គូស្វាមីភរិយាដែលរៀបការចាប់ផ្តើមពីខែមេសា ឆ្នាំ ២០២១ ទៅនឹងទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ ៦០ ម៉ឺនយ៉េន (ប្រហែល ៥.៧០០ ដុល្លារ) ពីរដ្ឋាភិបាលមូលដ្ឋានដែលចូលរួមនៅក្នុងប្រទេសជប៉ុន។
ការលើកទឹកចិត្តនេះ ដែលអាចត្រូវបានប្រើដើម្បីទូទាត់ថ្លៃឈ្នួល និងថ្លៃដើមផ្សេងទៀត គឺជាកម្មវិធីគាំទ្រថ្មីមួយដែលមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវអត្រាកំណើតទាបរបស់ប្រទេស។
មានតែទារកចំនួន ៨៦៥.០០០ នាក់ប៉ុណ្ណោះ ដែលបានកើតនៅក្នុងប្រទេសជប៉ុន កាលពីឆ្នាំមុន ដែលជាអត្រាទាបបំផុតមួយ សម្រាប់ប្រជាជាតិមួយដែលត្រូវបានគេដឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះថាជា “គ្រាប់បែកពេលវេលាប្រជាសាស្ត្រ”។
គិតត្រឹមខែកក្កដា មានតែក្រុងចំនួន ២៨១ ប៉ុណ្ណោះ ដែលស្មើនឹង ១៥ ភាគរយ នៃទីក្រុងទី ប្រជុំជន និងភូមិទាំងអស់ ដែលបានអនុម័តកម្មវិធីនេះ ដែលជំរុញឱ្យរដ្ឋាភិបាលកណ្តាលបោះជំហានទៅមុខ និងគាំទ្រ ២ ភាគ ៣ នៃការចំណាយចាប់ពីឆ្នាំសារពើពន្ធបន្ទាប់ក្នុងឆ្នាំ ២០២១ ។
យោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ បានឲ្យដឹងថា ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធីនេះ ប្តីប្រពន្ធទាំងពីរត្រូវតែមានអាយុក្រោម ៤០ ឆ្នាំ តាមកាលបរិច្ឆេទចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេ ដោយពន្យារពេលកាត់ផ្តាច់មុននៅអាយុ ៣៥ ឆ្នាំ។
ស្ថិតក្រុមកម្មវិធីបច្ចុប្បន្ន នោះអ្នកទើបរៀបអាពាហ៍ពិពាហ៍អាយុក្រោម ៣៥ ឆ្នាំ ដែលមានប្រាក់ចំណូលរួមតិចជាង ៤.៨ លានយ៉េន (៤៥.៧០០ ដុល្លារ) មានសិទ្ធិទទួលបានជំនួយរហូតដល់ ៣០០.០០០ យ៉េន។ ខែមេសាឆ្នាំក្រោយ គូស្វាមីភរិយាត្រូវមានអាយុក្រោម ៤០ ឆ្នាំ និងមានប្រាក់ចំណូលរួមតិចជាង ៥,៤ លានយ៉េន (៥១,៤០០ ដុល្លារ) ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជំនួយ ៦០ ម៉ឺនយ៉េន។
គោលនយោបាយកែសម្រួលនេះ ត្រូវបានគេរាយការណ៍ថាបានប្រកាសកាលពីថ្ងៃអាទិត្យនេះ។ ក្នុងចំណោមក្រុងទាំង ២៨១ ដែលអនុវត្តកម្មវិធីនេះមិនមានមកពីទីក្រុងតូក្យូទេ។
នេះគឺជាយន្តការមួយដែលរដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋាភិបាលជាតិ ចែកថវិកាពាក់កណ្តាលដើម្បីគាំទ្រ។
លោក Takashi Ryuzaki អ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យ Ryutsu Keizai បាននិយាយថា មានរដ្ឋាភិបាលក្នុងតំបន់មួយចំនួនដែលមិនអាចមានលទ្ធភាពលៃលកសម្រាប់បញ្ហានេះបាន។
តែយ៉ាងណា រហូតមកដល់ពេលនេះ មានមនុស្សមួយចំនួនបានស្វាគមន៍ការផ្លាស់ប្តូរដោយភាពរំភើប ដោយបាននិយាយថា៖ “ខ្ញុំពិតជាអរគុណណាស់ [នោះគឺ] ៦០ ម៉ឺនយ៉េន។ វានឹងជួយដល់ការចំណាយក្នុងការរស់នៅ (ក្រោយពេលរៀបការ)”៕