• នរណាជាស្រ្តីដំបូងគេដែលបានធ្វើដំណើរទៅកាន់លំហអវកាស?

    (បរទេស)៖ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦៣ អវកាសយានិកជនជាតិសូវៀតមួយរូបគឺលោកស្រី វាលែនទីណា តេរេសស្កូវ៉ា (Valentina Tereshkova) បានក្លាយជាស្ត្រីដំបូងគេបង្អស់ ដែលបានធ្វើដំណើរទៅក្នុងលំហអវកាសដោយជិះយានអវកាស វ៉ូស្តុក៦ (Vostok 6)។ ក្រោយគោចរជុំវិញផែនដីបាន៤៨ជុំវិញ និងចំណាយពេល៧១ម៉ោងរួចមក លោកស្រីបានវិលត្រឡប់ចុះមកផ្ទៃផែនដីវិញ។ គិតត្រឹមពេលនោះ ការធ្វើដំណើរក្នុងលំហអវកាសរបស់លោកស្រី គឺច្រើនជាងរយៈពេលនៃការធ្វើដំណើរក្នុងទីអវកាសរបស់ អវកាសយានិកអាមេរិកទាំងអស់បូកបញ្ចូលគ្នាទៀតផង។

    លោកស្រី វាលែនទីណា វ៉្លាឌីមៀរ៉ូវណា តេរេសស្កូវ៉ា (Valentina Vladimirovna Tereshkova) កើតក្នុងគ្រួសារកសិករមួយនៅប្រទេសរុស្ស៉ី ក្នុងឆ្នាំ១៩៣៧ ដែលជាអំឡុងសម័យសហភាពសូវៀត។ លោកស្រីបានចាប់ផ្តើមការងារដំបូងនៅរោងចក្រវាយនភណ្ឌមួយកន្លែងនៅអាយុ១៨ឆ្នាំ។ លុះដល់វ័យ២២ឆ្នាំ លោកស្រីបានទទួលឱកាសធ្វើការលោតឆ័ត្រយោងជាលើកដំបូង ក្រោមការឧបត្ថម្ភនៃក្លឹបអាកាសចរណ៍មួយ។

    ភាពស្រឡាញ់ចូលចិត្តសកម្មភាព Skydiving (ការទម្លាក់ខ្លួនពីលើអាកាស) របស់លោកស្រី បាននាំឲ្យកម្មវិធីអវកាសរបស់សូវៀតចាប់អារម្មណ៍ខ្លាំង ចំពោះលោកស្រី ខណៈសូវៀតពេលនោះកំពុងតែព្យាយាមស្វែងរកស្រ្តីអវកាសយានិក ដើម្បីបញ្ជូនឡើងទៅកាន់ទីអវកាស នៅអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៦០ ក្រោមគោលដៅសម្រេចជោគជ័យមួយទៀតឲ្យបានមុនសហរដ្ឋអាមេរិក។

    ជាមួយបទពិសោធន៌ជាអ្នកលោតឆ័ត្រយោងដ៏ជោគជ័យមួយរូប លោកស្រី Tereshkova មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រឈមនឹងតម្រូវការយ៉ាងលំបាកមួយនៃការធ្វើដំណើរក្នុងយាន Vostok គឺការត្រូវចាកចេញពីយានអវកាសនេះ ពេលចុះមកដល់វិញនៅត្រឹមកម្ពស់ជាង៦គីឡូម៉ែត្រ ហើយទម្លាក់ខ្លួនមកដីដោយប្រើឆ័ត្រយោង។

    នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៦២ លោកស្រីត្រូវបានជ្រើសរើសជាមួយស្រ្តីបីនាក់ទៀត ដែលជាអ្នកលោតឆ័ត្រយោងដូចគ្នា និងស្រ្តីម្នាក់ទៀតដែលជាអ្នកបើកយន្តហោះ ដើម្បីចាប់ផ្តើមការហ្វឹកហាត់ឲ្យក្លាយទៅជាអវកាសយានិក។

    ក្នុងឆ្នាំ១៩៦៣ លោកស្រី Tereshkova ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងបេសកម្មមួយនៃកម្មវិធីយាន Vostok ដោយមានការប្រើប្រាស់ យានអវកាស Vostok 5 និង Vostok 6។ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៦៣ យាន Vostok 5 ត្រូវបានបាញ់បង្ហោះឡើងទៅកាន់ទីអវកាស ដោយមានអវកាសយានិកលោក វ៉ាឡឺរី ប៊ីកូវស្គី (Valeri Bykovsky) ជិះក្នុងនោះ។

    ខណៈលោក Bykovsky កំពុងបន្តដំណើរគោចរជុំវិញផែនដី លោកស្រី Tereshkova ក៏ត្រូវបានបញ្ជូនឡើងទៅកាន់ទីអវកាសថែមទៀត ដោយប្រើយាន Vostok 6 នៅថ្ងៃទី១៦ ខែមិថុនា គឺ២ថ្ងៃក្រោយលោក Bykovsky។ យានអវកាសទាំងពីរមានគន្លងធ្វើដំណើរផ្សេងៗពីគ្នា ប៉ុន្តែនៅត្រង់ចំណុចមួយ យានទាំងពីរបានមកស្ថិតនៅចម្ងាយជិត៥គីឡូម៉ែត្រពីគ្នា ដែលអាចអនុញ្ញាតឱ្យអវកាសយានិកទាំងពីររូបមានឱកាសភ្ជាប់ការទាក់ទងគ្នាបានមួយភ្លែត។

    យានអវកាសរបស់លោកស្រី Tereshkova ត្រូវបានដឹកនាំធ្វើដំណើរដោយប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ គឺលោកស្រីមិនបានបញ្ជាយានដោយ ផ្ទាល់ដៃទេ។ នៅថ្ងៃទី១៩ ខែមិថុនា គឺក្រោយចំណាយពេលជិត៣ថ្ងៃនៅក្នុងទីអវកាស យាន Vostok 6 បានចាប់ផ្តើមការត្រឡប់ចុះមក ផ្ទៃផែនដីវិញ។ លោកស្រី Tereshkova បានលោតឆ័ត្រចុះមកដល់ដីដោយសុវត្ថិភាព ក្រោយចាកចេញពីយាននៅកម្ពស់ជិត៧គីឡូម៉ែត្រ។ ចំណែកលោក Bykovsky ក៏បានចុះមកដោយសុវត្ថិភាពដែរ នៅប៉ុន្មានម៉ោងក្រោយមក។

    ក្រោយការធ្វើដំណើរជាប្រវត្តិសាស្រ្តនេះ លោកស្រី Valentina Tereshkova ទទួលបានពានរង្វាន់យ៉ាងខ្ពង់ខ្ពស់របស់ សហភាពសូវៀត។ នៅខែវិច្ឆិកា ឆ្នាំ១៩៦៣ លោកស្រីបានរៀបការជាមួយលោក អាន់ឌ្រាន នីកូឡាយេវ (Andrian Nikolayev) ដែលជាអវកាសយានិកដូចគ្នា។ យ៉ាងណាក្តី មិនយូរប៉ុន្មានក្រោយមក អ្នកទាំងពីររក៏បានចែកផ្លូវគ្នាដោយបន្សល់ទុកកូនស្រីម្នាក់។

    នៅឆ្នាំ១៩៦៦ លោកស្រី Tereshkova បានក្លាយជាសមាជិកសភារបស់សហភាពសូវៀត និងបានដើរតួនាទីជាអ្នកតំណាងរបស់សូវៀតប្រចាំអង្គការនិងព្រឹត្តិការណ៍អន្តរជាតិសម្រាប់ស្ត្រីជាច្រើនផងដែរ។ លោកស្រីមិនដែលធ្វើដំណើរទៅកាន់លំហអវកាសបន្តទៀតនោះឡើយ។ រហូតទាល់តែដល់ទសវត្សរ៍ឆ្នាំ១៩៨០ ទើបមានស្រ្តីអវកាសយានិកសូវៀតឡើងទៅកាន់ទីអវកាស ជាថ្មីម្តងទៀត។

    កាលពីឆ្នាំ១៩៥០ និង១៩៦០ សហរដ្ឋអាមេរិកបានពិនិត្យលើស្រ្តីអ្នកបើកយន្តហោះមួយក្រុមផងដែរ ក្រោមគោលដៅចង់បង្វឹកពួកគេឲ្យក្លាយជាអវកាសយានិក ប៉ុន្តែក្រោយមកក៏បានសម្រេចចិត្តកម្រិតនូវសកម្មភាពហ្វឹកហាត់អស់ទាំងនេះសម្រាប់តែបុរសប៉ុណ្ណោះវិញ។ ស្ត្រីជនជាតិអាមេរិកដំបូងបំផុតដែលបានធ្វើដំណើរទៅក្នុងទីលំហអវកាសនោះគឺ លោកស្រី សលលី រ៉ាយ (Sally Ride) ដែលមានតួនាទីជាអ្នកជំនាញបេសកកម្ម នៅលើជើងហោះហើររបស់យានអវកាស ឆាលែញចឺ (Challenger) កាលពីឆ្នាំ១៩៨៣៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ