• ក្រសួងធនធានទឹក បន្តបើកទ្វារទឹកទាំងអស់ ដើម្បីរំដោះទឹកឲ្យហូរចុះទៅបឹងទន្លេសាប តាមប្រឡាយមេធំៗ

    (បន្ទយមានជ័យ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមការងារបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តពាយព្យ ដែលតំបន់ទំនាបខ្លះបានលិចលង់ និងតំបន់ខ្លះកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារបានទទួលបរិមាណទឹកភ្លៀងធ្លាក់យ៉ាងច្រើនលើសលប់ រួមផ្សំជាមួយនឹងលំហូរទឹកពីផ្នែកខាងលើប្រទេសថៃបន្ថែម ហើយបច្ចុប្បន្ននេះ កម្ពុជា បាន និងកំពុងស្ថិតនៅជ្រលងវិសម្ពាធទាប នឹងអាចមានភ្លៀងធ្លាក់បន្តទៀតហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

    ក្នុងដំណើរបេសកកម្ម ចុះពិនិត្យ និងអន្តរាគមន៍ដោះស្រាយជំនន់ទឹកភ្លៀងបណ្តាខេត្តនៅតំបន់ខាងលើ រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងបានចាត់បញ្ជាតាមដានជាប់ជាប្រចាំដោយបើករាល់បណ្តាទ្វារទឹក ផ្នែកខាងលើ សម្រាប់សម្រួលចរន្តទឹកហូរចុះទៅក្នុងបឹងទន្លេសាប ដើម្បីបញ្ជៀស និងបន្ថយការលិចលង់ តាំងពី៣ថ្ងៃ មុនរួចស្រេច។

    ជាក់ស្តែងនៅវេលាម៉ោង ៦ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាផ្ទាល់ឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ប្រើគ្រឿងចក្រកាត់តួរទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ដោយផ្តាច់ទំនប់ប្រវែង ២០ម៉ែត្រ ដើម្បីកាត់បន្ថយបិរមាណទឹកហូរខ្លាំង កុំឲ្យបានប៉ះពាល់ និងលិចលង់ដល់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្បែរទំនប់នោះ។

    ជាពិសេស ចំពោះការចុះតាមដានស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យនាព្រឹកនេះ លោករដ្ឋមន្រ្តី និងក្រុមការងារ រួមជាមួយទេសរដ្ឋមន្រ្តី សេរី កុសល បានចុះពិនិត្យផ្ទាល់នៅទំនប់ អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ដែលមានបរិមាណទឹកយ៉ាងច្រើនក្នុងអាងប្រមាណ ១៦០លានម៉ែត្រគូប (កម្រិតរក្សាទឹកអតិបរមា ១៨០លានម៉ែត្រគូប) ដោយទទួលប្រភពទឹកមួយភាគធំ ពីច្រកគោករមៀត (អូរកំបុត) និងមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់នាពេលកន្លងមក ពេលនេះក្រុមការងារក្រសួងកំពុងបន្តបើកទ្វារទឹកទាំងអស់ ដើម្បីរំដោះទឹកឲ្យហូរចុះទៅបឹងទន្លេសាប តាមប្រឡាយមេធំៗចំនួន ០៣ខ្សែ។

    ចំពោះស្ថានភាពប្រឈមជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ននេះ លោករដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួងជាប្រធានមុខព្រួញ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្តពាយព្យ បានបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងកំពុងអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ ថែមទាំងបានចល័តគ្រឿងចក្រធុនធ្ងន់ មធ្យោបាយ និងសម្ភារផ្សេងៗទៀត មកដល់គោលដៅជាច្រើនថ្ងៃហើយ ដើម្បីការពារ និងកាត់បន្ថយផលប៉ះពាល់ឲ្យបានជាអតិបរមាដល់លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទៃដីដាំដុះរបស់បងប្អូនប្រជាពលរដ្ឋ ជាមួយគ្នានេះដែរ ក៏បានត្រៀមលក្ខណ:ជាមុន ចំពោះការទប់រក្សាទឹកទុកក្នុងអាងពេលទឹកជំនន់ចាប់ផ្តើមស្រកទៅវិញ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងការងារបង្កបង្កើនផលនាពេលខាងមុខ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ