• FBI របស់អាមេរិក នៅតែមិនអាចសន្មត់អំពីមូលហេតុ បង្កមានការផ្ទុះដ៏កក្រើកនៅលីបង់

    (វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (FBI) នៅថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ខ្លួនមិនទាន់មានការសន្និដ្ឋានដ៏ច្បាស់ណាមួយ ទៅលើដើមហេតុដែលបានបង្កឲ្យមានការផ្ទុះដ៏កក្រើក នៅតំបន់កំពង់ផែទីក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃទី០៤ ខែសីហា ដែលបានសម្លាប់មនុស្សជិត ២០០នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។

    ទីភ្នាក់ងាររបស់អាមេរិក និងសហភាពអឺរ៉ុបផ្សេងៗទៀត ដែលបានធ្វើការស៊ើបអង្កេតរកមូលហេតុនៃការផ្ទុះ ក៏បានជឿជាក់យ៉ាងមុតមាំថា ការផ្ទុះខាងលើគឺរឿងចៃដន្យ។ អ្នកនាំពាក្យរបស់ទីភ្នាក់ងារ FBI គូសបញ្ជាក់តាមអ៉ីមែលជាមួយសារព័ត៌មាន Reuters យ៉ាងដូច្នេះថា «ការសន្និដ្ឋានបែបនេះ មិនធ្លាប់ត្រូវបានធ្វើឡើងកាលមុនមកឡើយ»។ អ្នកនាំពាក្យរូបនេះបានបន្តទៀតថា «សំណួរបន្ថែមគួរតែត្រូវចោទសួរ ទៅកាន់អាជ្ញាធរលីបង់ដែលជាអ្នកនាំមុខការស៊ើបអង្កេត»។

    ប្រព័ន្ធផ្សព្វផ្សាយស្រុកនៅថ្ងៃអង្គារសប្តាហ៍នេះបានរាយការណ៍ថា របាយការណ៍មួយរបស់ទីភ្នាក់ងារ FBI ជុំវិញមូលហេតុនៃការផ្ទុះត្រូវបានប្រគល់ទៅឲ្យចៅក្រមលីបង់ កាលថ្ងៃចន្ទសប្តាហ៍នេះ ប៉ុន្តែទីភ្នាក់ងារ FBI បានបដិសេធដោយមិនព្រមធ្វើការអត្ថាធិប្បាយ ពាក់ព័ន្ធរបាយការណ៍ទាំងនោះឡើយ។

    គួរបញ្ជាក់ថា យោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិក ០២រូប ដែលពាក់ព័ន្ធទៅនឹងក្រុមអ្នកស៊ើបអង្កេត លើឧប្បដិហេតុផ្ទុះសារធាតុគីមី ដ៏កក្រើកខាងលើបានគូសបញ្ជាក់ថា ទីភ្នាក់ងារអាមេរិកជឿជាក់ថា ហេតុការណ៍ផ្ទុះអាម៉ូញ៉ូមនីត្រាត ដែលបានរក្សាទុកនៅកំពង់ផែលីបង់អស់ជាច្រើនឆ្នាំនោះ គឺពិតជាកើតឡើងដោយចៃដន្យ។ ទន្ទឹងគ្នានេះទីភ្នាក់ងារស៊ើបអង្កេតរបស់សហភាពអឺរ៉ុប ក៏បានធ្វើការសន្និដ្ឋានស្រដៀងគ្នានេះដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ