ថ្ងៃនេះ «ប្រជាប្រិយ» នឹងបង្ហាញពីរបៀបធ្វើស៊ុបម្រះយ៉ាងឆ្ងាញ់មួយឆ្នាំងតូចល្មម សម្រាប់គ្នា ៤ ទៅ ៥ នាក់ទទួលទាន ។ ស៊ុបម្រះនេះដែរ នៅពេលបានញុំាវាហើយមិនត្រឹមតែមានរសឆ្ងាញ់ម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ច្រើនផងដែរសម្រាប់សុខភាព ។ តស់! កុំឱ្យខាតពេលយូរ មកដឹងពីវិធីចម្អិនស៊ុបម្រះនេះទាំងអស់គ្នា ៖
គ្រឿងផ្សំធ្វើទឹកស៊ុប (ទឹកស៊ុបរម្ងាស់ចេញពីឆ្អឹងមាន់ ៣ ទៅ ៤លីត្រ) មានឆ្អឹងមាន់ឆៅ ២ គីឡូ, ទឹកត្រី ១ ស្លាបព្រាបាយ, ម្សៅស៊ុបរ៉តឌី ឬ ខ្នរ ១ ស្លាបព្រាកាហ្វេ, អំបិល ១ ចឹប, ស្ករស ១ ចឹប, ទឹកធម្មតា ៦ លីត្រ 6L, ខ្ទឹមបារាំង ១ មើម, ដើមខ្ទឹមខ្យល់ ២០ ក្រាម, ដើមឃិនឆាយធំ ២០ ក្រាម ។
គ្រឿងផ្សំសម្រាប់ស៊ុបម្រះ ៖ បង្គាស្រស់ ៣០០ ក្រាម, មឹកស្រស់ ៣០០ ក្រាម, ក្ដាមសមុទ្រស្រស់ ៥០០ ក្រាម, សាច់គោស្រស់ ៥០០ ក្រាម, ព្រុយត្រីឆ្លាម ៤០០ ក្រាម, ប្រហិតមូល (ប្រហិតសាច់គោ) ២០០ ក្រាម, ផ្សិតម្ជុលមាស ១០០ ក្រាម, ម្រះខ្ចី ៣០០ ក្រាម, ពពុះសណ្ដែក ២០០ ក្រាម, ជីរណារតិចតួច, ជីរវ៉ាន់ស៊ុយ តិចតួច, មីសួ ១ កញ្ចប់តូច, មី ១ កញ្ចប់តូច, ពពុះសណ្ដែក ១០០ ក្រាម (បញ្ជាក់៖ អាចតិច ឬ ច្រើនតាមការញុំារបស់លោកអ្នក) ។
គ្រឿងផ្សំធ្វើទឹកត្រីកោះកុង ៖ ទឹកត្រី ២ ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៤ ស្លាបព្រាបាយ, ខ្ទឹមសចិញ្ច្រាំ ១ ស្លាបព្រាកាហ្វេ, ខ្ទឹមក្រហមចិញ្ច្រាំ ១ ស្លាបព្រាបាយ, ម្ទេសហឹរ ១ ស្លាបព្រាកាហ្វេ, ស្ករស ៦ ស្លាបព្រាបាយ, អំបិល ១ ចឹប, ប៊ីចេង (ដាក់ក៏បានមិនដាក់ក៏បាន) ១ ចឹប, ទឹកដូងខ្ចីដែលមានរសជាតិផ្អែម ១៥០ មិល្លីលីត្រ, ជីរវ៉ាន់ស៊ុយចិញ្ច្រាំ ១ ចឹប, ទឹកម្ទេសផ្អែមរបស់ថៃ (Thai Sweet Chili sauce) ១ ស្លាបព្រាបាយ ។
វិធីធ្វើ ៖
១- ដំបូងត្រូវធ្វើទឹកត្រីកោះកុង ដោយយកគ្រឿងផ្សំធ្វើទឹកត្រីកោះកុងទាំងអស់កិនក្រឡុកចូលគ្នាភ្លក់មើល ថែមថយរសជាតិតាមចំណូលចិត្ត រួចទុកមួយឡែកសិន ។២- ដំណាក់កាលបន្ទាប់ យកឆ្អឹងមាន់មករម្ងាស់ធ្វើជាទឹកស៊ុប ដោយយកឆ្នាំងមួយដាក់ទឹកធម្មតា ឆ្អឹងមាន់បន្ថែមនូវគ្រឿងផ្សំរសជាតិរួមមាន ខ្ទឹមបារាំង ដើមខ្ទឹមខ្យល់ ដើមឃិនឆាយធំ ម្សៅស៊ុបរ៉តឌី ឬ ខ្នរ ស្ករសអំបិល និង ទឹកត្រីបន្តិចបន្តួចចូលរួចដាំលើភ្លើងតិចៗរហូតដល់ពុះ រម្ងាស់ចោល ២ ម៉ោង សឹមត្រងវាយកតែទឹកថ្លាមកប្រើប្រហែល ៣ លីត្រ ។
៣- បន្ទាប់មកយើងត្រូវដួសទឹកស៊ុបដាក់ក្នុងឆ្នាំង នៅលើចង្ក្រានភ្លើង នៅពេលដែលទឹកស៊ុបនោះពុះកញ្ជ្រោល ត្រូវដាក់បន្លែ រួមទាំងសាច់មឹក បង្គា ព្រុយត្រីឆ្លាមចូល ។
៤- នៅវគ្គបង្ហើយ ពេលដែលទឹកស៊ុបចូលជាតិបន្លែសាច់ហើយ លោកអ្នកអាចដាក់មីសួ ឬ មីចូលដើម្បីទទួលទានជាមួយទឹកត្រីកោះកុងមួយចម្អែត បានយ៉ាងឆ្ងាញ់ពិសា ៕