ពហុកីឡាដ្ឋានជាតិ អូឡាំពិក ស្នាដៃប្រវត្ពិសាស្ត្រ របស់ស្ថាបនិកខ្មែរ លោកតា វណ្ណ ម៉ូលីវណ្ណ ដែលសាងសង់ឡើង នៅដើមឆ្នាំ ១៩៦២ និងបញ្ចប់ការសាងសង់ រហូតដល់ចុងខែ មិនា ឆ្នាំ ១៩៦៣ ដែលគិតមកដល់ពេលនេះ សំណង់អគារ នេះមានអាយុកាលប្រមាណជាង៥៨ឆ្នាំមកហើយ។
ពហុកីឡដ្ឋានជាតិនេះ មានរចនាសម្ព័ន្ធដូចជា សាលវិមានកីឡា ទីលានបាល់ទាត់ខ្នាតអន្តរជាតិដែលមានផ្លូវសម្រាប់រត់អត្តពលកម្មខ្នាតអន្តរជាតិផងដែរ ចំណែកផ្នែកខាងកើតមានអាងហែលទឹក និងលោតទឹក ក៏ដូចជាទីធ្លាវាយកូនបាល់ជាដើម។ គួរបញ្ជាក់ថា ក្នុងសាលវិមានកីឡាមានកន្លែងសម្រាប់ទស្សនាបាល់ទះ បាល់បោះ ប្រដាល់ និងវិញ្ញាសាប្រភេទកីឡា Indoor ដទៃទៀតដែលមានកន្លែងអង្គុយទស្សនាសម្រាប់មនុស្សចំនួន ៨០០០នាក់ ដោយឡែកកន្លែងសម្រាប់ទស្សនាការប្រកួតបាល់ទាត់មានចំណុះមនុស្សចំនួន ៦០០០០ នាក់។
គួរបញ្ជាក់ដែរថា ការសាងសង់ពហុកីឡាដ្ឋានជាតិ អូឡាំពិក គឺ ដោយសារតែមូលហេតុ ព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងការប្រកួតកីឡា SEAP GAMES លើកទី៣ក្នុងឆ្នាំ១៩៦៣ ក្រោយការបញ្ចប់ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEAP GAMES លើកទី២ ដែលប្រព្រឹត្តទៅនៅទីក្រុងរ៉ង់ហ្គួន ប្រទេសភូមាកាលពីអំឡុងខែធ្នូឆ្នាំ១៩៦១។ ប៉ុន្តែ ការប្រកួតកីឡាលើកទី៣ ត្រូវលើកទៅធ្វើនៅឆ្នាំ១៩៦៥ នៅក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី ដោយសារតែ កម្ពុជាពុំអាចរៀបចំបាន និងការរៀបចំទីលានទាំងឡាយពុំអាចធ្វើទាន់ពេលវេលា កំណត់។
យោងតាមឯកសារ ទស្សនាវដ្តីCambodja ថវិកាដែលបានគ្រោងសម្រាប់ សាងសង់ពហុកីឡាដ្ឋានជាតិ នៅពេលនោះគឺជាថវិការរដ្ឋដែលមានទឹកប្រាក់ចំនួន៣៥០លានរៀល ប៉ុន្តែចំនួនទឹកប្រាក់នោះពុំគ្រប់គ្រាន់នោះទេ ដោយនៅពេលចាប់ផ្តើមធ្វើការសាងសង់រយៈពេល១ឆ្នាំថវិកាខ្វះ ក៍ខ្វះខាតជាច្រើនទៀត។ ដូច្នេះ ដើម្បីបំពេញការខ្វះខាតនេះសម្តេចព្រះនរោត្តមសីហនុព្រះប្រមុខរដ្ឋនាពេលនោះបានផ្តើមគំនិតបង្កើតមូលនិធិមួយដើម្បីជួយក្នុងការសាងសង់ ដោយស្នើឱ្យមន្ត្រីរាជការឬប្រជាពលរដ្ឋខ្មែរដែលសុខចិត្តជួយថវិកាចំនួន ២៨០រៀលព្រះអង្គ ប្រទានមេដាយមួយហៅថា(មេដាយការទ្រទ្រង់ការកសាងពហុកីឡាដ្ឋានជាតិ)។ នៅពេលកសាងពហុកីឡាដ្ឋនជាតិរួចរាល់ថវិកាដែលត្រូវចំណាយក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន៧៧៨លានរៀល ស្មើនឹង៤០លានហ្វ្រង់បារាំង ។