• គ្រូពេទ្យ ដែលពិនិត្យសុខភាពលោក ត្រាំ ប្រាប់ថាលោកអាចនឹងចេញពីមន្ទីរពេទ្យ ទៅកាន់សេតវិមានវិញនៅក្នុងសប្តាហ៍នេះ!

    (វ៉ាស៊ីនតោន)៖ ក្រុមគ្រូពេទ្យព្យាបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលមានជំងឺ COVID-19 បាននិងកំពុងតាមដានស្ថានភាពសួតរបស់លោក បន្ទាប់ពីការទទួលអុកស៊ីសែនបន្ថែមប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងលោកបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ នៅខាងក្រៅមន្ទីរពេទ្យ ដោយជិះនៅក្នុងរថយន្ដមួយគ្រឿង ខណៈគ្រូពេទ្យប្រចាំខ្លួនលោក ត្រាំ បានអះអាងថា ប្រធានាធិបតីរូបនេះអាចចាកចេញពីមន្ទីរពេទ្យ ទៅកាន់សេតវិមានវិញ ដើម្បីទទួលការព្យបាលបន្តនៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។

    លោក ដូណាល់ ត្រាំ មានអាយុ ៧៤ឆ្នាំបានពាក់ម៉ាស និងលោកដៃគ្រវីដាក់អ្នកគាំទ្រ ដោយអង្គុយក្នុងរថយន្ត SUV នៅខាងមុខមន្ទីរពេទ្យយោធា វ៉លធើ រីដ (Walter Reed National Military Medical Center) ស្របពេលអ្នកគាំទ្រគ្រវីទង់គាំទ្រលោក ត្រាំ ជាមួយការស្រែកច្រៀងពាក្យស្លោក “USA! USA!។ លោក ដូណាល់ ត្រាំ កំពុងទទួលការព្យាបាល COVID-19 ដោយប្រើថ្នាំ រ៉េមដេស៊ីវា (Remdesivir) និង ឌិចហ្សាមេតាសុន (dexamethasone)។

    វេជ្ជបណ្ឌិតប្រចាំកាយលោក ត្រាំ គឺលោក សន ខុនលី (Sean Conley) បានទទួលស្គាល់ថា កម្រិតអុកស៊ីសែននៅក្នុងឈាមរបស់លោក ត្រាំ បានធ្លាក់ចុះពិតមែនកាលពីប៉ុន្មានថ្ងៃមុន និងឡើងកម្ដៅក្នុងខ្លួនខ្លាំងកាលពីព្រឹកថ្ងៃសុក្រ (ពេលវេលានៅវ៉ាស៊ីនតោន)។ ប៉ុន្តែលោក Conley ក៏បានបញ្ជាក់ដែរថា ស្ថានភាពសុខភាពលោក ត្រាំ ចាប់ផ្ដើមល្អប្រសើរឡើងវិញនៅថ្ងៃអាទិត្យ ហើយអាចនឹងត្រូវអុនញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីទៅព្យាបាលបន្តនៅក្នុងសេតវិមាន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ