• កម្ពុជានឹងប្រារព្ធពិធីអបអរទិវាទេសចរណ៍ពិភពលោក ២០២០ នាថ្ងៃទី៣ ខែតុលា នៅខេត្តសៀមរាប

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ខាងមុន នឹងរៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ (World Tourism Day 2020) ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ នៅខេត្តសៀមរាប។

    តាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែកញ្ញានេះ បានឱ្យដឹងថា ទិវាទេសចរណ៍ពិភពលោកនេះ តែងតែត្រូវបានរៀបចំជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៧ ខែកញ្ញា ទូទាំងពិភពលោក។

    ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយអាជ្ញាធររាជធានី-ខេត្ត និងភាគីពាក់ព័ន្ធនានារៀបចំកិច្ចការមួយចំនួន រួមមាន៖

    ១៖ រៀបចំប័ណ្ណផ្សព្វផ្សាយ បដាពាក្យស្លោក ដាក់តាំងបង្ហាញតាមស្ថាប័នរដ្ឋ អាជីវកម្មទេសចរណ៍ រមណីយដ្ឋាន ទេសចរណ៍ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល ទីសាធារណៈ តាមដងផ្លូវចម្បងៗ ចាប់ពីថ្ងៃទទួលបានសារាចរនេះតទៅ។

    ២៖ រៀបចំកម្មវិធីធ្វើអនាម័យតាមស្ថាប័ន និងទីសាធារណៈខាងលើ ដោយមានការចូលរួមពីមន្ត្រីរាជការ ផ្នែកឯកជន គ្រូបង្រៀន សិស្ស-និស្សិត ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

    ៣៖ រៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ ក្រោមអធិបតីភាពនៃថ្នាក់ដឹកនាំរាជធានី-ខេត្ត និងមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ គ្រូបង្រៀន សិស្ស-និស្សិត អាជីវករ អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។ ការរៀបចំកម្មវិធីនេះត្រូវគោរពតាមវិធានសុវត្ថិភាព និងសុខភាពប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ ដែលចេញដោយក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងអាជ្ញាធរមានសមត្ថកិច្ចផ្សេងៗទៀត។

    ខ្លឹមសារនៃកម្មវិធីត្រូវផ្ដោតសំខាន់លើការលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសការចូលរួមអភិវឌ្ឍតំបន់ជនបទ ដោយត្រូវមានរបៀបវារៈមួយចំនួន ដូចជា៖

    * ការអានសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
    * បទបង្ហាញនានាផ្ដោតលើការអភិវឌ្ឍជនបទតាមរយៈវិស័យទេសចរណ៍ ស្របតាមឯកសារបច្ចេកទេសដែលក្រសួងទេសចរណ៍បានណែនាំ និងប្រគល់ជូន។
    * ចំណាប់អារម្មណ៍របស់តំណាងស្ថាប័នពាក់ព័ន្ធ សហគមន៍ទេសចរណ៍ អាជីករក្នុងវិស័យទេសចរណ៍ ប្រជាពលរដ្ឋមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

    ៤៖ ដើម្បីរៀបចំប្រារព្ធពិធីអបអរសាទរខាងលើប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចូលរួមការប្រារព្ធកម្មវិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២០នេះ ដែលរៀបចំដោយក្រសួងទេសចរណ៍នាពេលដ៏ខ្លីខាងមុខ នៅខេត្តសៀមរាប និងទទួលយកខ្លឹមសារនានាទៅផ្សព្វផ្សាយបន្តតាមរាជ-ធានីខេត្តរបស់ខ្លួន។

    ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា នៅពេលទទួលបានសារាចរណែនាំនេះហើយ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវសហការជាមួយអាជ្ញាធររាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តសកម្មភាពនានា ស្របតាមការណែនាំខាងលើ ដោយស្មារតីសហការ និងទទួលខុសត្រូវខ្ពស់៕

    Freshnews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ