• រដ្ឋាភិបាលថៃចង់បិទកម្មវិធី Telegram ដើម្បីទប់ស្កាត់ការរៀបចំបាតុកម្ម ដែលនៅតែបន្តប្រព្រឹត្តទៅ ទោះហាមឃាត់យ៉ាងណាក៏ដោយ

    (បាងកក)៖ អាជ្ញាធរថៃត្រូវគេរាយការណ៍ថា បានចេញបញ្ជាឲ្យក្រុមហ៊ុនអ៉ីនធើណិតក្នុងប្រទេសខ្លួន បិទកម្មវិធីផ្ញើសារ Telegram ដែលត្រូវបានប្រើប្រាស់ដោយក្រុមបាតករប្រឆាំងរដ្ឋាភិបាល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។

    គម្រោងរបស់រដ្ឋាភិបាលថៃស្តីពីការព្យាយាមបិទកម្មវិធី Telegram ត្រូវបានរាយការណ៍ដំបូងដោយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសថៃផ្ទាល់ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីឯកសារលាក់ការណ៍មួយ បានបែកធ្លាយនិងត្រូវគេចែកចាយព្រោងព្រាតនៅលើបណ្តាញសង្គមនានា។ បើតាមការបែកធ្លាយ ឯកសារនោះត្រូវបានរៀបចំដោយក្រសួងសេដ្ឋកិច្ចឌីជីថលថៃ ដែលមានអំណាចរឹតត្បិតអ៉ីនធើណិតក្នុងប្រទេសថៃ ហើយវាត្រូវបានផ្ញើទៅកាន់គណៈកម្មការសោតទស្សន៍និងទូរគមនាគមន៍ជាតិថៃ (NBTC)។

    ក្រសួងសេដ្ឋកិច្ចឌីជីថលថៃបានស្នើឲ្យគណៈកម្មការ NBTC បង្គាប់ទៅកាន់ក្រុមហ៊ុនផ្តល់សេវាអ៉ីនធើណិត និងក្រុមហ៊ុនប្រតិបត្តិការទូរស័ព្ទទាំងអស់ រាំងខ្ទប់ការប្រើប្រាស់កម្មវិធី Telegram ដែលក្រុមបាតុករបានប្រើប្រាស់ ដើម្បីរៀបចំសកម្មភាពតវ៉ាប្រឆាំងរដ្ឋាភិបាល។

    គួរជម្រាបថា បាតុកម្មនៅប្រទេសថៃបានបន្តប្រព្រឹត្តទៅប៉ុន្មានខែមកហើយ ជាមួយគោលដៅទាមទារឲ្យនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង និងកែប្រែរដ្ឋធម្មនុញ្ញាដើម្បីកាត់បន្ថយអំណាចព្រះមហាក្សត្រ។ ទោះបីរដ្ឋាភិបាលថៃបានចេញបម្រាមហាមឃាត់ក៏ដោយ ក្រុមបាតករថៃនៅតែបន្តសកម្មភាពតវ៉ារបស់ពួកគេដដែល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ