (ស្រី ៣៦នាក់ និងកុមារ ០២នាក់) ដែលក្នុងចំនួននេះ មានបុរសជាតិប៉ូឡូញ អាយុ៤៧ឆ្នាំ ខាងលើ។ រីឯ អ្នកដំណើរចំនួន ៥៣នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តា ឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅមណ្ឌលកងទ័ពជើងអាកាស។

    សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០នាទី ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៨៦នាក់ (ស្ត្រី ៥៨នាក់ និងបុរស ២២៨នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៨០នាក់ (ស្មើនឹង ៩៧.៩០% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៦នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ