• Samsung រំពឹងថាប្រាក់ចំណេញសម្រាប់ត្រីមាសទី៣នៃឆ្នាំនេះ នឹងកើន៥៨ភាគរយ ដោយសារកំណើននៃការលក់ស្មាតហ្វូន

    (សេអ៊ូល)៖ ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង Samsung Electronics នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការសម្រាប់ត្រីមាសទី៣នៃឆ្នាំ២០២០នេះ ទំនងជានឹងកើន៥៨ភាគរយ ដោយសារតែកំណើននៃការលក់ដាច់ស្មាតហ្វូន បូករួមជាមួយការលក់សម្ភារៈអេឡិចត្រូនិចផ្សេងៗទៀតរបស់ខ្លួន ទោះបីជានៅចំពោះមុខភាពអន់ខ្សោយនៃទីផ្សារបន្ទះឈីបអង្គចងចាំ (Memory Chip) ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានលើកឡើងថា ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់ត្រីមាសទី៣នៃឆ្នាំនេះ គឺគិតត្រឹមដំណាច់ខែកញ្ញាកន្លងទៅ ទំនងជានឹងទទួលបានរហូតដល់១២.៣ទ្រីលានវ៉ុន ដែលស្មើនឹង១០.៦៣ពាន់លានដុល្លារ ខណៈកន្លងមក ក្រុមហ៊ុនវិភាគទិន្នន័យទីផ្សារហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយគឺ រីហ្វ៉ីនីធីវ (Refinitiv) បានព្យាករណ៍ថា ប្រាក់ចំណេញរបស់ Samsung អាចទទួលបានត្រឹម១០.៥ទ្រីលានវ៉ុន។

    គួរជម្រាបថា សម្រាប់ប្រាក់ចំណូលវិញ Samsung បានឲ្យដឹងថា វាទំនងជានឹងកើន៦.៥ភាគរយ គឺឡើងដល់៦៦ទ្រីលានវ៉ុន ឬស្មើនឹង៥៧ពាន់លានដុល្លារ ធៀបនឹងត្រីមាសដូចគ្នានៃឆ្នាំ២០១៩។ ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា នឹងចេញរបាយការណ៍លម្អិតពាក់ព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន នៅក្នុងខែតុលានេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ