• មានដឹងទេថា ប្រទេសណាសម្បូរអ្នកជិះកង់ច្រើនជាងគេ?

    (បរទេស)៖ ទម្លាប់នៃការនិយមជិះកង់ គឺពិតជាផ្ដល់ផលប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិនីមួយៗ ពីព្រោះវាបានចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងកាត់បន្ថយបន្ទុកចំណាយនានា។

    តើអ្នកដឹងទេថា ប្រទេសណាដែលសម្បូរអ្នកជិះកង់ច្រើនជាងគេនៅលើពិភពលោក ហើយគេបានរៀបចំយ៉ាងដូចម្ដេចខ្លះ ដើម្បីជំរុញឱ្យមានអ្នកជិះកង់ច្រើនយ៉ាងដូច្នេះ?

    ហូឡង់ ឬ នែតដឺរលែន (Netherland) ជាប្រទេសតូចមួយដែលមានប្រជាជននិយមជិះកង់ច្រើនជាងគេនៅលើពិភពលោក ខណៈប្រជាជនក្នុងប្រទេសមានតែជាង ១៧ លាននាក់ ប៉ុន្តែចំនួនកង់វិញគឺមានដល់ទៅជាង ២២ លានគ្រឿង។ ប្រជាជនម្នាក់យ៉ាងហោចណាស់ក៏មានកង់មួយ ឬពីរគ្រឿងដែរ សម្រាប់ធ្វើដំណើរផ្លូវជិត-ផ្លូវឆ្ងាយ ឬសម្រាប់ជិះហាត់ប្រាណជាដើម។

    ប្រជាជនក្នុងប្រទេសអឺរ៉ុបខាងលិចមួយនេះមានទម្លាប់ជិះកង់រាប់ទសវត្សរ៍មកហើយ ខណៈបរិមាណយានយន្តគឺមានតិចជាងបរិមាណកង់ឆ្ងាយណាស់ ពិសេសនៅក្នុងរដ្ឋធានីអាមស្តឺរដាម (Amsterdam) ចំនួនកង់មានច្រើនជាងចំនួនរថយន្តដល់ទៅបួនដងឯណោះ។

    មូលហេតុដែលជំរុញឱ្យប្រជាជនហូឡង់កើតមានទម្លាប់ជិះកង់នេះ គឺដោយសារកត្តាភូមិសាស្ត្រប្រទេសនេះសម្បូរទៅដោយដីទំនាប ដែលងាយស្រួលក្នុងការធ្វើដំណើរដោយកង់។ មួយទៀតសោត កង់ក៏ជាមធ្យោបាយដែលមានតម្លៃសមរម្យ និងសមស្របទៅនឹងស្ថានភាពហេដ្ឋារចនាសម្ពន្ធក្នុងទីក្រុង ខណៈទីក្រុងភាគច្រើននៅប្រទេសហូឡង់មានសភាពតូចចង្អៀត តែខ្វាត់ខ្វែងច្រើន។

    ដើម្បីឱ្យប្រជាជនពេញនិយមប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរនោះ រដ្ឋាភិបាលហូឡង់បានរៀបចំប្លង់គោលសំខាន់ៗមួយចំនួន រួមមាន៖

    ទី១៖ រៀបចំផ្លូវកង់ជាប្រព័ន្ធ
    ជាគោលគំនិតដើម្បីឱ្យការជិះកង់កាន់តែងាយស្រួល និងលឿនជាងមុន គេបានរៀបចំឱ្យមានរចនាសម្ពន្ធតភ្ជាប់ផ្លូវធំទៅផ្លូវតូច ហើយបន្តភ្ជាប់ទៅកាន់តំបន់បុរីលំនៅដ្ឋាន សាលារៀន តំបន់លម្ហែ តំបន់ការិយាល័យការងារជាដើម។

    ទី២៖ បែងចែកផ្លូវកង់ និងផ្លូវយានយន្តដទៃ
    គេបានរៀបចំទំហំផ្លូវសមល្មម និងបានបែងចែកគន្លងផ្លូវយ៉ាងត្រឹមត្រូវ ដោយមិនមានការរំខានពីអ្នកថ្មើរជើង ឬយានយន្តឡើយ ពោលគឺគេបានបែងចែកផ្លូវកង់ផ្សេង ផ្លូវថ្មើរជើងផ្សេង និងផ្លូវរថយន្តផ្សេង។

    នៅរដ្ឋធានីអាមស្តឺរដាម និងទីក្រុងធំៗផ្សេងទៀត គេបានបង្កើតឱ្យមានផ្លូវល្បឿនលឿនសម្រាប់កង់ផងដែរ ដែលភាសាបច្ចេកទេសហៅថា Cycle Highway។ ជាទូទៅផ្លូវកង់ល្បឿនលឿននេះមានទំហំចាប់ពី ៣ ម៉ែត្រឡើងទៅ និងគ្មានការរំខានពីរថយន្ត ឬអ្វីមួយឆ្លងកាត់នោះឡើយ។ ផ្លូវនេះពិតជាងាយស្រួលខ្លាំងសម្រាប់អ្នករស់នៅជាយក្រុងហើយចង់ធ្វើដំណើរចូលទៅក្នុងក្រុង។

    ចំណែកឯនៅក្នុងក្រុងវិញ ផ្លូវចាស់ៗដែលមានទំហំតូចៗពីមុនមកនោះ ត្រូវបានខណ្ឌចែកដោយថ្មទ្រូងផ្លូវ ដើម្បីកំណត់ផ្លូវកង់នៅម្ខាង និងផ្លូវរថយន្តនៅម្ខាងទៀត ក៏មានដែរផ្លូវរថយន្ត-ផ្លូវកង់នៅជាមួយគ្នា ប៉ុន្តែកង់ត្រូវបានផ្ដល់អាទិភាពជាចាំបាច់។

    ទី៣៖ រៀបចំចំណតជាប្រព័ន្ធ
    គេបានរៀបចំឱ្យមានចំណតកង់ជាប្រព័ន្ធ ដើម្បីទុកដាក់ឱ្យបានស្រួល មានសុវត្ថិភាព និងងាយស្វែងរក។ ជាទូទៅ ចំណតកង់ត្រូវបានរៀបចំនៅលើដី ប៉ុន្តែនៅទីតាំងសំខាន់ៗមួយចំនួន ដូចជានៅស្ថានីយរថភ្លើង គឺគេបានធ្វើចំណតនៅក្រោមដីថែមទៀតផង រហូតដល់ពេលខ្លះនៅក្នុងសាលចំណតក្រោមដីតែមួយ មានធ្នើដាក់កង់ដល់ទៅពីរជាន់ឯណោះ។

    គិតត្រឹមឆ្នាំ២០១៩ ប្រទេសហូឡង់មានផ្លូវកង់ប្រវែងសរុប ៣៥,៤០០ គីឡូម៉ែត្រ ដែលជារចនាសម្ពន្ធផ្លូវកង់ច្រើនជាងគេនៅលើពិភពលោក។ លើសពីនេះទៀត រាល់ពេលឆ្លងកាត់ពីទីក្រុងមួយទៅទីក្រុងមួយទៀត តែងតែមានផ្លូវកង់តភ្ជាប់គ្នាជានិច្ច។

    ការជិះកង់មិនមែនមានតែអត្ថប្រយោជន៍សម្រាប់ប្រជាជនហូឡង់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន កាត់បន្ថយផ្សែងដែលចេញពីយានយន្ត កាត់បន្ថយចំណាយលើការទិញប្រេងឥន្ធនៈ និងការចំណាយលើការថែទាំយានយន្តជាដើម។

    ម្យ៉ាងវិញទៀត វប្បធម៌នៃការជិះកង់នេះបានបង្ហាញពីសមភាពនៅក្នុងសង្គមហូឡង់ផងដែរ មិនថាប្រជាជនមានឋានៈ តួនាទី តំណែងខ្ពស់ទាបយ៉ាងណានោះឡើយ គឺសុទ្ធតែចូលចិត្តជិះកង់ដូចតែគ្នា។

    ក្រៅពីប្រទេសហូឡង់ ក៏មានប្រទេសមួយចំនួននៅអាស៉ីបាននិងកំពុងជំរុញឱ្យប្រជាជនងាកមករកការនិយមជិះកង់វិញ ដើម្បីកាត់បន្ថយការកកស្ទះក្នុងទីក្រុង ដូចជា ប្រទេសចិន កោះតៃវ៉ាន់ ប្រទេសជប៉ុន ប្រទេសថៃជាដើម ខណៈនៅប្រទេសកម្ពុជា នាពេលថ្មីៗនេះ ក៏បានលេចឡើងនូវការពេញនិយមជិះកង់ហាត់ប្រាណ និងជិះកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ