• បារាំងបើកប្រតិបត្តិការក្តៅគគុក ដើម្បីបង្ក្រាបក្រុមជ្រុលនិយម ក្រោយការធ្វើឃាតគ្រូបង្រៀនម្នាក់ ដោយការកាត់ក្បាល

    (ប៉ារីស)៖ ប៉ូលីសបារាំងនៅដើមសប្ដាហ៍នេះ (ពេលវេលានៅបារាំង) បានចាប់ផ្ដើមវាយឆ្មក់ជាបន្តបន្ទាប់ ទៅលើបណ្តាញក្រុមជ្រុលនិយម ០៣ថ្ងៃបន្ទាប់ពីគ្រូបង្រៀនប្រវត្តិសាស្ត្រម្នាក់ ត្រូវបានគេសម្លាប់ដោយកាត់ក្បាល ដោយសារតែគាត់បានបង្ហាញកូនសិស្សរបស់គាត់នូវគំនូរជីវចលព្យាការីមូហាំម៉ាត់ ដែលត្រូវបានចាត់ទុកជាការមើលងាយ ដល់ក្រុមអ្នកកាន់សាសនាអ៉ីស្លាម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង លោក ហ្គែរ៉ាល់ ដាម៉ាណង់ (Gerald Darmanin) បានប្តេជ្ញាថា នឹងមិនមានពេលវេលាសម្រាកមួយនាទី សម្រាប់សត្រូវនៃសាធារណរដ្ឋនោះទេ បន្ទាប់ពីពលរដ្ឋបារាំងរាប់ពាន់នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានចូលរួមប្រមូលផ្តុំគ្នានៅកណ្ដាលទីក្រុងប៉ារីស ដើម្បីសម្ដែងការគាំទ្រដល់សេរីភាពនៃការបញ្ចេញមតិ និងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធសពលោកគ្រូ សាមូអ៊ែល ប៉ាទី (Samuel Paty) អាយុ ៤៧ឆ្នាំ ដែលត្រូវបានគេវាយធ្វើបាប និងបានសម្លាប់ដោយកាត់ក្បាលតែម្ដង នៅក្បែរទីក្រុងប៉ារីស កាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន។

    ប៉ូលីសបារាំង នៅថ្ងៃច័ន្ទសប្ដាហ៍នេះបានធ្វើការវាយឆ្មក់ ៤០លើកនៅជុំវិញទីក្រុងប៉ារីស ដោយឃាត់ខ្លួនបានមនុស្សដែលជាប់ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់គ្រូបង្រៀនខាងលើចំនួន ១៥នាក់ហើយ ក្នុងនោះមានកូនសិស្សចំនួន ០៤នាក់បានគប់គិតជាមួយឃាតកដែលមានអាយុ ១៨ឆ្នាំ និងមានដើមកំណើតមកពីទីក្រុងនៃសាធារណរដ្ឋឆេឈិន (Chechen) របស់ប្រទេសរុស្សី ដែលត្រូវបានប៉ូលីសបាញ់សម្លាប់។

    រូបថតរបស់គ្រូបង្រៀនខាងលើ និងចម្លើយសារភាពដែលជាភស្តុតាងបញ្ជាក់ពីអំពើឃាតកម្មនោះ ត្រូវបានរកឃើញនៅលើទូរស័ព្ទដៃរបស់ឃាតកដែលមានឈ្មោះថា អាប់ឌុលឡាក អានហ្សូរ៉ូវ (Abdullakh Anzorov) ជាជនជាតិម៉ូស្លីមមកពីតំបន់ឈែឈ្នី (Chechnya) ប្រទេសរុស្ស៊ី និងបានមកកាន់ប្រទេសបារាំងជាមួយក្រុមគ្រួសាររបស់ខ្លួន ជាងមួយទសវត្សរ៍មកហើយ។ រីឯសមាជិក ០៤នាក់នៃក្រុមគ្រួសារឃាតក គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានប៉ូលីសឃាត់ខ្លួន។

    គួរបញ្ជាក់ថា អំពើឃាតកម្មខាងលើនេះបានកើតឡើង ស្រដៀងទៅនឹងការសម្លាប់រង្គាល កាលពីឆ្នាំ២០១៥ នៅឯការិយាល័យទស្សនាវដ្តី ឆាលី អេបដូ (Charlie Hebdo) ដែលមនុស្ស ១២នាក់រួមទាំងអ្នកផលិតគំនូរជីវចលត្រូវបានគេបាញ់សម្លាប់ ដោយសារការបោះពុម្ពសៀវភៅគំនូរជីវចល ដែលពាក់ព័ន្ធនឹងសាសនាអ៉ីស្លាម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ