• ទីបំផុតលោក ដូណាល់ ត្រាំ «ជាសះស្បើយទាំងស្រុងពីកូវីដ-១៩» និងអាចចូលរួមវេទិកានានា នៅចុងសប្តាហ៍នេះ!

    (វ៉ាស៊ីនតោន)៖ វេជ្ជបណ្ឌិតរបស់លោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកប្រធានាធិបតីអាមេរិករូបនេះ បានជាសះស្បើយទាំងស្រុងពីជំងឺ COVID-19 ហើយ ដោយសុខភាពរបស់លោកមានភាពនឹងនរ និងអាចត្រឡប់ទៅចូលរួមក្នុងវេទិកាសាធារណៈនានាឡើងវិញ ចាប់ពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះតទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។

    នៅក្នុងសារមួយចេញផ្សាយដោយសេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោកវេជ្ជបណ្ឌិត សន ខុនលី (Sean Conley) បានគូសបញ្ជាក់ទៀតថា លោក ដូណាល់ ត្រាំ មានសុខភាពល្អពេញលេញ ដោយគ្មានសេសសល់រោគសញ្ញាអ្វីឡើយ។ គ្រូពេទ្យប្រចាំសេតវិមានរូបនេះ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ គឺត្រូវនឹងថ្ងៃទី ១០ ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យមក ហើយផ្អែកលើភាពរីកចម្រើនទៅមុខ ខ្ញុំហ៊ាននិយាយថា លោកប្រធានាធិបតីអាចត្រឡប់ទៅចូលរួមក្នុង វេទិកាសាធារណៈនានាវិញបាន»។

    គួរជម្រាបថា លោក ដូណាល់ ត្រាំ និងភរិយាត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយលោកត្រូវបានអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យត្រឡប់ទៅសេតវិមានវិញកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ មិនមានទាន់មានការបញ្ជាក់ថា តើលោក ត្រាំ បានឆ្លងជំងឺនេះពីនរណាឡើយ ប៉ុន្តែការប្រកាសថាលោកឆ្លងជំងឺកូវីដ-១៩ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីប្រឹក្សាជំនិតរបស់លោក គឺលោកស្រី ហូប ហ៊ីកស៍ (Hope Hicks) បានធ្វើតេស្តវិជ្ជមាននៃវីរុសកូរ៉ូណា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]om

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ