• អតីតមេដឹកនាំម៉ាឡេស៉ី មហាធៀ លាតត្រដាងទម្លាប់៤យ៉ាង ដែលធ្វើឲ្យអាយុវែង និងរហ័សរហួន ទោះបីមានវ័យជរា !

    (ពិភពលោក)៖ លោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលបានកើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩២៥នោះ មានអាយុ៩៥ឆ្នាំហើយ បើគិតត្រឹមឆ្នាំ២០២០។ អ្នកនយោបាយដ៏មានឥទ្ធិពល និងជាអតីតនិស្សិតពេទ្យរូបនេះ មានវ័យចំណាស់ខ្លាំងណាស់ បើធៀបនឹងអ្នកនយោបាយលើពិភពលោក ប៉ុន្តែគេនៅសង្កេតឃើញថា មហាធៀ មានរាងកាយមាំមួន និងរហ័សរហួនដដែល។

    មានមនុស្សជាច្រើនបានសួរគាត់ ពីហេតុផលដែលធ្វើឲ្យគាត់រស់នៅបានយូរយ៉ាងនេះ។ លោក មហាធៀ បានឆ្លើយតបដោយយកទម្លាប់សំខាន់ៗ របស់លោកមាន ៤ចំណុច ដែលធ្វើឲ្យលោកមានអាយុវែង និងរហ័សរហួនបែបនេះ ហើយលោកអះអាងថា ទម្លាប់ទាំងនោះមិនមែនជាការសិក្សាតាមវិទ្យាសាស្ត្រទេ។

    ១៖ ទម្លាប់ហូបអាហារបានត្រឹមត្រូវ

    រឿងចម្បងបំផុត ដែលយើងអាចថែរក្សាសុខភាពឲ្យបានល្អនោះ គឺការមានទម្លាប់ហូបអាហារបានត្រឹមត្រូវ។ យើងគួរតែហូបដើម្បីរស់ មិនមែនរស់ដើម្បីហូបទេ។ រាងកាយរបស់យើង មិនទាមទារអាហារច្រើននោះទេ លើកលែងតែអ្នកដែលនៅក្មេង និងកំពុងលូតលាស់។ សម្រាប់ពួកគេ អាហារត្រូវបានទាមទារដើម្បីធ្វើឲ្យប្រាកដថា ការលូតលាស់រាងកាយបានល្អ។ ទោះយ៉ាងណា ចំនួននោះនៅតែមិនលើសពីអ្វី ដែលរាងកាយត្រូវការដែរនោះ។

    រាងកាយស្រូបយកអាហារ និងបម្លែងវាទៅជាខ្លាញ់ ដែលត្រូវចែកចាញទៅគ្រប់កន្លែងទាំងអស់ក្នុងរាងកាយ។ ការដុះក្បាលពោះ មិនមែនជារឿងល្អទេ សម្រាប់សុខភាព។ ជាមួយនឹងរាងកាយដ៏ធំបែបនេះ បេះដូងត្រូវខិតខំប្រឹងប្រែងដើម្បីផ្តល់ឈាម និងស្រូបយកអាហារ សម្រាប់រាងកាយដែលលើសទម្ងន់នេះ។ សម្ពាធឈាមឡើងខ្ពស់ ដែលនាំមកនូវរោគសញ្ញា និងជំងឺគ្រប់ប្រភេទ ដែលទាក់ទងនឹងជំងឺលើសឈាម។

    សារធាតុខ្លាញ់ ត្រូវបានចែកចាយទៅកាន់សរសៃឈាមក្រហម ហើយធ្វើឲ្យវារួមតូច។ លំហូរឈាម អាចនឹងត្រូវគាំង ជំងឺគាំងបេះដូង អាចនឹងកើតឡើង ខណៈពេលខ្លះវាធ្ងន់ធ្ងរទៀតផង។ ដូច្នេះ ដើម្បីគេចផុតពីការកើតជំងឺលើសសម្ពាធឈាម ត្រូវតែហូបតិច និងកុំធ្វើឲ្យខ្លួនឯងធាត់។

    ក្រៅពីបេះដូង សរីរាង្គដទៃទៀតនៃរាងកាយ ពោលគឺថ្លើម ក្រលៀន និងលំពែងទាំងអស់ អ្នកគួរតែពិចារណាក្នុងការថែរក្សា។ សរីរាង្គណាមួយ ក្នុងចំណោមសរីរាង្គទាំងនេះអាចនឹងខូចខាត និងធ្វើឲ្យអាយុខ្លី។

    ២៖ ទម្លាប់មិនឲ្យខ្លួនទំនេរ

    លក្ខណៈរបស់រាងកាយមនុស្ស គឺគ្រប់ផ្នែកទាំងអស់ត្រូវការប្រើប្រាស់គ្រប់ពេល ដើម្បីឲ្យពួកគេមានសុខភាពល្អ និងដំណើរការបានល្អ។ ប្រសិនបើវាមិនត្រូវបានប្រើ ឬមិនត្រូវបានយកចិត្តទុកដាក់ វានឹងស្វិត និងបាត់បង់សមត្ថភាព ក្នុងការបំពេញមុខងារ។

    ឧទាហរណ៍ដ៏ល្អបំផុត គឺសាច់ដុំ។ បើសិនជាពួកវា ត្រូវបានប្រើប្រាស់ជាប្រចាំ ពួកវានឹងមានការវិវត្ត ហើយបំពេញមុខងារបានល្អ។ យើងឃើញរឿងនេះ តាមរយៈអ្នកហាត់ប្រាណយកសាច់ដុំ។ សាច់ដុំពួកគេ ឡើងធំៗល្អណាស់ ហើយពួកគេហាត់ប្រាណយកសាច់ដុំយ៉ាងទៀងទាត់។ ផ្ទុយទៅវិញ អ្នកដែលមិនហាត់ប្រាណ តែងតែឈានទៅរកភាពទន់រយីរយាក និងខ្សោយ។

    អ្នកដែលចូលចិត្តសម្រាកស្ទើរតែគ្រប់ពេលវេលា គួរតែសង្កេតមើលខ្លួនឯងថា ឆាប់ខ្សោយ ហើយឲ្យតែពេលក្រោកម្តងៗ ហាក់បីដូចជាគ្មានកម្លាំងសោះ។ ពួកគេ មិនអាចដើរបានឆ្ងាយ ហើយពួកគេមិនអាចរត់បានច្រើនឡើយ។ នេះដោយសារតែកម្លាំងសាច់ដុំរបស់ពួកគេ បានថយចុះ ក៏ព្រោះតែមិនដែលប្រើប្រាស់វា។

    យើងឃើញជាក់ស្តែង ក្នុងចំណោមមនុស្សវ័យចំណាស់។ ពួកគេជាញឹកញាប់ មិនធ្វើសកម្មភាពទេ ហើយចូលចិត្តអង្គុយ ឬសម្រាក។ មិនយូរប៉ុន្មាន ពួកគេនឹងក្លាយជាទន់ខ្សោយ។ អ្នកទាំងឡាយណា ដែលចូលចិត្តសម្រាកនៅលើគ្រែ អាចនឹងកាន់តែឆាប់ទន់ខ្សោយជាងគេ។ សុខភាពពួកគេនោះ ក៏កាន់តែយ៉ាប់យ៉ឺនឡើងផងដែរ។ ពួកគេមិនអាចទប់ទល់ នឹងជំងឺទូទៅបានទេ។

    មិនត្រឹមតែនឹងជួបនូវភាពទន់ខ្សោយផ្នែកសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែឆ្អឹងនឹងក្លាយជាទន់ខ្សោយ ដោយសារតែពួកវាមិនបានប្រើប្រាស់។ ឆ្អឹងទាំងនោះ ផុយស្រួយ ហើយងាយនឹងឆាប់បាក់ បើសិនជាវាប៉ះពាល់នឹងអ្វីមួយ។

    ដើម្បីគេផុតពីបញ្ហានេះ មនុស្សចាស់ៗ គួរតែធ្វើចលនាឲ្យបានច្រើន។ ពួកគេ គួរតែដើរខ្លះ និងហាត់ប្រាណផងដែរ។ ពួកគេនឹងមានអារម្មណ៍ងងុយដេក ប៉ុន្តែពួកគេត្រូវតែទប់ទល់ឲ្យបាន ចៀសវាងការទទួលទានដំណេកច្រើនម៉ោង ជាពិសេសចៀសវាងការទទួលទានដំណេកយូរ ជារៀងរាល់ថ្ងៃ។ ដេកពេលថ្ងៃមួយភ្លែតៗ មិនប៉ះពាល់អ្វីនោះទេ ប៉ុន្តែការទទួលទានដំណេកយូរ នឹងធ្វើឲ្យរាងកាយចុះខ្សោយ។

    អ្វីដែលយើងធ្វើសម្រាប់សាច់ដុំរបស់រាងកាយ វាឲ្យផលសម្រាប់ខួរក្បាលផងដែរ។ បើសិនជាខួរក្បាលមិនត្រូវបានប្រើប្រាស់ វាក៏ធ្វើឲ្យបាត់បង់មុខងារដូចគ្នា។ ការភ្លេចភ្លាំង ជាទូទៅកើតមានចំពោះមនុស្សចាស់។ ការរៀបពាក្យនិយាយ អាចនឹងកាន់តែយ៉ាប់យ៉ឺន។

    មនុស្សចាប់ងាយនឹងលែងចំណាំវត្ថុ និងមុខរបស់អ្នកដទៃណាស់។ ការភ្លេចភ្លាំង អាចនឹងយ៉ាប់ទៅៗ ដោយសារការទោរទន់ទៅរកវ័យចំណាស់។ ពេលយើងនិយាយប្រាប់អ្វីៗ ទៅកាន់ពួកគាត់ បណ្តាំនោះនឹងផ្តល់ឲ្យគាត់ចងចាំ មិនបានយូរនោះទេ។ ជាការពិត បន្ទាប់ពីបានចម្លើយភ្លាម សំណួរដដែលអាចត្រូវបានសួរឡើងវិញ។ ទាំងនេះ គឺជាសញ្ញានៃភាពចាស់ជរា។

    ដើម្បីការពារភាពអន់ថយនៃខួរក្បាល ត្រូវតែសកម្មភាព ជជែក អាន និងសរសេរ ដោះស្រាយបញ្ហា ឈ្លោះជាមួយអ្នកដទៃ និងតស៊ូមតិផងដែរ។ អ្នកទាំងឡាយ ដែលធ្វើរឿងទាំងនេះ នឹងរក្សាមុខងារនៃខួរក្បាលបានច្រើន ទោះបីពួកគេមានអាយុច្រើនក៏ដោយ។

    ការអានសៀវភៅរឿង គឺជាសកម្មភាពប្រពៃ។ វាជួយដល់ការចងចាំ និងសមត្ថភាព ក្នុងការបង្កើតប្រយោគដើម្បីនិយាយ។ អ្នកនឹងចាំពាក្យជាច្រើន ដែលអាចជួយឲ្យអ្នកអានម្តងហើយម្តងទៀត បានយ៉ាងងាយស្រួល។

    ៣៖ ទម្លាប់អានសារព័ត៌មានជាប្រចាំ

    នៅពេលដែលអ្នកនិយាយ ឬក៏ឡើងថ្លែងសុន្ទរកថា ការចងចាំពាក្យ និងប្រយោគដទៃទៀត អាចនឹងផុសចិត្តពីគំនិតយ៉ាងងាយ។ បើសិនជានរណាម្នាក់មិនអានសៀវភៅ ឬក៏នរណាដែលកម្រអាន ពេលនិយាយអ្វីមួយនោះ ពាក្យដែលចង់និយាយមិនមកដោយឯកឯងទេ។ ពាក្យបច្ចេកទេស នៅក្នុងមុខវិជ្ជាអ្វីមួយ នឹងពិបាកចងចាំ នៅពេលអ្នកចង់និយាយ ឬឡើងថ្លែងសុន្ទកថា ជាឧទាហរណ៍ ពាក្យវិទ្យាសាស្ត្រ ឬក៏ពាក្យដែលគេប្រើក្នុងវិស័យសេដ្ឋកិច្ច។

    ការអានសារព័ត៌មានជារៀងរាល់ថ្ងៃ ក៏ជួយឲ្យខួរក្បាលសកម្មផងដែរ ហើយក៏បង្កើនសមត្ថភាព ដើម្បីរៀបពាក្យ និងប្រយោគ ក្នុងការនិយាយ។

    វាជារឿងធម្មតា សម្រាប់មនុស្សចាស់ ក្នុងការចងចាំឧប្បត្តិហេតុពីអតីតកាល និងឧប្បត្តិហេតុបច្ចុប្បន្នកាល ប៉ុន្តែការចងចាំរឿងទាំងនេះ អាចត្រូវបានបង្កើនសមត្ថភាពឡើង បើសិនជាអ្នកនោះ មានទម្លាប់ក្នុងការអាន និងនិយាយជាប្រចាំ។

    ៤៖ ទម្លាប់ឈរ និងអង្គុយត្រង់ខ្លួន

    ការខូចផ្នែករាងកាយផ្សេងទៀត ដែលទាក់ទងជាមួយវ័យចំណាស់ គឺការកោងខ្នង។ ការពត់កោងនេះ អាចត្រូវបានកាត់បន្ថយ ឬចៀសវាងបានដោយការអង្គុយ ឬឈរឲ្យត្រង់ខ្លួន។ វាក៏ជួយទប់ស្កាត់ ការបាត់បង់នៃការលូតកម្ពស់ដែរ។ ការជិះសេះអាចជួយកាត់បន្ថយបញ្ហានេះបាន ព្រោះពេលជិះសេះ អ្នកអង្គុយដោយដងខ្លួនត្រង់។

    គ្រប់ពេលទាំងអស់ ចូរអ្នកឈរ ឲ្យបានត្រង់ខ្លួន ឲ្យដូចជាមន្ត្រីយោធាអញ្ចឹង។ ជាមួយគ្នានេះ នៅពេលដើរវិញ វាចាំបាច់ណាស់ ក្នុងការធ្វើចលនាក្នុងលក្ខណៈខ្នងត្រង់។ ការតម្រង់ជួរឆ្អឹងខ្នងតាមវិធីទាំងនេះ ជួយពង្រឹងឆ្អឹង និងការពារអ្នកមិនឲ្យដួលបាន។

    ការខូចទ្រង់ទ្រាយរាងកាយផ្សេងទៀត ដែលទាក់ទងនឹងវ័យចំណាស់ គឺការខូច Lordosis នៃចង្កេះ ដែលកើតឡើងនៅពេលដែលឆ្អឹងចង្កេះ ត្រូវទាញទៅមុខដោយសារតែ អ្នកមានក្បាលពោះធំ។ ស្ថានភាពនេះ កើតឡើងដោយសារតែការផឹកស្រាបៀរ។

    វិធីដ៏ល្អមួយនោះ គឺការឈរដោយដាក់ខ្នងទល់នឹងជញ្ជាំង។ ផ្នែកទាំង៥នៃរាងកាយ ត្រូវតែប៉ះជាមួយជញ្ជាំង រួមមាន កែងជើង កំភួនជើង គូទ សាច់ស្មា (scapula) និង ផ្នែកខាងក្រោយក្បាល (occiput)។ បើសិនជាអ្នកអាចធ្វើបែបនេះ វានឹងធ្វើឲ្យអ្នកឈរបានយ៉ាងត្រង់។ ព្យាយាមរក្សាស្ថានភាពនេះឲ្យបាន នៅពេលអ្នកឈរគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

    លោក មហាធៀ បានសរសេរបន្តទៀតយ៉ាងដូច្នេះ «ខ្ញុំសង្ឃឹមថា អត្ថបទយ៉ាងតូចមួយនេះ អាចពន្យល់អ្នកពីមូលហេតុ ដែលសញ្ញនៃភាពចាស់ជរាត្រូវកាត់បន្ថយ។ នេះ មិនមែនជាការបរិយាតាមបែបវិទ្យាសាស្ត្រទេ ប៉ុន្តែគឺជាការយល់ឃើញផ្ទាល់របស់ខ្ញុំ នៅពេលដែលខ្ញុំមានអាយុច្រើន។ គ្រប់ពេលទាំងអស់ ខ្ញុំព្យាយាមអង្គុយ ឬឈរ ឲ្យត្រង់ខ្លួន។ ខ្ញុំមិនហូបចំណីអាហារច្រើនទេ ទោះបីជាវាមានរសជាតិឆ្ងាញ់ក៏ដោយ។ ខ្ញុំថែមទាំងព្យាយាម ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់។ បន្ថែមលើនេះ ខ្ញុំក៏ទទួលទានដំណេកមួយភ្លែតៗពេលថ្ងៃផងដែរ ជាពិសេសពេលនៅក្នុងរថយន្ត»

    លោកបន្តថា «ខ្ញុំបង្វឹកខ្លួនឯងឲ្យមានវិន័យល្អ គ្រប់គ្រងអារម្មណ៍ខ្ញុំ ជាពិសេសពេលដែលខ្ញុំនៅក្នុងចំណោមមហាជន។ ទោះជាយ៉ាងណា ខ្ញុំមានមនសិការស្មោះត្រង់ ចំពោះប្រទេសជាតិ»

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ