• សមត្ថកិច្ច​ចាប់​ព្រឹកមិញ ដល់ល្ងាចឡើង ឃើញលក់សាច់​សត្វព្រៃវិញដដែល

    ស្ទឹងត្រែង​៖​គេ​សង្កេតឃើញថា​មុខរបរ​លក់ដូរ​សាច់សត្វ​ព្រៃ​ខុសច្បាប់ នៅតែ​ឃើញ​មាន​ដាក់​លក់ដូរ​រាល់ថ្ងៃ​នៅ​ផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង បើទោះបីជា​អាជ្ញាធរ​និង​ក្រុម​អភិរក្ស​សត្វព្រៃ​ចាប់​ជាច្រើនលើក​ក៏ដោយ ក៏​អ្នកលក់​មុខ​ដដែលៗ លក់​យ៉ាង​រំភើយ​។​

    បើ​យើង​ទៅ​មើល​ខាងកើត​ផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង ឃើញ​តូប​អ្នកលក់​នៅ​ទីនោះ​មាន​អ្នក​ដាក់លក់​សាច់សត្វ​ព្រៃ ដោយ​បើកចំហ​នៅលើ​រាន​តូច​មួយ ចំនួន​ពីរ​កន្លែង​។​

    អ្នកលក់​នៅក្បែរនោះ បាន​ប្រាប់​ឲ្យ​ដឹងថា អ្នកលក់​សាច់សត្វ​ព្រៃ គឺជា​មនុស្ស​ដដែលៗ ហើយ​សមត្ថកិច្ច​ក៏​ធ្លាប់បាន​បង្ក្រាប​ជាច្រើន​ដង​រួចមកហើយ តែ​ក្រោយមក​ក៏​ស្ងាត់​ទៅវិញ​។ ជាធម្មតា​សាច់សត្វ​ព្រៃ​ខុសច្បាប់ ដែល​និយម​ទទួលទាន​តែង​លក់​តាំងពីព្រឹក​រហូតដល់​ល្ងាច​។ សាច់​ងាប់​ដែល​គេ​ដាក់លក់​នោះ មាន​ច្រើន​មុខ​ដូចជា​សត្វ​ជ្រូកព្រៃ ឈ្លូស ប្រកួត អ​ន្ស​ង​ជាដើម​។​

    នៅក្នុង​ចំណោម​សាច់​ប្រភេទ​សត្វ​ខុសគ្នា​នោះ មានតម្លៃ​ថ្លៃ​ជាងគេ​ដែល​ហៅថា​ងៀត​ប្រើស​។ សាច់ជ្រូក​ព្រៃ​ស្រស់​ក្នុង​មួយ​គីឡូក្រាម​ចាប់ពី ២ ម៉ឺន​ទៅ ២​ម៉ឺន​៥​ពាន់​រៀល ហើយ​ងៀត​សាច់​ប្រើស គឺមាន​តម្លៃ​ថ្លៃ​ជាងគេ​។​
    អ្នកលក់ដូរ​ក្បែរ​នោះ បាន​ប្រាប់ទៀតថា សាច់សត្វ​ទាំងអស់នោះ គឺ​គេ​ដឹក​មកពី​តាម​ភូមិ​ដាច់ស្រយាល តែ​ព្រានព្រៃ​ដាក់​អន្ទាក់​និង​ប្រើ​ឧបករណ៍​ឆក់​ខ្សែភ្លើង ជាមួយ​អាគុយ​។ អ្នកលក់​សាច់សត្វ​ព្រៃ​ឆ្លាត​ណាស់ ដាក់លក់​មិន​ច្រើន​ប៉ុន្មាន​ទេ​។ បើ​នៅផ្ទះ​វិញ គេ​ទុកដាក់​ធុង​ត្រាំ​ទឹកកក ទាំងមូល​រាប់សិប​គីឡូក្រាម​។​

    មានការ​លើកឡើងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ រួមទាំង​អង្គការ​អភិរក្ស​សត្វព្រៃ ទទួលខុសត្រូវ​មិនសូវ​ឃើញ​ចេញមុខ​ចុះបង្ក្រាប​ឡើយ​។ ពេលខ្លះ​បង្ក្រាប​ពេលព្រឹក ពេល​ល្ងាច​មាន​ដាក់លក់​នៅ​កន្លែង​ដដែល ហាក់បីដូចជា​មិន​ខ្លាចញញើត​សមត្ថកិច្ច​ទាល់តែសោះ​។ ក៏ប៉ុន្តែ​គេ​ឆ្ងល់​ថា​ហេតុអ្វី​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ មិនសូវ​ឃើញ​មុខ​ចុះបង្ក្រាប ឬមួយ​ក៏​មន្ត្រី​ទាំងនោះ ទទួលផល​ប្រយោជន៍​ពី​អ្នកលក់​ទេ​ដឹង​?៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ