• ផ្សារ​ទំនើប​ Aeon ទី​៣​ ចាប់ផ្តើម​សាងសង់ ហើយ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ ​២០២២

    ភ្នំពេញ ៖ ផ្សារ​ទំនើប AEON III ជា​ផ្សារ​ធំជាងគេ​ក្នុង​តំបន់​អាស៊ាន អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ផ្សារ​ទំនើប AEON Mall Co., Ltd ដែលជា​ប្រតិបត្តិ​ករ​វិស័យ​លក់រាយ​ធំជាងគេ​របស់​ជប៉ុន បាន​បើក​ការដ្ឋាន​សាងសង់ អ៊ី​អន​ម៉​ល​សាខា​ទី​៣​នៅ​កម្ពុជា បន្ទាប់ពី​ដំណើរ​ការល្អ​នូវ​សាខា​ទី​១ និង​សាខា​ទី​២​រួចមក​។​

    ការបើក​ការដ្ឋាន​សាងសង់​គម្រោង​អភិវឌ្ឍន៍​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​៣ ឬ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​មានជ័យ​នេះ មានការ​ចូលរួម​ពី​ឯកឧត្ដម មី​កា​មី ម៉ាសា​ហ៊ិ​រូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម​ឃួ​ង ស្រេង​។

    ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​៣​នេះ គ្រោង​នឹង​បើក​ដំណើរការ ជា​ផ្លូវការ​នៅ​ឆ្នាំ​២០២២ ខាងមុខ ហើយនឹង​ក្លាយជា​សាខា​ផ្សារ​ទំនើប AEON Mall ដែល​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន​។ នេះ​បើតាម​សេ​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃ​ពុធ​ទី ៧ តុលា ឆ្នាំ​២០២០​នេះ ​គម្រោង​អភិវឌ្ឍន៍​ផ្សារ ទំនើប​នេះ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ឬ​ផ្លូវ​៦០​ម៉ែត្រ​) គ្របដណ្តប់​លើ​ទំហំ​ផ្ទៃដី 174,000 ម៉ែត្រការ៉េ ដែល​ទំហំ​នេះ​ធំ​ជាង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​១ ពីរដង (68,000 ម៉ែត្រការ៉េ បើក​ដំណើរការ​ឆ្នាំ​២០១៤) និង​ធំ​ជាង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន សុខ បន្តិច (151,000 ម៉ែត្រការ៉េ​)​។​

    ​អ្នកជំនាញ​ខាង​វិស័យ​ដីធ្លី មើលឃើញថា ការអភិវឌ្ឍ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​៣​នេះ នឹង​ជួយ​អភិវឌ្ឍន៍​ប៉ែក​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ ឱ្យ​កាន់​លេចធ្លោ ហើយ​ថែមទាំង​បង្កើន​សក្តានុពល​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ផងដែរ​។​

    ​កញ្ញា លី សុខា ប្រធាន​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ​ឯកទេស​ខាង​ទីផ្សារ​ដីធ្លី Century 21 Zillion Holding ប្រចាំ​ខណ្ឌមានជ័យ បានឱ្យដឹងថា វត្តមាន​ផ្សារ​ទំនើប​មួយ​នេះ នឹង​បង្កើតឱ្យមាន​បរិយាកាស​រស់នៅ និង​ចរន្ត​សេដ្ឋកិច្ច អ៊ូអរ​ជាង​ប​ច្ច​ប្បន្ន ខណៈដែល​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ធំៗ និង​ផ្សារ​ទំនើប​ផ្សេងៗ​ទៀត​កំពុង​អភិវឌ្ឍ​នៅ​តំបន់​នេះ​ជា​ហូរហែរ​។​

    ​កញ្ញា លី សុខា បាន​មានប្រសាសន៍ថា «​វត្តមាន​ផ្សារ​ទំនើប​នេះ​នឹង​ជួយ​ប​ង្កើ ន​សន្ទុះ​ទីផ្សារ ដីធ្លី​ថែមទៀត​នៅក្នុង​តំបន់​ខណ្ឌមានជ័យ និង តំបន់​ក្បែរៗ​គម្រោង​នេះ​ដូចជា​ខណ្ឌដង្កោ (​ជាប់​ព្រំប្រទល់​នឹង​ខណ្ឌមានជ័យ​) និង ទីតាំង​ដី​ក្នុង​ខេត្តកណ្តាល​»​។​

    ​គួរ​បញ្ជាក់ថា របាយការណ៍​ស​ន្ទ​ស្សន៍​ដីធ្លី​របស់​ក្រុមហ៊ុន​ឯកទេស​វាយតម្លៃ​អចលនទ្រព្យ Vtrust Appraisal បាន​បង្ហាញថា ទីផ្សារ​ដីធ្លី​នៅក្នុង​ខណ្ឌមានជ័យ​នាពេល​បច្ចុប្បន្ន មានតម្លៃ​ចាប់ពី ២០០ ដុល្លារ រហូតដល់ ៤៧០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ដោយ​អាស្រ័យ​លើ​ទីតាំង​នៃ​ដី​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ